ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីជួនដំណឹងមួយស្ដីពីការអនុញ្ញាតឲ្យប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ កម្មករ និងកម្មការិនី ដែលមានស្រុកកំណើតនៅខេត្ដ ប៉ុន្ដែបានចំណាកស្រុកមកធ្វើការ មកសិក្សា នៅរាជធានីភ្នំពេញ អាចស្នើសុំសេចក្ដីចម្លងសំបុត្រអត្រានុគោលដ្ឋានគ្រប់ប្រភេទនៅភ្នំពេញតែម្ដង ដោយមិនបាច់ធ្វើដំណើរទៅស្រុកកំណើតនោះទេ។
តាមសេចក្ដីជួនដំណឹងដែលទទួលបានៅថ្ងៃទី០១ ខែតុលា នេះបញ្ជាក់ថា ការអនុញ្ញាតឲ្យពលរដ្ឋមានស្រុកំណើតនៅខេត្ដមកធ្វើការ មកសិក្សានៅភ្នំពេញ អាចស្នើសុំសេចក្ដីចម្លងសំបុត្រអត្រានុគោលដ្ឋានគ្រប់ប្រភេទនៅភ្នំពេញនេះ គឺដោយសារតែកន្លងមក ចំពោះពលរដ្ឋដែលមកពីខេត្ដ ដើម្បីធ្វើការងារ ឬបន្ដការសិក្សានៅភ្នំពេញ រាល់ពេលដែលត្រូវស្នើសុំសេចក្ដីចម្លងសំបុត្រអត្រានុគោលដ្ឋាន គឺត្រូវត្រឡប់ទៅខេត្ដរបស់ពួគេវិញ ដែលមានការលំបាក ត្រូវចំណាយទាំងពេលវេលា និងសាហ៊ុយធ្វើដំណើរ។
ក្រោយមើលឃើញការលំបាកទាំងអស់នេះ ទើបអគ្គនាយកដ្ឋាអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យពលរដ្ឋ សិស្ស និស្ស មានស្រុកកំណើតនៅខេត្ដ ដែលកំពុងស្នាក់នៅភ្នំពេញ អាចស្នើសុំសេចក្ដីចម្លងសំបុត្រអត្រានុគោលដ្ឋានគ្រប់ប្រភេទ សម្រាប់យកទៅប្រើប្រាស់។ សាមីខ្លួន ឬអាណាព្យាបាល ឬជាញាតិជានីតិជនដែលរស់នៅក្នុងផ្ទះជាមួយ អាចមកស្នើសុំចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅនាយកដ្ឋានអត្រនុកូលដ្ឋាន នៃអគ្គនាយដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទល់មុខបុរី ប៉េង ហួត បឹងស្នោរ នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជួនដំណឹងនេះតទៅ៕