en     km
en     km

អត្រាអ្នកចុះឈ្មោះបោះឆ្នោតនៅខេត្តស្វាយរៀងដល់ទៅ១០៣% ជាចំនួនច្រើនលើសលប់

Share

ក្រុងភ្នំពេញ​៖ លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា អ្នកចុះឈ្មោះបោះឆ្នោតលើបញ្ជីបច្ចុប្បន្នឆ្នាំ២០១៧នេះគឺខេត្តស្វាយរៀងមានចុះឈ្មោះច្រើនលើសលប់រហូតដល់ទៅ ១០៣ភាគរយ​ ខណៈ ខេត្តផ្សេងទទួលបានភាគរយតិចតួចយ៉ាងខ្លាំង។ អត្រាដ៏ច្រើនលើសលុបបាននាំឱ្យមានការចោទសួរដេញយ៉ាងខ្លាំងពីសំណា​ក់ នាយកប្រតិបត្តិ អង្គការ​ខុមហ្វ្រែល។

លោក​ សេរីវឌ្ឍនៈ​ រាយការណ៍៖

នៅក្នុងពិធីកិច្ចពិភាក្សាតុមូល ស្តីពីការចូលរួមក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនិងការបោះឆ្នោត ឆ្នាំ ២០១៧ នៅព្រឹកថ្ងៃទី ០៤ ខែតុលានេះ ដែលចាត់ចែងរៀបចំដោយ អង្គការឃ្លាំមើលការបោះឆ្នោតអង្គការ​ខុមហ្វ្រែលលោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គណ:កម្មការជាតិរៀបចំការបោះឆ្នោត បានលើកឡើងអំពី អត្រាបញ្ជីចុះឈ្មោះបោះឆ្នោត ។

លោកបាន បញ្ជាក់ថា ខេត្តស្វាយរៀងទទួលបានអ្នកចុះឈ្មោះបោះឆ្នោតបាន ១០៣ភាគរយ ដែលជាចំនួនមួយដ៏ច្រើនលើសលប់ ខណៈ នៅទូទាំងប្រទេសទទួលបានតែ ១៧ភាគរយនៃចំនួនសរុបប៉ុណ្ណោះ។

របាយការណ៍របស់ គ.ជ.ប បានលើកឡើងថាមានចំនួនលើសពី១០០ភាគរយនេះបានធ្វើឱ្យមានចោទសួរដេញដោលជាខ្លាំងលោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​បាន​សួរសំនួរទៅកាន់ លោក ម៉ៅ សុភារិទ្ធ ថាមូលហេតុអ្វីទើបធ្វើឲ្យខេត្តស្វាយរៀងមានចំនួន អ្នកចុះឈ្មោះបោះឆ្នោតច្រើនជាងខេត្តដទៃទៀតឬក៏ជាកំហុសបចេ្ចកទេសនៃការបូកសរុបរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។

លោកគល់បញ្ញា បាន ចោទសួរដូចនេះ៖  ឥឡូវយើងរកឃើញថា អ្នកចុះឈ្មោះបោះឆ្នោតវាលើស១០០% អញ្ជឹងយើងសួរសំនួរថាហេតុអ្វីបានវាលើសដល់១០០ភាគរយ ហើយបើខេត្តខ្លះទើបបាន៧ ទៅ ៨ %អីនឹង? ហើយបើគិតជាភាគរយនៃផ្ទៃប្រទេសទើបបាន ១៧ ភាគរយហ្នឹង!?

ឆ្លើយតបការចោទសួរនេះ លោក ម៉ៅ សុភារិទ្ធ បាន បន្តពន្យល់ទៀតថា ការស្រង់ទិន្នន័យនៃបញ្ជីអ្នករស់នៅខេត្តស្វាយរៀងនេះ គឺជាការស្រង់ពីរបាយការណ៍របស់ មេប៉ុស្តិ មេឃុំ-សង្កាត់ ហើយនិងទិន្នន័យរបស់ក្រសួងផែនការ។ ទិន្នន័យទាំងបីនេះគឺជាមូលដ្ឋានក្នុងការប៉ាន់ស្មានភាគរយនៃអ្នកទៅចុះឈ្មោះបោះឆ្នោត។ លោកបានបញ្ជាក់ថា ការដែលមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតលើសពីចំនួនប្រជាជនដែលរស់នៅអចិន្ត្រិយ៏នេះ អាចប្រហែលថា ខេត្តស្វាយរៀងគឺជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចមានអ្នកចំណូលថ្មីច្រើន។

លោក ម៉ៅ សុភារិទ្ធ៖ អញ្ជឹងប្រជាពលរដ្ឋយើងអាចមានការចល័ត ចល័តពីកន្លែងមួយទៅកន្លែងមួយ អញ្ជឹងទិន្នន័យនេះវាអាចមានការប្រែប្រួល ទៅតាមកាលៈទេសៈ ឬ ការចល័តរបស់ប្រជាពលរដ្ឋធ្វើឲ្យការប៉ាន់ស្មានមិនមានភាព សុក្រិតថាត្រឹមត្រូវទាំងអស់ឬប៉ុន្មាន។

របាយការណ៍របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត បានបង្ហាញថា ខេត្តស្វាយរៀង គឺជាខេត្តដែលទទួលបានអ្នកចុះឈ្មោះដល់ច្រើនលើសលុប គឺ ១០៣ % ចំណែកខេត្ត រតនៈគីរី ទទួលបាន ៧៥ ភាគរយ នឹង ខេត្តត្បូងឃ្មុំទទួលបាន ៣៥%។

របាយការណ៍ដដែលនេះក៏បានបង្ហាញថាប្រជាជនជាង ២៨ម៉ឺន ៨ពាន់ ៨២៤ នាក់ បានចុះបញ្ជីបោះឆ្នោតនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី ០១ ខែ កញ្ញា រហូតដល់ថ្ងៃ​ទី ០៤ តុលា ឆ្នាំ​២០១៧ នេះ។ តាមរបាយការណ៍របស់គជប អ្នកចុះឈ្មោះបញ្ជីបោះឆ្នោតថ្មីរហូតទៅដល់ ១ លាន ៦ សែននាក់នៅឆ្នាំ២០១៧នេះ។

តែសូមជម្រាបថាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

 

Share

ព័ត៌មានទាក់ទង

Image