ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៅថ្ងៃទី០២ តុលានេះ បានអំពាវនាវយ៉ាងទទូចទៅកាន់ប្រជាពលរដ្ឋកុំទិញបន្លែដែលមានសារជាតិគីមីមកបរិភោគ ជាជាងរអ៊ូលរទាំដាក់រដ្ឋាភិបាលថា បណ្តែតបណ្តោយឱ្យមានការនាំចូលបន្លែផ្លែឈើមានផ្ទុកសារជាតិគីមីពីប្រទេសជិតខាង។ យ៉ាងណាទាំងស្តី្រអ្នកលក់បន្លែ និងស្រ្តីមេផ្ទះមួយចំនួនលើកឡើងថា ពួកគាត់គ្មានជម្រើសអ្វីក្រៅពីទិញបន្លែ ឬផ្លែឈើនាំចូលពីបរទេស ខណៈការផ្គត់ផ្គង់តម្រូវក្នុងស្រុកមិនទាន់គ្រប់គ្រាន់។
នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន នៅថ្ងៃនេះ បានអំពាវនាវយ៉ាងទទូចទៅកាន់ប្រជាពលរដ្ឋខ្លួន កុំទិញបន្លែផ្លែឈើត្រីសាច់ ដែលមានសារធាតុគីមីមកទទួលទាន ដោយសម្តេចថា ពលរដ្ឋតែងតែត្អូញត្អែលដាក់រដ្ឋាភិបាលថា ខ្វះយន្តការទប់ស្កាត់ការហូរចូលបន្លែផ្លែឈើមានផ្ទុកសារជាតិគីមីពីប្រទេសជិតខាង។
សម្តេច ហ៊ុន សែន៖«ខ្ញុំសូមផ្តាំផ្ញើត្រលប់ទៅវិញថា សុំកុំទិញនូវអ្វីដែលមានជាតិគីមីវាចប់បាត់ទៅហើយ វានៅត្រង់កន្លែងហ្នឹង ដោយសារតែយើងសម្រុកទៅទិញអាជាតិគីមីហ្នឹង ដូច្នេះគេចេះតែលក់តទៅទៀតហើយ រួចហើយមកចោទតែរដ្ឋាភិបាល ហើយចុះអាខ្លួនឯងអ្នកទទួលទានមិនក៏មិនមើលផង ផ្តាំមករដ្ឋាភិបាលសុំហាមឃាត ចុះខ្លួនឯងមិនហាមឃាតខ្លួនឯងផង»។
ជាការលើកឡើងមួយយ៉ាងកម្រអំពីបញ្ហាបញ្ហាសុវត្ថិភាពចំណីអាហារ សម្តេចនាយករដ្ឋមន្រ្តីផ្តល់អនុសាសន៍ថា ប្រសិនបើពល រដ្ឋឈប់គាំទ្រ ពោលគឺឈប់ទិញបន្លែផ្លែឈើមានសារជាតិគីមី នោះនិន្នាការនៃការដាំដុះ និងនាំចូលបន្លែគីមីនឹងត្រូវបញ្ឈប់ដោយខ្លួនឯងពុំខាន។
សម្តេច ហ៊ុន សែន៖«អ្នកដែលដាំដុះដែលប្រើជាតិគីមី អ្នកដែលនាំចូលដែលមានសារធាតុគីមី លក់មិដាច់ដោយសារតែប្រជាជនមិនទិញ ព្រោះគេត្រូវការការពារសុខភាពគេដែរ»។
ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលធ្វើឡើងនៅក្នុងពីធីសម្ពោធសណ្ឋាគារ សុខាខេត្តសៀម រាប នៅព្រឹកថ្ងៃចន្ទទី២តុលានេះដែល ត្រូវបានស្ដាប់លឺជាសាធារណៈ លើ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ។
ខណៈការផ្តត់ផ្គង់បន្លែផ្លែឈើត្រីសាច់ក្នុងស្រុកនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការពលរដ្ឋ គឺការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ដែលភាគច្រើនមានផ្ទុកសារជាតិគីមី ក៏នៅតែមានវត្តមានក្នុងទីផ្សារកម្ពុជាជារៀងរាល់ថ្ងៃ។ អាជីវករលក់បន្លែផ្លែឈើ និងស្រ្តីមេផ្ទះមួយចំនួនដែលវិទ្យុស្រ្តីបានជួបសម្ភាសនៅថ្ងៃនេះ បានលើឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់មិនមានជម្រើសអ្វីក្រៅពីទិញបន្លែផ្លែឈើត្រីសាច់ដែលដឹងថា មានសារជាតិគីមីមកបរិភោគ និងលក់ ព្រោះបន្លែផ្លែឈើក្នុងស្រុកមិនអាចផ្គត់ផ្គង់តាមតម្រូវការរបស់ពលរដ្ឋនៅឡើយ។
អ្នកស្រី ម៉ន តុលា អ្នកលក់ផ្លែឈើនៅផ្សារ ៧ មករា ក្រុងភ្នំពេញ និយាយថា អ្នកស្រីទិញផ្លែឈើពីផ្សារនាគមាសក្រុងភ្នំពេញមកលក់ជារៀងរាល់ថ្ងៃ ដោយអ្នកស្រីដឹងថា ប្រភពផ្លែឈើភាគច្រើននាំចូលពីប្រ ទេសវៀតណាម ដែលសំបូរសារជាតិគីមី។ ក្នុងនាមជាអាជីវករ អ្នកស្រីលើកឡើងថា តម្រូវការរបស់អតិថជនជាកត្តាចាំបាច់ បើទោះបីដឹងថា ផ្លែឈើទាំងនោះមានសារជាតិគីមីក៏ដោយចុះ តែអ្នកស្រីត្រូវបង្ខំចិត្តទិញដើម្បីផ្គត់ផ្គង់តម្រូវការអ្នកទិញ។
អ្នកស្រី ម៉ន តុលា៖«អូយ!ខ្មែរណាដាំទាន់ ខ្មែរដាំមិនទាន់ដូចយួនទេ យួនគេផលិតបានភ្លាមៗ ផ្លែឈើបន្លែយួនធ្វើបានលឿន វាសម្បូរជាខ្មែរយើង ខ្មែរទម្រាំបានលក់ម្តង វាលក់បានពីរដងហើយ»។
ងាកមកស្រ្តីមេផ្ទះមួយរូបដែលតែងទៅផ្សារទិញបន្លែត្រីសាច់ធ្វើម្ហូបជារៀងរាល់ព្រឹក គឺអ្នកស្រី យៀន សៅកញ្ញា និយាយថា អ្នកស្រីពិបាកសម្គាល់ថា បន្លែនិងផ្លែឈើណាមានជាតិគីមី ឬគ្មានសារជាតិគីមីនោះទេ ព្រោះទាំងបន្លែផ្លែឈើនាំចូល និងដាំដុះក្នុងស្រុកគឺសុទ្ធសឹងតែបាញ់សារជាតិគីមីភាគច្រើន។ អ្នកស្រីបន្តថា ខណៈការដាំដុះក្នុងស្រុកមិនទាន់តម្រូវការពលរដ្ឋ អ្នកស្រីគ្មានជម្រើសអ្វីក្រៅពីទិញបន្លែផ្លែឈើនាំចូលទាំងនោះទេ ដោយអ្នកស្រីត្រឹមតែអាចលាងសំអាតបន្លែផ្លែឈើឱ្យបានស្អាតល្អមុនយកមកចម្អិន និងទទួលទាន។
អ្នកស្រី យៀន សៅកញ្ញា៖«ពិបាកណាស់ នៅស្រុកយើងក៏គីមី នៅស្រុកគេក៏គីមី ដាក់គីមីគ្រប់កន្លែង ថាវៀតណាមគេបាញ់ថ្នាំគីមី នៅយើងនេះបើមិនបាញ់គីមីហ្នឹងទេ យើងលក់មិនទាន់ឱ្យពួកយើង ហើយថាបន្លែហ្នឹងអត់ល្អ។ បន្លែយើងមានតិចតួចណាស់ អ្នកដែលយកមកពីខេត្តយកមកតិចតួច បើយើងផ្គត់ផ្គង់ទីផ្សារអត់ទាន់ធ្វើម៉េច»។
ទាក់ទងប្រសាសន៍នាយករដ្ឋមន្រ្តីដែលអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការទិញបន្លែផ្លែឈើមានផ្ទុកសារជាតិគីមីនេះ លោក យ៉ង់ សាំងកុមារ អ្នកជំនាញ់កសិកម្ម និងសេដ្ឋកិច្ច យល់ថា ការលើកឡើងនេះ ទំនងមិនមានប្រសិទ្ធភាពនោះទេ ខណៈការផលិតក្នុងស្រុកនៅមានកម្រិតនៅឡើយនោះ។ ដើម្បីអាចកាត់បន្ថយការនាំចូល និងការចរាចរបន្លែផ្លែឈើគីមីលើទីផ្សារលោកបណ្ឌិត យ៉ង់ សាំងកុមារ យល់ថា រដ្ឋាភិបាលគួររៀបចំកម្មវិធីជាតិមួយគាំទ្រការផលិតបន្លែសរីរាង្គរបស់កសិករ។ មួយវិញទៀតរដ្ឋាភិបាលត្រូវរឹតបណ្តឹងតាមរយៈការចុះពិនិត្យការដាក់លក់បន្លែផ្លែឈើគីមីលើទីផ្សារ។
អ្នកជំនាញកសិកម្ម និងសេដ្ឋកិច្ចរូបនេះបន្ថែមថា រដ្ឋាភិបាលគួរបិទការនាំចូលផលិតផលកសិកម្មពីបរទេស នៅពេលការប្រមូលផលរបស់កសិករក្នុងស្រុក។ ការធ្វើដូចនេះ គឺដើម្បីទប់ស្តាត់ការប្រជែងតម្លៃផលិតផលក្នុងស្រុក ព្រមទាំងអាចលើកស្ទួយសុវត្ថិភាពចំណីអាហារបានថែមទៀតផង។
លោក យ៉ង់ សាំងកុមារ៖«ប្រទេសនិមួយៗមានសិទ្ធិការពារកសិផលក្នុងប្រទេសគេ គឺក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសនិមួយៗ គេតែងតែមានចំណុចមួយចំនួនដែលអាចឱ្យគេការពារ ឬក៏គេបិទការនាំចូល ជាពិសេសគេយកលេសសុវត្ថិភាពចំនីអាហារ។ កម្ពុជាក៏អាចធ្វើទៅបានដែរ ប្រសិនបើយើងចង់ការពារផលិតផលក្នុងស្រុក និងចង់លើកស្ទួយសុវត្ថិភាពចំណីអាហារជូនពលរដ្ឋ»។
យ៉ាងណា ក៏ ទីផ្សារបន្លែសរីរាង្គនៅកម្ពុជា មានច្រើន ដូចជា ផ្សាររបស់អង្គការសេដាក និងទីផ្សារសហកសរីរាង្គខ្មែរ របស់លោក អៀងសុធារ៉ាក៏បាន បង្កើន ទីផ្សារសរីរាង្គដែលគ្មាសារធាតិគីមីដែរតែ ក៏មិនមានវិសាលភាពធំធេងដែរខណៈ បន្លែនេះហាក់មានតម្លៃថ្ងៃជាងបន្លែនាំចូលពីប្រទេសវៀតណាម។
កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីADB បានបញ្ចេញប្រាក់ ៥០ ម៉ឺនដុល្លារ ជួយក្រសួងកសិកម្ម ដើម្បី ជួយ កសិកេខ្មែរនៅតាម តំបន់មួយចំនួនឱ្យបង្កើនការដំដុះដោយធម្មជាតិ ឱ្យច្រើនបំផុត៕