ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មានថ្លែងប្រតិកម្មនឹងការរិះគន់ពីសំណាក់សង្គមស៊ីវិល និងអន្ដរជាតិមួយចំនួនដែលថា សេរីភាពសារព័ត៌មានការកម្ពុជាត្រូវបានរឹតត្បិតខណៈ ស្ថាប័នសារព័ត៌មានអន្ដរជាតិមួយចំនួនប្រកាសបិទការិយាល័យ របស់ខ្លួនប្រចាំនៅកម្ពុជា។ លោក លៀ ស៊ីណា រាយការណ៍៖
កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថាប័នកាសែត The Cambodia daily ដែលមានអាយុជាង ២០ឆ្នាំនៅកម្ពុជា បានប្រកាសបិទដំណើរការបោះពុម្ពផ្សាយរបស់ខ្លួន ដោយសារតែមិនអាចបង់ពន្ធជូនរដ្ឋនូវទំហំទឹកប្រាក់ប្រមាណ ៦.៣លានដុល្លារសហរដ្ឋអាមេរិក តាមវិក័យប័ត្រពន្ធដែលអគ្គនាយដ្ឋានពន្ធដារកម្ពុជាអះអាងថា ស្ថាប័នកាសែតអន្ដរជាតិមួយនេះ មិនបានបង់ពន្ធជូនរដ្ឋតាំងតែពីឆ្នាំ ២០០៧មក។ ដូចគ្នាដែរ រំលងប្រហែលមួយអាទិត្យក្រោយមកទៀត វិទ្យុអាស៊ីសេរី ដែលមានការិយាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ក៏បានប្រកាស់បិទការិយាល័យដូចគ្នាដែរ ដែលការបិទនោះ គឺក្រោយពេលក្រសួងព័ត៌មានចេញលិខិតផ្លូវការជូនដំណឹងដល់ម្ចាស់ស្ថានីយ៍វិទ្យុក្នុងស្រុកឲ្យបញ្ឈប់ការជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ក្រោយហេតុផលវិទ្យុអន្ដរជាតិទាំងពីរនេះមិនបានចុះបញ្ជីការិយាល័យនៅក្រសួងព័ត៌មានស្របតាមច្បាប់ ។

បើទោះបីជាស្ថាប័នសារព័ត៌មានអន្ដរជាតិទាំងនេះប្រកាសបិទការិយាល័យរបស់ពួកគេដោយខ្លួនឯងក្ដី ក៏ប៉ុន្ដែក្រុមសង្គមស៊ិវិលជាតិ អន្ដរជាតិ និងបណ្ដាស្ថានទូតមួយចំនួនចាត់ទុកថា រដ្ឋាភិបាលកម្ពុជាបានរឹតត្បិតសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា។ ក៏ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានរដ្ឋមន្ដ្រីក្រសួងព័ត៌មានច្រានចោល និង បញ្ជាក់ថា សេរីភាពសារព័ត៌មានគឺធានាដោយរដ្ឋធម្មនុញ្ញ ក៏ប៉ុន្ដែស្ថាប័នអន្ដរជាតិទាំងនោះគឺមិនបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន។
ឆ្លើយតបនិងសំណួរអ្នកសារព័ត៌មានក្នុងពិធីសម្ពោធស្ដូបឧទ្ទិសដល់វិញ្ញាក្ខន្ធអ្នកកាសែតជាតិ និងអន្ដរជាតិ ដែលបានស្លាប់ និងចាប់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា ឆ្នាំ ១៩៧០ - ១៩៧៥ នៅថ្ងៃទី២៨ ខែកញ្ញា នេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ បានប្រតិកម្មថា រដ្ឋាភិបាលមិនបានបិទសារព័ត៌មានអន្ដរជាតិទាំងអស់នោះទេ តែផ្ទុយទៅវិញគឺស្ថាប័នអន្ដរជាតិទាំងនោះខ្លួនគេផ្ទាល់ ដែលជាអ្នកបិទការិយាល័យដោយខ្លួនឯង។ ខណៈពួកគេមិនព្រមចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន អនុឡោមទៅតាមរដ្ឋធម្មនុញ្ញដែលមានចែង។ លោក ខៀវ កាញារិទ្ធ ៖«ធម្មតាមានអ្នកណាទាន់បិទគាត់ បើកក៏ខ្លួនគាត់បិទក៏ខ្លួនគាត់ ឥឡូវរាល់ថ្ងៃយើងមានទាន់ប្រកាសបិទគាត់ឯណា គោលការណ៍ខ្ញុំចង់ឲ្យគាត់មានការិយាល័យនៅទីហ្នឹង ខ្ញុំបានប្រកាសបីដងហើយ ចង់ឲ្យគាត់មានការិយាល័យនៅទីហ្នឹងដើម្បីកាលណាគាត់ផ្សាយខុស យើងអាចសរសេរសំបុត្រឲ្យគាត់បំភ្លឺបាន តែគាត់ដឹងរឿងហ្នឹងបានគាត់បិទនោះ គឺមិនមែនយើងចង់បិទគាត់ទេ គឺគាត់មិនចង់បំភ្លឺ»។
ជុំវិញករណីនេះនិពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍បង្ហាញការយល់ឃើញថា បើទោះជាបាត់ស្ថាប័នសារព័ត៌មានអន្ដរជាតិមួយក្ដី ក៏ប៉ុន្ដែវាមិនបង្កផលប៉ះពាល់សេរីភាពសារព័ត៌មានកម្ពុជានោះឡើយ។

លោក កៃ គឹមសុង និយពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍ដែលបានចូលរួមពិធីសម្ពោធស្ដូបឧទ្ទិសដល់វិញ្ញាក្ខន្ធអ្នកកាសែតជាតិ និងអន្ដរជាតិ នៅថ្ងៃនេះបាននិយាយថា នៅរយៈពេលចុងក្រោយនេះមានការគិតថា កម្ពុជាបាត់បង់សេរីភាពសារព័ត៌មាន ក៏ប៉ុន្ដែប្រទេសកម្ពុជាគឺនៅមានវិទ្យុជាតិ វិទ្យុអន្ដរជាតិ ស្ថាប័នកាសែតជាតិ អន្ដរជាតិ ជាច្រើនទៀតដែលជាជម្រើសសម្រាប់ប្រជាពលរដ្ឋ។ លោកបន្ដថា ចំពោះស្ថាប័នកាសែតដែលខុសច្បាប់ បើត្រឡប់មកអនុវត្ដតាមច្បាប់ត្រឹមត្រូវលោកគិតថា នឹងអាចដំណើរការបានធម្មតា ។ លោក កៃ គឹមសុង ៖«រយៈពេលចុងក្រោយនេះ ដូចខ្ញុំនិយាយអម្បាញ់មិញអញ្ចឹង គ្រប់គ្នាគិតថា បាត់បង់សេរិភាព តែវិទ្យុអាស៊ីសេរី បាត់បង់តែការិយាល័យដែលគាត់បិទដោយខ្លួនឯង ហើយ ខេមបូឌា ដេលី គាត់ខុសច្បាប់ បើគាត់អនុវត្ដច្បាប់គាត់នឹងអាចវិលត្រឡប់មកវិញតាមធម្មតា»។
តែយ៉ាងណាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី ៣៦ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិបាននិយាយរិះគន់កម្ពុជាក្នុងរបាយការណ៍របស់លោកស្រីថា កម្ពុជាបានរំលោភសិទ្ធិមនុស្ស និងបានកាត់បន្ថយយ៉ាងខ្លាំងនូវសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ជាក់ស្ដែងដូជាការបិទស្ថានីយ៍វិទ្យុមួយចំនួន និងស្ថាប័នកាសែត ខេមបូឌា ដេលី ជាដើម៕