en     km
en     km

មន្ត្រីអប់រំថា សិស្សស្រីមានភាពសកម្មជាងសម័យមុនក្នុងវិស័យអប់រំ និងកិច្ចការសង្គម

Share

លទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិឆ្នាំ២០១៧នេះ ដែលក្រោមកំណែទម្រង់ ថ្មី របស់ ក្រសួងអប់រំ ឃើញថាសន្ទុះការខិតខំរៀនទាំងសិស្សប្រុសនិងសិស្សមានភាពសកម្មដូចគ្នា ។តែ សម្រាប់លទ្ធផលឆ្នាំនេះ សិស្សស្រី បានប្រឡងជាប់ជាងសិស្សប្រុស គឺជាង៥១ភាគរយ។ ការណ៍នេះនាំឱ្យមានការសាទរ!

កញ្ញា ឈុំ ច័ន្ទរចនា រាយការណ៍!

ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិឆ្នាំ២០១៧នេះ ឃើញថាសិស្ស ស្រីមានចំនួនច្រើនជាងសិស្សប្រុស ដែលបង្ហាញពីការកើនឡើងនូវភាពសកម្មរបស់ស្រ្តីក្នុង កិច្ចការសង្គម។ នេះបើតាមការពន្យល់របស់លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ។

សិស្សស្រីដែលប្រឡងជាប់មានចំនួន ៥១,២ភាគរយ ខណៈសិស្សប្រុសមានចំនួន ៤៨,៨ ភាគរយ។ ក្នុងនោះ សិស្សស្រី ដែលប្រលងបាននិន្ទេសA មានរហូតទៅដល់ ២១១ ក្នុងចំណោម ៤២៤នាក់។

ក្នុងចំណោមសិស្សដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន១០រូបមានសិស្សនារី៣រូបដែលសិស្សនារីម្នាក់ក្នុងចំណោមនោះទទួលបានចំនាត់ថ្នាក់លេខ២ដែលមានលំដាប់ពិន្ទុប្រកៀកប្រកិតនឹងសិស្សប្រុសដែលទទួលបានចំណាត់ថ្នាក់លេខ១។

ចំណែកឯចំនួនស្ត្រីដែលចាប់អារម្មណ៍មុខវិជ្ជាSTEM ឬវិទ្យាសាស្ត្រនោះ ក៏មានការកើន ឡើងគួរឲ្យកត់សម្គាល់ផងដែរ។

លោក រស់ សាលីន យល់ថាការកើនឡើងនៃចំនួនសិស្សស្រីក្នុងវិស័យអប់រំនេះបានឆ្លុះបញ្ជាំងពីការកើនឡើងនៃការយល់ដឹងរបស់ស្រ្តីពីសិទ្ធិរបស់ខ្លួនដើម្បីទទួលការអប់រំ ដោយសារតែមានការជំរុញនិង លើកទឹកចិត្តពីសំណាក់គ្រប់មជ្ឈដ្ឋាន។

លោក រស់ សាលីន៖ “​ទិដ្ឋភាពនៃការចូលរួមជំរុញរបស់មាតាបិតា និងសហគមន៍ទាំងមូល ជាពិសេសនៅតាមសាលាទាំងមូលនីមួយៗ គណៈគ្រប់គ្រង នាយក លោកគ្រូអ្នកគ្រូ មានការចូលរួមក្នុងការលើកទឹកចិត្ត ក្នុងការជំរុញសិស្សានុសិស្សជានារីខិតខំប្រឹងប្រែង ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន។”

ឆ្លើយតបនឹងការលើកឡើងថាការចូលរួមស្ត្រីក្នុងសង្គមនៅមានកម្រិតនោះលោករស់សាលីនថា ដោយសារស្រ្តីភាគច្រើនផ្តោតការចាប់អារម្មណ៍ទៅលើការងារឯកជនជាពិសេសវិស័យធនាគារធានារ៉ាប់រ៉ងនិងសុខាភិបាល។

យ៉ាងណាមិញលោកបន្តថាសព្វថ្ងៃក៏មានការបើកចំហឲ្យមានការចូលរួមពីសំណាក់ស្រ្តីនិងការផ្ដល់ឱកាសជាច្រើនក្នុងសង្គមដែរតែលោកថាស្ត្រីអាចនឹងប្រឈមមុខនឹងបញ្ហាមួយចំនួន។

លោករស់សាលីន៖ “ស្រ្តីគាត់ទទួលបន្ទុកគ្រួសារស្រ្តីគាត់ទទួលការងារច្រើនជាងបុរសក្រៅពីកិច្ចការសង្គមដូច្នេះហើយពេលវេលាជាបញ្ហាប្រឈមរបស់គាត់មួយដែរទីពីរពាក់ព័ន្ធទៅនឹងការធ្វើដំណើរទៅកាន់កន្លែងឆ្ងាយៗបញ្ហាទាំងអស់នេះជារួមធ្វើឲ្យស្រ្តីគាត់មានការពុះពារក្នុងការចូលរួមក្នុងសង្គម”។

យ៉ាងណាក្ដី លោករស់ សាលីន បានលើកទឹកចិត្តឲ្យស្ត្រីចូលរួមក្នុងសង្គមឲ្យកាន់តែច្រើន ដោយសារស្ត្រីដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម។

ចំណែកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ក៏យល់ថា ស្រ្តីដើរតួយ៉ាងសំខាន់ក្នុងការស្ថាបនាជាតិ ហើយលើសពីនេះទៀត ស្ត្រីគួរតែទទួលបាន សិទ្ធិស្មើគ្នាជាមួយនឹង បុរសក្នុងកិច្ចការងារសង្គមផ្សេងៗ។

អ៊ុក ឆាយ៉ាវី៖ “ត្រូវតែមានស្ត្រីចូលរួមនៅក្នុងកិច្ចការងារសង្គម យើងមិនត្រូវមានតែបុរស នាំមុខនោះទេ ទោះបីជាស្ត្រីក៏ដោយ បុរសក៏ដោយ គាត់មានសមត្ថភាពដូចគ្នា ត្រូវតែទទួល បានការងារដូចគ្នា ប្រាក់បៀវត្សន៍ដូចគ្នា។”

តែយ៉ាងនេះក្ដីលោក រស់ សាលីនអ្នកនាំពាក្យក្រសួងអប់រំ សង្ឃឹមថា ការកើនឡើងនៃចំនួនស្ត្រីនៅក្នុងវិស័យអប់រំនេះ នឹងនាំឲ្យ កើនមានឡើងនូវសមត្ថភាពយេនឌ័រនៅក្នុងវិស័យផ្សេងៗដូចជា វិស័យសេដ្ឋកិច្ច កិច្ចការសង្គម និងគ្រួសារ ដែលនាំឲ្យមានការចូលរួមរបស់ស្រ្តី និងការឲ្យតម្លៃស្ត្រីនៅ កម្ពុជាមានការកើនឡើង។

គួរឲ្យកត់សម្គាល់ផងដែរថា បើតាមរបាយការណ៍របស់ UNFPAចំនួនស្រ្តីកម្ពុជាដែលទទួលបានការអប់រំមានការកើនឡើង ជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងឆ្នាំ២០០០ មានតែស្ត្រី២.៤ភាគរយប៉ុណ្ណោះបានបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ ខណៈឆ្នាំ២០១៧នេះ កើនដល់៣៧ភាគរយ៕

Share

ព័ត៌មានទាក់ទង

Image