en     km
en     km

កិច្ចប្រជុំសភាអាស៊ីនៅកម្ពុជា ដើម្បីធានានូវសុខសន្តិភាពក្នុងតំបន់

Share

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី បាន​បើកជាផ្លូវការនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ ​ ដោយមានការចូលរួមពី​គណៈប្រតិភូសមាជិកសភាតំបន់អាស៊ីចំនួន២៦ប្រទេស ​មានចំនួនជាង១៤០នាក់ បាន​ចូលរួម ​។ កិច្ចប្រជុំនេះ​ធ្វើឡើង​​នៅឯសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។ កិច្ចប្រជុំអន្តរសភាដែ​លមានរយៈពេល១ថ្ងៃកន្លះនេះ រំពឹងថា នឹងធ្វើឱ្យ​​តំបន់​​អាស៊ី ជាតំបន់មួយ​គ្មានហឹង្សា គ្មានសង្រ្គាម គ្មានការជិះជាន់​គាបសង្កត់។

មានប្រសាសន៍បើកជាផ្លូវការ​ នូវកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី នៅព្រឹកនេះ   សម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ​បានលើកឡើងថា ព្រឹត្តិការណ៍ជួបជុំ នៃអ្នកតំណាងប្រជាជាតិអាស៊ីនៅពេលនេះ បានជះឥទ្ធិពលជាវិជ្ជមានដល់ការរួមចំណែកប្រកបដោយន័យស្ថាបនាដល់​ការពន្លត់អំពើហិង្សា ជម្លោះ និងភ័យន្តរាយនានា ដែលបាននឹងកំពុងយារយីនៅក្នុងតំបន់ និងសកលលោកឲ្យវិលមករកប្រក្រតីភាព និងបានបន្សាបរាល់ការប៉ុនប៉ងបង្កអរិយភាពណាមួយដល់តំបន់និងពិភពលោក។

សម្តេច ហេង សំរិន ដែលបានធ្វើជាប្រធានសភាតំបន់អាស៊ី តំាងពីឆ្នាំ២០១៥មក សម្តេចបានលើកឡើងបន្តថា ចំពោះជោគជ័យជាបន្តបន្ទាប់ដែល អេ-ភី-អេ សម្រេចបាននាពេលកន្លងមក បានបង្ហាញពិភពលោកឱ្យដឹង និងទទួលស្គាល់ពីសារៈសំខាន់នៃចក្ខុវិស័យ និងបេសកកម្មរបស់ អេ ភី-អេ ក្នុងការរួមចំណែកកសាងសុខដុមនីយកម្មតំបន់អាស៊ី ឱ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។​

 

សមាជិកសភាតំបន់អាស៊ី ដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅព្រឹកនេះ មានប្រទេសអាហ្គានីស្ថាន​ ប៉ារ៉ែន​ បង់ក្លាដេស​ ប៊ូតាន​ ចិន​ ស៊ីព្រូស​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ អ៊ីរ៉ង់​ អ៊ីរ៉ាក់​ ហ្សកដង់​ គុយវ៉ែត​ ឡាវ​ ម៉ាឡេស៊ី​  នេប៉ាល់​ កូរ៉េខាងជើង​ ប៉ាគីស្ថាន​ ប៉ាឡេស្ទីន​ រុស្ស៊ី​ សោឌីអារ៉ាប់បី​ ស៊ីរ៉ី​ ថៃ​ តួកគី​ អារ៉ាប់រួម​ វៀតណាម​ និងកម្ពុជា។ ​

ជាមួយគ្នាដែរ សម្តេច ហេង សំរិន មានប្រសាសន៍​ថាកិច្ចប្រជុំ ​អេភីអេ​​នេះ គឺជា​​មាគ៌ាត្រួសត្រាយផ្លូវក្នុងការ​ធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ​ថែមទៀតរវាងសភា​នៃប្រទេសជាសមាជិក។ ​

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ីនារយៈពេលពីរថ្ងៃនេះ មានរបៀបវារៈមួយចំនួន ក្នុងនោះ ​​ សេចក្តីព្រាងសេចក្តី សម្រេចចំនួន២៤ នៃគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៤របស់អេភីអេ។

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នេះ នឹងបញ្ជូនទៅប្រជុំបន្តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី នៅប្រទេសតួកគី នៅខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ប្រទេសតួកគីទទួលធ្វើជាប្រធានសភាតំបន់អាស៊ីបន្តពីកម្ពុជា។

​សភាតំបន់អាស៊ី ហៅកាត់ថា អេភីអេ បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្នុងចក្ខុវិស័យកសាងសន្តិភាពនិងអភិវឌ្ឍន៍ដោយចីរភាពនៅក្នុងតំបន់និងភិពភលោក។ ​ស្ថាប័ននេះ មានឈ្មោះដើម ​សមាគមសភាអាស៊ីដើម្បីសន្តិភាព ហៅកាត់ថា (AAPP)។ AAPP ប្តូរមក APA នៅឆ្នាំ២០០៦។ បច្ចុប្បន្ន APA មានសមាជិក៤២ ប្រទេស៕

Share

Image
Image
Image