en     km
en     km

ការ​កាប់​បំផ្លាញ​ព្រៃ​ ការ​បរបាញ់​ និង​ការ​បំពុល​ជា​កត្ដា​ចម្បង​គម្រាម​ដល់​ជីវិត​ត្រ​យ៉ង​យក្ស​នៅ​កម្ពុជា​

Share

​ភ្នំពេញ​៖​ ការ​លួច​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​បរបាញ់​ដោយ​ខុសច្បាប់​ និង​ការ​បំពុល​ គឺជា​កត្ដា​ចម្បង​ដែល​គម្រាមកំហែង​ដល់​ជីវិត​សត្វ​ត្រ​យ៉ង​យក្ស​នៅ​កម្ពុជា​។​ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ភិ​រក្ស​សត្វព្រៃ​កម្ពុជា​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

សត្វត្រយ៉ងយក្ស

​សត្វ​ត្រ​យ៉ង​យក្ស​ គឺជា​សត្វ​ស្លាប​ដែល​ស្ថិត​ក្នុង​បញ្ជី​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​សត្វ​ស្លាប​កម្រ​និង​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​។​ តាម​ការ​ស្រាវជ្រាវ​សត្វ​ត្រ​យ៉ង​យក្ស​មាន​ប្រមាណ​តែ​ ៣០០​ក្បាល​ប៉ុណ្ណោះ​ ដែល​មាននៅ​តែ​ប្រទេស​កម្ពុជា​ និង​ ប្រទេស​ឡាវ​។​ បច្ចុប្បន្ន​សត្វ​ត្រ​យ៉ង​យក្ស​ កំពុង​តែ​ទទួល​គ្រោះ​ព្រោះ​ការ​បាត់បង់​ទីជម្រក​ ការ​លួច​បរបាញ់​ដោយ​ខុសច្បាប់​ និង​ការ​បំពុល​។​

​លោក​ ប៊ូ​ វរ​សក្ស​ នាយក​កម្មវិធី​អភិរក្ស​ របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ ហៅ​កាត់​ថា​ Birdlife​ មាន​ប្រសាសន៍​ថា​ សត្វ​ត្រ​យ៉ង​យក្ស​ជាង​ ៩០​ភាគរយ​មាននៅ​កម្ពុជា​ និង​មាន​ចំនួន​តិច​តូច​បំផុត​ នៅ​ប្រទេស​ឡាវ​។​ សត្វ​ត្រ​យ៉ង​យក្ស​បាន​ធ្វើ​បំ​លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​រក​ទីជម្រក​ដែល​សម្បូរ​ព្រៃ​ សុវត្ថិភាព​ និង​ជាទី​ដែល​ឆ្ងាយ​ពី​ការ​រំខាន​របស់​មនុស្ស​។​ ក៏​ប៉ុន្ដែ​ចំនួន​របស់​សត្វ​ស្លាប​ប្រភេទ​នេះ​ នៅ​តែ​មាន​ចំនួន​តិច​នៅឡើយ​ ដោយសារ​តែ​មាន​កត្ដា​រំខាន​មួយ​ចំនួន​ បង្ក​ឡើង​ដោយ​មនុស្ស​ទៅ​លើ​ទីជម្រក​របស់​ពួក​វា​។​ លោក​ ប៊ូ​ វរ​សក្ស​ ៖«​ ការ​បាត់បង់​ទីជម្រក​គឺជា​បញ្ហា​មួយ​ដូច​លោក​បាន​លើក​ឡើង​អម្បាញ់មិញ​ហើយ​ បញ្ហា​ដែល​សំខាន់​មួយទៀត​គឺ​ការ​រំខាន​របស់​មនុស្ស​ទៅ​លើ​សត្វ​ត្រ​យ៉ង​យក្ស​ហ្នឹង​ ដោយសារ​សត្វ​ត្រ​យ៉ង​យក្ស​ហ្នឹង​បើ​មានការ​រំខាន​របស់​មនុស្ស​វា​នឹង​បោះបង់​សំបុក​របស់​វា​»​។​

​ការ​រំខាន​របស់​មនុស្ស​ជួនកាល​កើតឡើង​ដោយ​ចៃដន្យ​ ក៏​ប៉ុន្ដែ​ពេល​ខ្លះ​គឺជា​ចេតនា​ដោយ​ផ្ទាល់​ ដើម្បី​ទៅ​រំខាន​ដល់ទី​ជម្រក​របស់​សត្វ​ត្រ​យ៉ង​យក្ស​ បំណង​បរបាញ់​សត្វ​កម្រ​ប្រភេទ​នេះ​។​ លោក​ ប៊ូ​ វរ​សក្ស​៖«​កន្លង​មក​មានការ​រំខាន​ដោយ​បរបាញ់​ទៅ​លើ​សត្វ​ត្រ​យ៉ង​ យើង​ឃើញជាក់ស្ដែង​មាន​ត្រ​យ៉ង​ជាប់​ព្រួញ​ គឺ​បាញ់​សម្លាប់​ត្រ​យ៉ង​»។​

​លោក​ ប៊ូ​ វរ​សក្ស​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ដើម្បី​ធានា​និរន្ដរភាព​សត្វ​ត្រ​យ៉ង​យក្ស​នៅ​កម្ពុជា​។​

​ទាក់ទិន​ចំណុច​នេះ​ លោក​ អេ​ង​ ម៉េ​ង​អ៊ី​ មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ WCS​ គាំទ្រ​ការ​លើក​ឡើង​របស់​នាយក​កម្មវិធី​ អភិរក្ស​ នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​។​

សត្វត្រយ៉ងយក្ស

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ យល់​ឃើញ​ថា​ ប្រសិនបើ​គ្មាន​តម្រូវការ​ទីផ្សារ​សម្រាប់​សាច់សត្វ​ព្រៃ​ទេ​ នោះ​គឺ​គ្មាន​ការ​លួច​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​នោះ​ដែរ​។​ ម្យ៉ាងវិញទៀត​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​យល់​ខុស​ ដែល​យក​សត្វព្រៃ​ទៅ​ធ្វើ​ជា​ឱសថ​បុរាណ​ ព្រោះ​វា​ជា​ជំនឿ​ខុស​ នឹង​មិនមែន​ជា​ការ​ពិត​។​ លោក​បន្ដ​ថា​ សត្វព្រៃ​គឺ​ពោ​ពេញ​ទៅ​ដោយ​ជំងឺ​ ការ​យក​សត្វ​ទាំងនោះ​ទៅ​បរិភោគ​ ឬ​ប្រើ​ជា​ឱសថ​ វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​ជំងឺ​ធូរស្រាល​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​។​ លោក​ អេ​ង​ ម៉េ​ង​អ៊ី​៖«​ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ទី​១​ បញ្ឈប់​ការ​គិត​ថា​ សត្វព្រៃ​ជា​ឱសថ​បុរាណ​ ព្រោះថា​ បើ​គាត់​អ​ញ្ចឹ​ង​បាន​ន័យ​ថា​ ប្រជាជន​នៅ​សហគមន៍​នៅ​តែ​បរបាញ់​ បើ​តម្រូវការ​សាច់សត្វ​ព្រៃ​នៅ​តែ​មានការ​បរបាញ់​នៅ​តែ​កើតឡើង​»​។​

​សត្វ​ត្រ​យ៉ង​យក្ស​មាន​រោម​ ពណ៌​ប្រផេះ​ ត្នោត​ ជើង​ក្រហម​ស្រាល​ មាន​រោម​ព័ទ្ធ​ជុំវិញ​ចុះ​មក​ក្រោម​ និង​ដងខ្លួន​ប្រវែង​ ១០៤​សង់ទីម៉ែត្រ​។​ សត្វ​នេះ​ គឺ​ងាយ​នឹង​ផ្អើល​ណាស់​ប្រសិនបើ​មាន​សំឡេង​អ្វី​ដែល​វា​មិន​ធ្លាប់​ឮ​។​ តាម​អង្គការ​ជីវិត​សត្វ​ស្លាប​ សត្វ​ត្រ​យ៉ង​យក្ស​រស់នៅ​កម្ពុជា​ ក្នុង​ខេត្ដ​មួយ​ចំនួន​មាន​ដូច​ជា​ ខេត្ដរតនៈគិរី​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ ឧត្ដរមានជ័យ​ និង​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ ខេត្ដពោធិ៍សាត់​។​ ក៏​ប៉ុន្ដែ​ខេត្ដរតនៈគិរី​ ព្រះ​វិហារ​ នឹង​ ស្ទឹង​ត្រែង​ ជា​តំបន់​ដែល​សម្បូរ​សត្វ​ត្រ​យ៉ង​យក្ស​ច្រើន​ជា​បណ្ដា​ខេត្ដ​ផ្សេងៗ​។​ សត្វ​ត្រ​យ៉ង​យក្ស​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ជឿ​ថា​ ជា​សត្វ​ស្លាប​ដែល​ឆ្លាត​ នឹង​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​មិន​ថា​ ការ​រក​ចំណី​ ឬ​ពេល​វា​ដេក​នោះ​ទេ​៕​

Share

ព័ត៌មានទាក់ទង

Image