ក្នុងរាជ្យព្រះបាទចន្ទរាជា ប្រទេសកម្ពុជាមានភាពរីកចម្រើន មិនចាញ់សម័យអង្គរប៉ុន្មានឡើយ។ ប៉ុន្តែក្រោយពីព្រះអង្គសោយទិវង្គត ព្រះសត្ថាទី១ដែលជាបុត្រច្បងបានឡើយស្នងរាជ្យ ប្រទេសកម្ពុជាបានចុះខ្សោយ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបានបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងនៅក្នុងតំបន់។ បន្ទាយលង្វែក ជាបន្ទាយឬស្សីដ៏រឹងមាំដែលព្រះអង្គចន្ទរាជា បានកសាងឡើងដើម្បីជាខែលការពារនគរក៏ត្រូវបានបំផ្លាញ ហើយទឹកដីខ្មែរបានបាត់បង់បន្តិចម្តងៗ។
ជាបន្តសូមអញ្ជើញស្តាប់ ការអត្ថាធិប្បាយរបស់កញ្ញា ឆេង ណាតា ដូចតទៅ៖
ក្រោយពីព្រះអង្គចន្ទរាជាសោយទិវង្គតទៅ ព្រះរាជបុត្រច្បងរបស់ព្រះអង្គ ព្រះនាមសត្ថា បានឡើយស្នងរាជ្យ។ ស្តេចអង្គនេះ ត្រូវបានប្រសិទ្ធិនាមថា ព្រះបាទសម្តេចព្រះបរមរាជាធិរាជរាមាធិបតី តែអ្នកប្រវត្តិសាស្រ្តនិយមហៅថា ព្រះសត្ថាទី១ ឬព្រះបរមរាជាទី៥។ ចំណែកព្រះអង្គ ស្រីសុរិយោពណ៌ ដែលជាបុត្រម្នាក់ទៀត របស់ព្រះចន្ទរាជា ត្រូវបានតែងតាំងជា មហាឧបរាជ។
នៅឆ្នាំ ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ហើយដាក់ប្រទេសសៀមជាចំណុះ ដែលពេលនោះស្តេចសៀមបានឱ្យបុត្ររបស់ខ្លួនឈ្មោះ នរេសូទៅបម្រើស្ដេចភូមា នៅក្រុងហង្សាវត្តី។ អំឡុងពេលនោះស្ដេចសៀមបានផ្ញើរាជសារសុំជំនួយពីស្ដេចខ្មែរព្រះសត្ថាទី១។ ព្រះសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ មានឯកសារប្រវត្តិសាស្រ្តលើកឡើងថា ជ័យជំនះមិនបានធ្វើឱ្យកងទ័ពសៀមអបអរសាទរនោះទេ ផ្ទុយទៅវិញធ្វើឱ្យព្រះរាជបុត្រនរេសូអាប់មុខទៅវិញ។
ព្រះនរេសូ ដែលមិនសូវសប្បាយចិត្តជ័យជំនះនេះ ដោយសារតែធ្វើឱ្យខ្លួនអាប់មុខ តែងមានគំនុំចង់យកប្រទេសខ្មែរ ជាចំណុះឱ្យនគរសៀមឱ្យបាន ដែលទង្វើនេះគឺខុសទៅនឹងកិច្ចព្រមព្រៀងឆ្នាំ១៥៧៦។
ចាប់ពីគ.ស១៥៨៦ ប្រទេសសៀមបានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបានបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ រហូតដល់ស្រុកបរិបូរណ៍ រហូតដល់ឡោមព័ទ្ធបន្ទាយលង្វែក។ បន្ទាប់មកព្រះស្រីសុរិយោពណ៌បានដកទ័ពមកបន្ទាយលង្វែកវិញ។
ក្នុងសង្រ្គាមលើកនោះ សៀមមានទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមានកងទ័ពចំនួន១០ម៉ឺននាក់ ដំរី ៨០០ និងសេះ១៨៥០ក្បាល។ បើទោះបីជាសៀមមានទ័ពច្រើន និងពូកែក៏ដោយ ប៉ុន្តែពុំអាចវាយបែកបន្ទាយលង្វែកបានឡើយ។
សៀមបានព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ ខែ តែត្រូវដកទ័ពទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លងដែលធ្វើឱ្យកងទ័ពសៀមស្លាប់អស់ជាច្រើននាក់។ ដោយដឹងចំណុចខ្សោយរបស់សៀម កងទ័ពខ្មែរបានចេញពីបន្ទាយ វាយលុកកងទ័ពសៀមយ៉ាងខ្លាំង។
បែបនេះក្តីមុននឹងដកទ័ព សៀមបានប្រើឧបាយកលបាញ់ប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែក។ ក្រោយមកព្រះចៅសៀមបានចាត់ចារបុរសពីរនាក់ ចូលមកធ្វើវិទ្ធង្សនាបង្កើតឱ្យមានចលាចលក្នុង ផ្ទៃក្នុងរបស់ខ្មែរ។
ចំណែកព្រះសត្ថាទី១ ទ្រង់សព្វព្រះរាជហឬទ័យដាក់រាជ្យ ថ្វាយទៅព្រះរាជបុត្រច្បង ព្រះនាមជ័យជេដ្ឋា ដែលមានព្រះជន្មទើបតែ១១ ព្រះវស្សាឱ្យឡើងសោយរាជ្យ និងតែងតាំងព្រះរាជបុត្រទី២ ចៅពញាតន់ដែលមានព្រះជន្ម៦ព្រះវស្សា ជាមហាឧបរាជ។ រីឯព្រះស្រីសុរិយោពណ៌ ត្រូវបានតែងតាំងជាឧបយោរាជ។
ដោយព្រះរាជបុត្រសុទ្ធតែនៅក្មេងៗពេកកិច្ចការគ្រប់គ្រងរដ្ឋ ត្រូវស្ថិតក្នុងកណ្តាប់ដៃព្រះសិត្ថាទី១។ មានការលើកឡើងថា បើព្រះសិត្ថានៅតែកាន់កាប់កិច្ចការនគរ ហេតុអ្វីបានជាព្រះអង្គដាក់រាជ្យ? ត្រង់ចម្ងល់នេះ អ្នកប្រវត្តិសាស្រ្តមួយចំនួនយល់ថា ដោយព្រះអង្គបារម្ភរាជបល្ល័ង្កនឹងធ្លាក់ទៅលើ ព្រះស្រីសុរិយោពណ៌ដែលជាព្រះអនុជ នៅពេលព្រះអង្គសោយទិវង្គត់ ព្រោះព្រះអនុជអង្គនេះ ជាស្តេចដែលមានសមត្ថភាព ប្រជារាស្រ្តគោរពស្រលាញ់រាប់អានច្រើន។
តាមឯកសារប្រវត្តិសាស្រ្ត អំពើរបស់ព្រះសត្ថា ខាងលើនេះ បានបណ្តាលឱ្យមានការអាក់អន់ស្រពន់ចិត្តជាច្រើនពីសំណាក់រាជវង្ស នាម៉ឺនសព្វមុខមន្រ្តី និងអាណាប្រជានុរាស្រ្ត។ អំពើចោរលួច ចោរប្លន់ ក៏កើតមានច្រើននៅក្នុងប្រទេសផងដែរ។
ងាកមកល្បិចសៀមដែលបានបាញ់ប្រាក់ដួងនៅក្នុងរបងគុម្ពឬស្សីវិញ កាលបើប្រជារាស្រ្តខ្មែរដឹងថា នៅក្នុងរបងគុម្ពឬស្សីមានប្រាក់សុទ្ធ ក៏កើតចិត្តត្រេកអរពន់ពេក ដោយនាំគ្នាកាប់ឆ្ការព្រៃឬស្សីដើម្បីយកប្រាក់នោះ រហូតទាល់តែរបងឬស្សីដ៏រឹងមាំនោះធ្លុះធ្លាយ ទោះបីមានការគម្រាមពីព្រះរាជាក៏ដោយ ។
ដោយមើលឃើញរបងឬស្សីធ្លុះធ្លាយអស់ នៅគ.ស ១៥៩៣ សៀមបានលើកទ័ពចូលវាយបន្ទាយម្តងទៀត។ព្រះនរេសូប្រទេសសៀមបានបញ្ជាឱ្យលើកទ័ពចូលវាយជា៣ផ្លូវ។ លើកនេះបន្ទាយលង្វែកដ៏រឹងមាំ មិនមានសំណាងដូចនេះទៀតឡើយ។ ទ័ពចេញទៅទប់ទល់នៅខាងគនរវត្តក៏ទប់ពុំជាប់ ខាងជើងទឹក ក៏ចាញ់សៀមទៀត។ សៀមវាយកាន់តែខ្លាំងឡើងៗ មកឡោមព័ទ្ធបន្ទាយលង្វែក។
លុះទ័ពសៀមមកជិតដល់ ព្រះសត្ថាទី១ បាននាំបុត្រ ជ័យជេដ្ឋា និងពញតន់ភៀសខ្លួនទៅគង់នៅស្រីសន្ធរ ក្រោយមកភៀសទៅស្ទឹងត្រែង ហើយទីបំផុតភៀសទៅគង់នៅវៀងចន្ទ រាជធានីរបស់ឡាវ។
ចំណែកឯព្រះស្រីសុរិយោពណ៌ បានគង់នៅបន្ទាយលង្វែក ដើម្បីប្រយុទ្ធតតាំងនឹងខ្មាំង។ តែបើទោះជាព្រះអង្គ ខំប្រយុទ្ធយ៉ាងស្វិតស្វាញយ៉ាងណាក៏ដោយ បន្ទាយលង្វែកនៅតែធ្លាក់នៅក្នុងកណ្តាប់ដៃខ្មាំងដដែល ដោយសារតែពួកសៀមបានឡោមព័ទ្ធអស់រយៈពេលបីខែ និងយកចំបើងដុតរបងឬស្សីដែលនៅសេសសល់បន្តិចបន្តួច។
ក្រោយបន្ទាយលង្វែកវាយបែក សៀមបានចាប់ព្រះស្រីសុរិយោពណ៌ និងបុត្រពីរព្រះអង្គទៀត គឺព្រះជ័យចេស្តា និងព្រះឧទ័យនាំយកទៅប្រទេសសៀម។ មិនតែប៉ុណ្ណោះសៀមបាននាំយកក្បួនខ្នាត អ្នកប្រាជ្ញបណ្ឌិតកវី រូបបដិមា ព្រះគោព្រះកែវ និងឈ្លើយខ្មែរជាច្រើនទៀត។
នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់ រហូតធ្វើឱ្យបន្ទាយលង្វែកដែលជាបន្ទាយការពារនគរដ៏រឹងមាំត្រូវសៀមវាយបែកនៅឆ្នាំ១៥៩៤។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់៕ស្រង់ពី សៀវភៅប្រវត្តិសាស្ត្រ ត្រឹងងា