ភ្នំពេញ ៖ ស្ដ្រី គ-ថ្លង់ ភាគច្រើននៅជនបទងាយប្រឈមនឹងការរំលោភបំពានផ្លូវភេទ ខណៈស្ដ្រីទាំងនោះមិនអាចស្វែងរកជំនួយពីគ្រួសារ ឬអាជ្ញាធរមូលដ្ឋានរបស់ពួកគេ។ ករណីនេះសង្គមស៊ីវិលដែលធ្វើការងារគាំពារដល់ជនពិការ គ-ថ្លង់ អំពាវនាវសុំឲ្យអាជ្ញាធរជួយជនពិការដោយកុំមានការរើសអើង។ លោក លៀ ស៊ីណា រាយការណ៍៖

ប្រទេសកម្ពុជាមានជនពិការប្រមាណជាង ៥២ម៉ឺននាក់ ស្នើនិង ៤ភាគរយ នៃចំនួនប្រជាជនសរុប។ ក្នុងនោះអត្រាមនុស្ស គ-ថ្លង់ មានចំនួនជាង ៤ម៉ឺននាក់ ដែលស្មើនឹង ១៤.៤២ភាគរយ នៃចំនួនជនពិការសរុប។ នេះបើយោងតាមការធ្វើអង្កេតសេដ្ឋកិច្ច និងសង្គម របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការកាលពីឆ្នាំ២០១៤។
តាមស្ថិតិរកឃើញនេះ គឺមានជនពិការនៅកម្ពុជាប្រមាណតែ ១៧៥០នាក់ដែលចេះប្រើប្រាស់ភាសារសញ្ញា ដែលជាភាសាចម្បងតែមួយគត់សម្រាប់មនុស្ស គ-ថ្លង់ ទាក់ទងគ្នា ស្វែងរកព័ត៌មាន និងរកជំនួយខណៈពួកគេមានបញ្ហា។
ព្រោះតែជនពិការនៅកម្ពុជាមានចំនួនតិចតូចដែលចេះប្រើភាសាសញ្ញាដើម្បីទាក់ទាងគ្នាដូចនេះ ទើបធ្វើឲ្យជនពិការ គ-ថ្លង់ ដែលជាស្ដ្រីភា គច្រើននៅជនបទទទួលរងការរំលោភបំពានផ្លូវភេទ ហើយត្រូវជនល្មើសបំបិទព័ត៌មាន។

កញ្ញា ហ៊ាង ស្រីទូច អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្ដកំពង់ចាម។ ចប្ចុប្បន្ននាងជាបុគ្គលិកនៅអង្គការកម្មវិធីអភិវរឌ្ឍន៍មនុស្សថ្លង់ ហៅកាត់ថា ម៉ារីណុល។ ស្ដ្រី គ-ថ្លង់ រូបនេះ បានប្រាប់អ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែភាសាសញ្ញាថា នាងបានចុះទៅដល់ខេត្ដបាត់ដំបង និងខេត្ដកំពង់ចាម ដើម្បីស្រាវជ្រាវស្វែងរកមនុស្ស គ-ថ្លង់ ជាពិសេសគឺស្ដ្រី ។ ក្រោយពេលដែលកញ្ញា បានទៅដល់ខេត្ដទាំងពីរនោះ នាងដឹងរឿងជាច្រើន ស្ដីពីស្ដ្រី គ-ថ្លង់ ដែលត្រូវបានជនខិលខូចចាប់រំលោភ ហើយបំបិទព័ត៌មាន។ កញ្ញា ហ៊ាង ស្រីទូច ៖«ស្ដ្រីថ្លង់ នៅតាមបណ្ដាខេត្ដហ្នឹងគឺជួបនឹងការរំលោភផ្លូវភេទហ្នឹងច្រើន ដោយសារគាត់អត់មានការអប់រំ ហើយពួកគាត់អត់ដឹងឮ ព័ត៌មានអីដើម្បីការពារខ្លួន ដូច្នេះពួកគាត់ជួបបញ្ហាច្រើននៅពេលពួកគាត់ទៅស្រែ ទៅកន្លែងស្ងាត់ គឺមានជនខិលខូច ពិសេសបុរសៗ ធ្វើបាបហើយបំបិទព័ត៌មានដោយសារពួកគាត់ហ្នឹងអត់ចេះនិយាយ»។
តាមការយល់ឃើញរបស់កញ្ញា ហ៊ាង ស្រីទូច ការរើសអើសលើស្ដ្រី គ-ថ្លង់ គឺជាមូលហេតុមួយ ដែលបើកឱកាសឲ្យជនខិលខូចហ៊ានធ្វើសកម្មភាពចាប់រំលោភស្ដ្រី គ-ថ្លង់ ។ ត្រង់ចំណុចនេះកញ្ញាសំណូមពរដល់អាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យជួយផ្ដល់ការយកចិត្ដទុកឲ្យបានខ្លាំងដល់ជនពិការ គ-ថ្លង់ ជាពិសេសស្ដ្រី។ លើសពីនេះនាងចង់ឲ្យរាជរដ្ឋាភិបាលបង្កើនការបង្រៀនភាសាសញ្ញាតាមមូលដ្ឋាន និងបង្កើនការបកប្រែភាសាសញ្ញា ឲ្យបានកាន់តែច្រើននៅលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីជាការផ្ដល់ព័ត៌មានដល់មនុស្ស គ-ថ្លង់ ជុំវិញកិច្ចការនានាក្នុងសង្គម។ កញ្ញា ហ៊ាង ស្រីទូច ៖«សម្រាប់ការស្នើសុំរបស់ខ្ញុំទៅកាន់រដ្ឋាភិបាលយើងគឺខ្ញុំចង់សុំបន្ថែមការបកប្រែភាសាសញ្ញាឲ្យកាន់តែច្រើននៅតាមបណ្ដាទូរទស្សន៍ផ្សេងៗ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ពីព្រោះវាមានសារៈសំខាន់សម្រាប់ពួកខ្ញុំជាមនុស្សថ្លង់ ក្នុងការមើលព័ត៌មានពីអ្នកបកប្រែនៅក្នុងកញ្ចក់ទូរទស្សន៍មួយជ្រុង ហើយបន្ថែមការបង្រៀន បានន័យថា យកចិត្ដទុកដាក់លើប្រព័ន្ធអប់រំមនុស្សថ្លង់ឲ្យបានកាន់តែខ្លាំង»។

ជុំវិញរឿងនេះកញ្ញ ស្រី ស៊ីថា វ័យ ២៨ឆ្នាំ ជាជនពិការជើងទាំងសងខាង នាងបង្ហាញទស្សនរបស់នាងថា ក្រៅតែពីស្ដ្រី គ-ថ្លង់ មិនបានសិក្សា មិនបានដឹងពីព័ត៌មានសង្គម និងវិធីការពារខ្លួនហើយនោះគឺស្រានិងគ្រឿងញៀនក៏ជាមូលហេតុមួយដែលនាំឲ្យជនល្មើសហ៊ានធ្វើសកម្មភាពចាប់រំលោភស្ដ្រី គ-ថ្លង់ ។ ករណីនេះនាងគិតថា បានកើតឡើងនៅតាមបណ្ដាខេត្ដច្រើនជាងទីក្រុង ដោយសារផ្ទះនៅទីជនបទគឺដាច់ឆ្ងាយពីគ្នា។ កញ្ញា ស្រី ស៊ីថា ៖«តាមខេត្ដច្រើនជាងតាមទីក្រុងភ្នំពេញ តាមខេត្ដភាគច្រើនផ្ទះដាច់ស្រយាល ហើយមានព្រៃមានអីមានអញ្ចឹង ហើយសម្បូរអ្នកដែលគាត់ញៀននិងស្រា និងគ្រឿងញៀនអីអញ្ចឹង ដល់អញ្ចឹងធ្វើឲ្យពួកគាត់មានឱកាសច្រើនដើម្បីធ្វើការចាប់បង្ខំ»។
កញ្ញា សំណូមពរដល់រាជរដ្ឋាភិបាលឱ្យធ្វើស្ថិតិស្ដ្រីជនពិការ និងផ្ដល់ការគាំពារដល់ពួកគាត់ដើម្បីគេចផុតពីការរំលោភបំពានផ្សេងៗ។

ទាន់ទិនករណីនេះនាយិកាសាលាកុមារពិការភ្នែក និងកុមារ គ ថ្លង់ ហៅកាត់ថា អង្គការគ្រួសារថ្មី ទទួលស្គាល់ថា ការចាប់រំលោភស្ដ្រី គ ថ្លង់ នៅតាមបណ្ដាខេត្ដពិតជាមាន បើទោះបីជានាយិការូបនេះមិនធ្លាប់ទទួលព័ត៌មានដោយផ្ទាល់ក្ដី។
អ្នកគ្រូ នាង ផល្លា នាយិកាអង្គការគ្រួសារថ្មី បានអំពាវនាវដល់ជ្ញាធរមូលដ្ឋាន ជួយដល់ជនពិការដែលជួបបញ្ហាពិសេសស្ដ្រីដែលទទួលរងការរំលោភបំពានផ្លូវភេទ។ លើសពីនេះអ្នកគ្រូក៏សំណូមពរដល់ជនពិការខ្លួនឯងផ្ទាល់ គឺក្នុងករណីជួបប្រទះការរំលោភបំពានណាមួយត្រូវតែរូសរាន់ផ្ដល់ព័ត៌មានដល់ក្រុមគ្រួសារ ឬក៏ទៅស្វែងរកអន្ដរាគមន៍ពីអាជ្ញាធរដោយកុំខ្លាចអ្វីទាំងអស់។ អ្នកគ្រូ នាង ផល្លា ៖«សំណូមពរដល់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមូលដ្ឋានផ្ទាល់តែម្ដង ពេលដែលមានជនពិការរត់ទៅរកឲ្យជួយសូមជួយដល់ពួកគាត់ផង ព្រោះពួកគេក៏ជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់ដែរ»។
ថ្លែងក្នុងទិវាមនុស្ស គ-ថ្លង់ ពិភពលោកកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ទទួលស្គាល់ថា ជនពិការ ពិតជានៅតែជួបឧបសគ្គជាច្រើនទៀត ដែលរាជរដ្ឋាភិបាលត្រូវដោះស្រាយ។ លោករដ្ឋមន្ដ្រីបានស្នើដល់គ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ធ្វើយ៉ាងណាបង្កលក្ខខណ្ឌសមស្របដើម្បីជួយដល់ជនពិការ។ លោក វង សូត ៖«ស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ រួមគ្នាឲ្យមានលក្ខខណ្ឌសមស្របសម្រាប់ជនពិការ លុបបំបាត់អាកប្បកិរិយារើសអើង មើលងាយជនពិការ តែត្រូវចាត់ទុកជនពិការជាកោសិកាដ៏មានសក្ដានុពលភាពមួយក្នុងការអភិវឌ្ឍន៍សង្គមជាតិ»។

តាមរបាយការណ៍ដែលដាក់បង្ហាញក្នុងទិវាមនុស្ស គ-ថ្លង់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។ ឆ្នាំសិក្សា ២០១៦-២០១៧ របស់ក្រសួងអប់រំ និងអង្គការគ្រួសារថ្មី ការបណ្ដុះបណ្ដាលមនុស្សថ្លង់ កុមារ គ-ថ្លង់ បានចំនួន ៤៩០នាក់ ដោយពួកគេកំពុងសិក្សានៅថ្នាក់សមាហរណកម្ម និងកម្រិតបឋមសិក្សា។ ក្នុងនោះសិស្ស គ-ថ្លង់ ចំនួន ៩៣នាក់ កំពុងសិក្សានៅកម្រិត អនុវិទ្យាល័យ និងយុវជន គ-ថ្លង់ ចំនួន ៤៧នាក់ កំពុងសិក្សានៅកម្រិតវិទ្យាល័យ។ បន្ថែមលើនេះ និស្សិត គ-ថ្លង់ ចំនួន ៣៧នាក់ កំពុងសិក្សាក្នុងថ្នាក់មហាវិទ្យាល័យ ហើយបានបញ្ចប់ការសិក្សា កម្រិតថ្នាក់បរិញ្ញាបត្រ ចំនួន ០៤រូប៕