នៅទីបំផុតបុរសខ្លាំងនៅវេណេហ្សូអេឡា នីកូឡាសម៉ាដូរ៉ូបានរត់ទៅពឹងពាក់មេដឹកនាំរុស្ស៊ីឱ្យ ជួយដោះបំណុលរាប់ពាន់លានដុល្លារអាមេរិកដែលខ្លួនកំពុងវ័ណ្ដក។ គោលបំណងរបស់ លោកម៉ាដូរ៉ូ ទៅជួបបុរសខ្លាំង ផ្លាឌីមៀរពូទីន ដូចគ្នានេះ គឺម្យ៉ាងទៀតចង់ឱ្យក្រុងម៉ូស្គូ គាំទ្រការដឹកនាំ របស់លោក ដើម្បីទប់ទល់ជាមួយអាមេរិកដែលប៉ងផ្ដួលរំលំលោកពីអំណាច។ ផែនការដោះបំណុលដំបូងដែលលោកម៉ាដូរ៉ូ ពឹងពាក់មេដឹកនាំរុស្ស៊ី គឺ មាន ៣ពាន់ ៥០០លាន ដុល្លារ ក្នុង បំណុលសរុប ជាង៦ពាន់លានដុល្លារ។
តើរឿងនេះគេ អាចនិយាយបានថា បុរសខ្លាំងវេណេហ្សូអេឡាចង់លក់ប្រទេសឱ្យរុស្ស៊ីក្រោមបំណុលរាប់ពានលានដុល្លារជាមួយនឹងការពង្រឹងការកាន់អំណាច ទៅមុខទៀត មែនឬ? សូមស្ដាប់ បទអត្ថាធិប្បាយ របស់លោក នួន បូរិន ដូចតទៅ៖
កាលណានិយាយអំពីបំណុល គឺវិលមុខនិងឈឺក្បាល។ បំណុលតូចមួយ អាចសងគេបានតែ បើបំណុលឡើងដល់ដំបូលផ្ទះហើយនោះគឺមានតែ លក់ផ្ទះនោះ ឱ្យ ម្ចាស់បំណុល ឬ អ្នកណាដែលមានលទ្ធភាពទិញ។ នេះជារឿងធម្មជាតិរបស់មនុស្សលោកនាសម័យទំនើបនេះ។ ជំពាក់បំណុលគេ វ័ណ្ដក ហើយកូនឈឺទៀត គឺអាសន្នហើយ។
ករណីនេះ ទំនងដូចគ្នា នឹងប្រទេសវេណហ្សូអេឡា ដែលកំពុងធ្លាក់ ចូលក្នុង វិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធ្ងរ។ ដោយសារចង់ដោះបំណុលផងនិងចង់ឱ្យរុស្ស៊ីទទួលទិញប្រេងឆៅ ជំនួសអាមេរិកផង លោកប្រធានាធិបតី នីកូឡាម៉ាដូរ៉ូ នៃប្រទេសវេណហ្សូអេឡា បានបញ្ចុះបញ្ចូល មេដឹកនាំរុស្ស៊ី ផ្លាឌីមៀរពូទីន ឱ្យទិញប្រេងហើយ ជួយដោះបំណុល ៣ពាន់ ៥រយលានដុល្លារអាមេរិកជាដំណាក់កាលដំបូងសិន ដែលជាការដោះដូរទំនិញអាវុធពីរុស្ស៊ី។ ជំនួបរវាងលោក ម៉ាដូរ៉ូ និង ពូទីន កាលពីថ្ងៃទី៤ តុលា នៅក្រុងម៉ូស្គូ នាំឱ្យមានការវិភាគពីដំណើរនៃការដាក់ប្រទេសលក់ ទៅឱ្យរុស្ស៊ី ជាថ្នូរនឹងការស្ដារសេដ្ឋកិច្ចនិង គាំទ្រនយោបាយរបស់បុរសខ្លាំងវេណេហ្សូអេឡារូបនេះ។
តើដំណើរដើមទងយ៉ាងដូចម្ដេចបានជាវិបត្តិនៅវេណេហ្សូឡាធ្លាក់ដល់កម្រិតធ្ងន់ធ្ងរដូចនេះ?
ប្រទេសផលិតប្រេងដ៏ធំរបស់ពិភលោកនេះ បានរអិលធ្លាក់ ចូលក្នុងវិបត្តិនយោបាយនិងសេដ្ឋកិច្ច គឺចាប់តាំងពីខែមេសា ហើយកាន់តែធ្ងន់ធ្ងរទៀតនោះ ដោយសារប្រធានាធិបតី ម៉ាដូរ៉ូ បានបង្កើតព្រឹត្តិការណ៍ដោយឯកតោភាគី គឺការបោះឆ្នោតសភាធម្មនុញ្ញ ក្រោមលេសមួយ រំលាយសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង។ ផែនការនេះ នរណាក៏ដឹងដែរគឺលោកម៉ាដូរ៉ូ ព្យាយាមពង្រីកអំណាចរបស់លោក ដោយមិនឱ្យមានការបោះឆ្នោតនៅឆ្នាំក្រោយនេះ។
វិបត្តិនយោបាយនេះ ក៏កើតមកពី វិបត្តិសេដ្ឋកិច្ច ផងដែរ ដែលជាដើមចម ធ្វើឱ្យប្រទេសនេះ ជួបឱនភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយទាញឱ្យមាន វិបត្តិស្ទើរគ្រប់ផ្នែកទាំងអស់ នៃសង្គមរបស់ប្រទេស ។ វិបត្តិស្បៀងអាហារ ថ្នាំពេទ្យ ការអត់ការងារធ្វើ និងអំពើពុករលួយ ក្នុងស្ថាប័នរដ្ឋនាំឱ្យបក្សប្រឆាំង ទាមទារ ឱ្យលោកម៉ាដូរ៉ូ ចុះចេញពីតំណែង ឬ ត្រូវរៀបចំបោះឆ្នោត ប្រធានាធិបតី មុនអាណត្តិ តែលោក ម៉ាដូរ៉ូ បដិសេធ។ សម្ពាធកាន់តែខ្លាំងឡើងពីក្រុមប្រឆាំង បាននាំឱ្យ ប្រធានាធិបតី រូបនេះ ខឹងសម្បារយ៉ាងខ្លាំងហើយ បង្គាប់ឱ្យគណៈកម្មការរៀបចំបោះឆ្នោត រៀបចំបោះឆ្នោត សភាធម្មនុញ្ញ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៨ សីហា ប៉ុន្តែ ព្រឹត្តិការណ៍នោះ មិនមានការចូលរួមពីបេក្ខជនមកពីគណបក្សប្រឆាំងនោះទេ។ ក្នុងថៃ្ងបោះឆ្នោតនោះ គេ ឃើញ មានផ្ទុះបាតុកម្ម និង កុបកម្ម ទូទាំងប្រទេសប្រឆាំងការបោះឆ្នោត និងលទ្ធផលបោះឆ្នោត។ តែជា អកុសល ក្រុមតវ៉ា រងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ រហូតមានអ្នកស្លាប់ ជាច្រើនសិបនាក់ ។
លទ្ធផលបោះឆ្នោតមិនត្រូវបានទទួលស្គាល់ពីសហគមន៍អន្តរជាតិឡើយ
សហរដ្ឋអាមេរិក រួមនឹងប្រទេសក្នុងសហភាពអឺរ៉ុប ប្រទេសជិតខាង វេណេហ្សូអេឡា ទាំងអស់បានចាត់ទុកលទ្ធផលបោះឆ្នោតជាអំពើក្បត់ឆន្ទៈរបស់ប្រជាជន។
ករណីនេះ សហរដ្ឋអាមេរិក និងប្រទេស ៨ទៀត រួមមានប្រទេសកាណាដា បានដាក់ទណ្ឌកម្ម ហិរញ្ញវត្ថុលើ ថ្នាក់ដឹកនាំវេណេហ្សូអេឡាដែលជាជំហានដំបូង។ តែសម្រាប់អាមេរិក ដែលទិញប្រេងឆៅពី វេណេហ្សូអេឡា មួយថ្ងៃៗ ៧០០ពានបារ៉ែលបាន ព្រមានថា នឹងលែងទិញបើ ប្រទេសនេះមិនអាចវិលត្រឡប់មករក លទ្ធិប្រជាធិបតេយ្យឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុងវ៉ាស៊ីនតោន ព្រមានប្រើយោធា អន្តរាគមន៍ បើប្រទេសនេះនៅតែមិនដោះលែង ក្រុមគណបក្ស ប្រឆាំងឱ្យមានសេរីភាពឡើងវិញ។ ទំនងមានការភ័យខ្លាចដូចនេះហើយមើលទៅ បានជាលោក ម៉ាដូរ៉ូ រត់ពឹងពាក់រុស្ស៊ី ឱ្យជួយការពារខ្លួន និងជួយ ដោះបំណុល ដែលវ័ណ្ឌកហើយនោះ។
ទំនាក់ទំនងរុស្ស៊ី-វេណេហ្សូអេឡា
អតីតប្រធានាធិបតី វេណេហ្សូអេឡា ដែលតាំងចិត្តជាអ្នកប្រយុទ្ធដើម្បីសេរីភាព បានចាត់ទុកអាមេរិក ជាសត្រូវទី១ របស់ខ្លួន។ នៅពេលខ្លួនមានជម្លោះជាមួយអាមេរិក គឺរុស្ស៊ី ដែលដឹកនាំដោយបុរសខ្លាំង ពូទីន បានឱបក្រសោប ប្រធានាធិបតី ហុងហ្គូឆាវេស ដោយរាប់អានគ្នាជាមិត្តជិតស្និទ្ធ ទោះបីរំលងទ្វីបក៏ដោយ ។ លោកឆាវេសបានស្លាប់ នៅឆ្នាំ២០១៣ ដោយបន្សល់ទុកកេរ្តិ៍ដំណែលផ្ដាច់ការ ជាច្រើនដល់អនុប្រធានាធិបតីរបស់ខ្លួនគឺលោក ម៉ាដូរ៉េ ដែលឡើងកាន់តំណែងជំនួស។ លោក ម៉ាដូរ៉ូ បានស្នងតំណែងទាំងប្រធានាធិបតីផង និង ជាប្រធានគណបក្សសង្គមនិយមផង។
ភាពស្និទ្ធសា្នលរបស់លោក ម៉ាដូរ៉ូ ជាមួយ មេដឹកនាំរុស្ស៊ី ហាក់ថយបន្តិចបន្ទាប់ពីលោក ឆាវេស ទទួលមរណភាព។ តែនៅពេលអាមេរិក ដាក់ទណ្ឌកម្ម ហិរញ្ញវត្ថុ លើថា្នក់ដឹកនាំរបស់លោក និងរូបលោកផ្ទាល់ លោកម៉ាដូរ៉ូ ក៏ស្រវាឱបលោក ពូទីនគឺឱ្យដូចអតីតមេដឹកនាំរបស់លោក។ ដោយសាររឿងនេះលោក ម៉ាដូរ៉ូ សម្រេចចាកចេញពីប្រទេស ដោយ ភាពភ័យខ្លាចពីការធ្វើរដ្ឋប្រហារ ដោយទៅជូបប្រធានាធិបតីរុស្ស៊ី គឺលោក ពូទីន។ ក្នុងជំនួបនៅវិមានក្រឹមឡាំង លោក ម៉ាដូរ៉ូ បានសម្ដែងអរគុណលោក ពូទីន យ៉ាងខ្លាំង ដែលបានសន្យាជួយស្ដារសេដ្ឋកិច្ច និង ជួយទប់ស្ថិរភាពនយោបាយ និងអំណាចរបស់លោក ។ តែក្នុងជំនួបនោះ មេដឹកនាំវេណេហ្សូអេឡារូបនេះ បានសន្យាទិញ អាវុធទំនើបៗជាច្រើនពីរុស្ស៊ី គឺសុំឱ្យ រុស្ស៊ីជួយដោះបំណុលមួយចំនួន។ ក្នុងនោះលោកសុំឱ្យរុស្ស៊ីជួយទិញប្រេងឆៅ ពីប្រទេសលោកឱ្យបានច្រើនបំផុតទោះបីក្រុមហ៊ុនរុស្ស៊ី Rosneft មានភាគហ៊ុនក្នុងផលិតផលប្រេង ជាមួយវេណេហ្សូអេឡាក័ដោយ។
តើរុស្ស៊ីអាចទិញប្រេងឆៅពីវេណេហ្សូអេឡាបានកម្រិតណាបើខ្លួនជាប្រភពនៃការផលិតឧស្ម័ន ហើយកំពុងរងការដាក់ទណ្ឌកម្មដែរនោះ?
រឿងនេះហើយមើលទៅ ដែលលោក ម៉ាដូរ៉ូ ត្រូវរត់ពឹងប្រទេសមួយចំនួនទៀតនៅអឺរ៉ុបខាងកើតឱ្យជួយទិញប្រេងឆៅរបស់ខ្លួន។ លោកបានចេញពីម៉ូស្គូទៅ ប្រទេសបេឡារ៉ុស និងតួកគី ដែលនៅទីនោះ លោកបញ្ចុះបញ្ជូលមេដឹកនាំប្រទេសទាំងនេះជួយ ស្ដារសេដ្ឋកិច្ចប្រទេសរបស់លោក ដោយជួយទិញប្រេងតែហាក់មិនទាន់ទទួលបាន ការសន្យាជាក់លាក់នៅឡើយ។ នៅចំពោះមុខ អ្នកសារព័ត៌មាន គឺបន្ទាប់ពីចេញពីជំនួបជាមួយលោកពូទីន នៅវិមានក្រឹមឡាំង លោក ម៉ាដូរ៉ូ ដែលមើលទៅអះអាងដោយខ្លួនឯងនោះបាន និយាយថា លោកមានជំនឿចិត្តថា រុស្ស៊ី នឹង ផ្ដល់ជំនួយជាបន្ទាន់ដើម្បីជួយសា្ដរសេដ្ឋកិច្ចប្រទេសរបស់លោក ហើយ រុស្ស៊ី នឹងជួយទប់ទល់សម្ពាធពីរដ្ឋការរបស់លោកដូណាល់ត្រាំទៀតផង។
ជារួមទៅ គេសង្កេតឃើញបុរសខ្លាំងណាដែលប្រឈមមុខនឹងការបាត់បង់អំណាច ឬចុះខ្សោយការគាំទ្រពីប្រជាជនរបស់ខ្លួន គឺមេដឹកនាំនោះ ត្រូវហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បី បក្សពួកខ្លួន និងខ្លួនគេផ្ទាល់ បានបន្តកាន់អំណាចទៀត ទោះខ្លួនដឹកនាំប្រទេសធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច ឬ វិបត្តិសង្គម ក៏ដោយ ដូចជាលោកនីកូឡាសម៉ាដូរ៉ូប្រធានាធិបតីវេណេហ្សូអេឡាជាដើមនេះ៕