ក្រសួងការបរទេសកម្ពុជាចេញសេចក្តីបំភ្លឺករណីដែលនាវាកូរ៉េខាងជើងមួយបានដោតទង់ជាតិកម្ពុជាដឹកកំាភ្លើងបាញ់រ៉ុកកែតជាង៣ម៉ឺនដើមដែលកងសន្តិសុខឆ្មាំសមុទ្រអេហ្ស៊ីប និងអាមេរិកព័ទ្ធចាប់។
សេចក្ដីបំភ្លឺនេះបានពន្យល់ថា នាវានោះបានប្រើប្រាស់ទង់ជាតិកម្ពុជាដោយខុសច្បាប់ និងអាចដាក់ទោសតាមច្បាប់ និងបញ្ញត្តិអន្តរជាតិ។ ក្រសួងការបរទេសធ្វើការបំភ្លឺដូចនេះកាលពីយប់ថ្ងៃទី២ តុលា ឆ្នំា២០១៧។
ការចេញសេចក្តីបំភ្លឺភ្លាមៗនេះ បន្ទាប់ពីការសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍បានចុះផ្សាយថា កាលពីខែសីហា នាវាកូរ៉េខាងជើងមួយគ្រឿង ឈ្មោះ “Jie Shun” ដែល ដោតទង់ជាតិកម្ពុជាត្រូវបានរឹបអូស ខណៈនាវានេះ បើកចូលដែនទឹកប្រទេសអេហ្ស៊ីប។
តាមសេចក្តីជូនដំណឹងដដែលឱ្យដឹងទៀតថានាវាទាំងឡាយណា ដែលអះអាងថា ស្ថិតក្រោមទង់ជាតិកម្ពុជាក្រោយចុងខែសីហា ឆ្នាំ២០១៦ គឺជាត្រូវបានចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។
ក្រសួងការបរទេសអះអាងថា បើតាមកំណត់ទូតចុះថ្ងៃទី១២ មេសា ឆ្នំា២០១៦ បានជូនដំណឹងដល់ស្ថានទូតនៃសាធារណៈរដ្ឋកូរ៉េនៅភ្នំពេញថា នាវាចំនួន៣គ្រឿងរបស់ក្រុមហ៊ុនកូរ៉េខាងជើងមួយបំពាក់ទង់ជាតិកម្ពុជាត្រូវបានលុបចេញពីបញ្ជី ISROC ស្របតាមកថាខណ្ឌ ទី ១៩ នៃសេចក្តីសម្រេចលេខ ២២៧០ ចុះថ្ងៃទី២ មីនា ឆ្នំា២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការណ៍នេះក្រសួងការបរទេសសង្កត់ធ្ងន់ថា ការប្រើប្រាស់ទង់ជាតិកម្ពុជា ដោយនាវាណាក៏ដោយ រួមទំាងនាវាដែលបានលើកទ្បើងនេះគឺជាការប្រើប្រាស់ដោយខុសច្បាប់។
តាមកាសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍ ក្នុងរឿងនេះ អង្គការសហប្រជាជាតិបាននិយាយថា នេះជាការរឹបអូសអាវុធដ៏ធំមួយ ចាប់តាំងពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើងជាងមួយទសវត្សមកនោះ។ តែតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ អ្នកបញ្ជាទិញ គឺ ក្រុមប្រដាប់អាវុធមួយនៃប្រទេសអេហ្ស៊ិប ។ ករណីនេះ ស្ថានទូតអេហ្ស៊ីប នៅក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ថា ជារឿងពិត៕