en     km
en     km

សាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនលោកកឹមសុខាដោយច្រានចោលបណ្ដឹងទាស់

Share

បន្ទាប់ពី​បញ្ចប់​ការ​សួរ​ដេញដោល​ជា​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ ​ ​​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះនៃ​សភា​ស៊ើបសួរ លោក​ ឃុន​ លាង​ម៉េង​​​ សម្រេច​បដិសេធចំពោះ​បណ្តឹង​ប្រឆាំងទៅនឹងដីកាឃុំខ្លួនរបស់ក្រុមមេធាវី លោក កឹម សុខា។ ការសម្រេចរបស់សាលាឧទ្ធរណ៍ ធ្វើឡើង ខណៈ អវត្តមាន មេធាវីទាំង៨រូបលោករបស់ លោកកឹមសុខា។

ប្រធានសភា​ស៊ើបសួរ លោក​ ឃុន​ លាង​ម៉េង​​​ បានដឹកនាំកិច្ចសវនាការអស់មួយព្រឹកហើយក្រោយមកបានសម្រេចបដិសេធបណ្ដឹងទាស់របស់ មេធាវី លោកកឹមសុខាដែលបានប្ដឹងករណីចាប់ខ្លួននិងឃុំខ្លួ​ន ប្រធាន​គណបក្សប្រឆាំងនេះដោយក្រុមមេធាវីថាជាអំពើខុសច្បាប់។

ក្រុមមេធាវីការពារក្តី​ឱ្យលោក កឹម សុខា យល់ឃើញថា ​ការសម្រេច​របស់សាលាឧទ្ធរណ៍នៅព្រឹកមិញនេះថា មិនបានផ្តល់យុត្តិធម៌ចំពោះកូនក្តីរបស់ខ្លួននោះទេ ដោយពួកគាត់​​យល់ថាកន្លងមក​ចំណាត់ការ​របស់តុលាការបំពាន​នីតិវិធីច្បាប់។

​​លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង​៨របស់ លោក កឹម សុខា មានប្រសាសន៍ថា ការសម្រេចដោយគ្មានវត្តមានលោក កឹម សុខា ក្នុងការសួរដេញដោលនេះគឺជា​រំលោភ​​សិទ្ធិរបស់ជនត្រូវចោទ​។

លោក សំ សុគង់ ៖«ការដែលមិនមានវត្តមានឯកឧត្តម កឹម សុខា នៅក្នុងបន្ទប់សវនាការ គឺជាការរំលោភមួយទៀត គឺជាការរំលោភឆន្ទៈរបស់ជនត្រូវចោទ ក៏ដូចជាសិទ្ធិដែលទទួ​លបានសវនាការមួយយុត្តិធម៌ និងត្រឹ​មត្រូវដែលមានចែងនៅក្នុងកាតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ»។​

មេធាវីរូបនេះបន្ថែមថាក្រុមមេធាវីនឹងពិភាក្សាជាមួយលោក កឹម សុខា ដើម្បី​​ប្តឹងសាទុក្ខទៅតុលាការកំពូល ដើម្បីឱ្យពិនិត្យសេចក្តីសម្រេចនេះឡើងវិញ ដោយ​សាវនាការដេញដោលនៅព្រឹកមិញនេះ មិនមានវត្តមានលោក កឹម សុខាដែលជាជនត្រូវចោទ និងគ្មានវត្តមានក្រុមមេធាវី។

​លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅលំនៅដ្ឋានរបស់លោកកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២ កញ្ញា ២០១៧ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយពីវីដេអូមួយដែលលោកនិយាយជាមួយអ្នកគាំទ្រនៅប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៣ បានផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក។

កាលពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទបទប្រកាន់​ «សន្ទិដ្ឋិភាពជាមួយបរទេស» ​ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។

ក្នុងសវនា​ដេញដោលនៅសាលាឧទ្ធរណ៍ នៅព្រឹកនេះ លោក កឹម សុខា មិនត្រូវបាននាំ​ខ្លួនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកកាន់សវនាការឡើ ដោយអាជ្ញាធ​ព្រួយបារម្ភពីសុវត្ថិភាព​ជនជាប់ចោទ។​

ដោយអវត្តមានលោក កឹម សុខា ក្នុងការសួរដេញដោលនេះ ក្រុមមេធាវីរបស់លោកទាំងប្រាំបីនាក់បានពហិការដើរចេញ​ពី​សវនា។ ការធ្វើពហិការ​នេះ ដោយសារក្រុម​មេធាវីយល់ឃើញថាសវនាការដែសលគ្មានវត្តមាន​​ជនត្រូវចោទ ​គឺជាសវនាការមួយដែលគ្មានលក្ខណៈយុត្តិធម៌ និងត្រឹមត្រូវ ព្រមទាំងរំលោភសិទ្ធិធ្ងន់ធ្ងរ​ដល់ជនត្រូវ​ចោទផងដែរ។

ចំពោះការដើរចេញពីសវនាការរបស់ក្រុមមេធាវី លោក កឹម សុខានេះដែរ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងការសោកស្តាយ ព្រោះក្រុមមេធាវីមិនបានបង្ហាញពីមូលហេតុនៃបណ្តឹងឧទ្ធរណ៍របស់ខ្លួននៅក្នុងបន្ទប់សវនាការ។

​ខណៈ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​កំពុងដេញដោល​ទៅ​​បណ្តឹងប្រឆាំងនឹងការឃុំខ្លួនរបស់ក្រុមមេធាវីក្រុម​​តំណាង​គណបក្ស​សង្គ្រោះ​ជាតិនិងអ្នកគាំទ្រប្រមាណជាង១០០នាក់បាន​ប្រមូល​ផ្ដុំ​គ្នានៅក្បែរសាលាសាលាទ្ធរណ៍​ ស្របពេលកងកម្លាំង​​សមត្ថកិច្ចរិតបណ្តឹង​សន្តិសុខនិងបិទការធ្វើការចរាណ៍លើកំណាត់ផ្លូវស៊ីសុវត្តិចាប់​ពីវត្តឧណ្ណាលោមដល់សាលាទ្ធរណ៍។​

លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្បែរបរិវេណសាលាឧទ្ធរណ៍ថា ​​គណបក្សសង្រ្គោះជាតិនៅតែបន្តទាមទារ​ឱ្យមានការដោះលែងលោក កឹម សុខា។ ​

​​លោក សុន ឆ័យ៖«ប៉ុន្តែជានយោបាយយើងនៅតែទុកច្រកមួយ ដែលអាចនឹងឃើញភាពមួយដែលរីកចំរើន អញ្ចឹងបានថាយើងមិនត្រូវនិយាយល្អិតសូន្យសុងទាំងអស់ទេ វាគួរតែមានពន្លឺអីតិចតួចដែរ។ដែលខំមកនេះ មកអញ្ចឹង មកដាស់តឿនផងមករំលឹកផង»។

​​ជុំវិញការចាប់ខ្លួនប្រធានគណបក្សប្រឆាំងនេះដែរ សហគមន៍អន្តរជាតិ បានទាមទារដោះលែងកឹមសុខាជាបន្ទាន់ តែ ​ប្រមុខរដ្ឋាភិបាល​ ចាត់ទុកការទាមទារនេះ គឺជាការជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងកម្ពុជា​៕

 

Share

ព័ត៌មានទាក់ទង

Image