មនុស្សជាង ២៥០ នាក់ត្រូវបានគេចាប់ខ្លួន ខណៈពួកគេបានចេញមកតាមដងផ្លូវធ្វើបាតុកម្មនៅក្នុងទីក្រុងប្រមាណជិត ៨០ នៅទូទាំងប្រទេសរុស្ស៊ី ដើម្បីគាំទ្រមេដឹកនាំបក្សប្រឆាំងលោក អាឡិចស៊ី ណាវ៉ានី(Alexei Navalny) ។
ពួកបាតុករបានទាមទារឱ្យលោក Alexei Navalny អាចត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតប្រធា នាធិបតីឆ្នាំ ២០១៨ ។
ការទាមទារនេះបានបង្កឱ្យមានការប៉ះទង្គិចគ្នា ហើយឈានដល់ការចាប់ខ្លួនមនុស្សរាប់សិបនាក់នៅលើ វិថីភីធឺប៊ឺក (Petersburg)។
ការប្រមូលផ្តុំគ្នាតវ៉ានេះ ក៏ស្របគ្នានឹងថ្ងៃកំណើតគម្រប់ ៦៥ឆ្នាំ របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរពូទីន ផងដែរ។ នៅរាល់ថ្ងៃខួបកំណើតលោក ពូទីន អាជ្ញាធររដ្ឋបានហាមមិនឱ្យមានការប្រមូលផ្តុំឡើយពិសេសនៅក្រុង មូស្គូ និងក្រុង ភីធឺប៊ឺក។
លោក Navalny បច្ចុប្បន្នកំពុងជាប់ពន្ធនាគារអស់រយៈ ២០ ថ្ងៃហើយ ដោយសារតែបំពានច្បាប់ម្តងហើយម្តងទៀត លើការរៀបចំការប្រជុំជាសាធារណៈ។ ហើយនេះក៏ជាលើកទីបីផងដែរ ដែលលោក Navalny ត្រូវជាប់គុក។
មន្រ្តីរៀបចំការបោះឆ្នោតរបស់រុស្ស៊ីនិយាយថា លោក Navalny មិនអាចឈរឈ្មោះក្នុងការបោះឆ្នោតខែមីនា បានទេ ដោយសារមានការព្យួរទោសដាច់ដោយឡែកមួយ។
នៅប៉ុន្មានខែថ្មីៗនេះលោក Navalny បានធ្វើដំណើរឆ្លងកាត់ប្រទេសរុស្ស៊ី ក្នុងគោលបំណងដើម្បីជំរុញយុទ្ធនាការបោះឆ្នោតជាបណ្តោះអាសន្នមួយ៕ប្រភពBBC