ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញនៅទី២៥ ខែកញ្ញា សម្រេចផ្តន្ទាទោសបុរសពីរនាក់ឲ្យជាប់ពន្ធាគាររយៈពេល៧ឆ្នំាពីអំពើជួញដូរមនុស្សនៅធ្វើការងាររោងចក្រនៅប្រទេសចិន។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការបេសកម្មយុត្តិធម៌អន្តរជាតិ IJM ប្រចំានៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា ជនរងគ្រោះចំនួន១៧នាក់ត្រូវបានបង្ខំឲ្យធ្វើការក្នុងរោងចក្រកាត់ដេរមួយនៅប្រទេសចិនក្រោម រូបភាពសន្យាផ្តល់អាហារូបករណ៍សម្រាប់សកលវិទ្យាល័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជនរងគ្រោះបានផ្តល់សក្ខីភាពថា ជនល្មើសជូញដូរមនុស្សឈ្មោះ អ៊ីន ស៊ីម៉ាណាន់ និង លាវ វីង ហីង បានបោកបញ្ឆោតក្នុងរូបភាពផ្តល់ឱកាសរៀនថ្នាក់បរិញ្ញាបត្រ និងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរម៉ូតសម្លៀកបំពាក់ តាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលគណនេយ្យភាពវិជ្ជាជីវៈInstitute for Professional Accounting Training (IPAT) ។
ផ្ទុយទៅវិញជនរងគ្រោះទំាងនោះ ត្រូវបានបង្ខំឲ្យធ្វើរោងចក្រកាត់ដេរប្រំាពីរថ្ងៃក្នុងមួយសប្តាហ៍ ដោយទទួលបានប្រាក់កម្រៃពាក់កណ្តាលនៃប្រាក់ឈ្នួលដំបូង។ បន្ថែមពីនេះជនរងគ្រោះបង្ខំឲ្យបង់ថ្លៃឈ្នួលបន្ថែមគ្រប់ទីកន្លែងនិងបង្ខំឲ្យធ្វើការទំាងមានជំងឺ។
ជនល្មើសជួញដូរមនុស្សឈ្មោះ អ៊ីន ស៊ីម៉ាណាន់ ជានាយក វិទ្យាស្ថានបណ្តុះបណ្តាលគណនេយ្យភាពវិជ្ជាជីវៈInstitute for Professional Accounting Training(IPAT) និង ឈ្មោះលាវ វីង ហីង បានទទួលប្រាក់ចំណេញច្រើនពីជនរងគ្រោះ។
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសជនល្មើសទំាងពីររូបនេះពីបទផ្ទេរជនរងគ្រោះដោយខុសច្បាប់តាមមាត្រា១១ នៃច្បាប់បង្ក្រាបអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។ តុលាការបានបង្គាប់ឲ្យជនល្មើសសងសំណងប្រាក់ចំនួន៩២២០០ ដុល្លារអាមេរិកដល់ជនរងគ្រោះ។
លោក Peter Williams នាយកអង្គការបេសកម្មយុត្តិធម៌អន្តរជាតិហៅកាត់IJM មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការផ្តន្ទាទោសជនល្មើសនេះគឺជាផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ លោកបន្តថា អង្គការ IJM បានចាប់ផ្តើមគម្រោងថ្មីនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនិងបញ្ហានៃការជួញដូរពលកម្មក្នុងឆ្នំា២០១៦។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នំា ២០១៧ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរក្សាការវាយតម្លៃប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជានៅក្នុងកម្រិតទី២ឬ Tier 2 ដែលមានន័យថាជាលទ្ធផលល្អប្រសើរ។
ទោះបីយ៉ាងណារដ្ឋាភិបាលកម្ពុជាបានកាត់ទោសជនល្មើសទាក់ទងនឹងការជួញដូរមនុស្សចំនួន ៥៣នាក់ បើធៀបទៅនិងឆ្នំា ២០១៥ មានចំនួន ៦៩នាក់។
ក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានគេជួញដូរទៅប្រទេសចំនួន១១ប្រទេស ក្នុងឆ្នំា ២០១៥។ រដ្ឋាភិបាលបានកម្ពុជាបានជួយសង្រ្គោះជនរងគ្រោះចំនួន ២៧២ ពីប្រទេម៉ាឡេស៊ី ២៣១ ពីប្រទេសវៀតណាម ១៣៩ នាក់ពីប្រទេសថៃ ៧៨ ពីប្រទេសឥណ្ឌូនេស៊ី ៦៤ នាកពីប្រទេសចិន ១៦ នាក់ពីប្រទេសជប៉ុន និង ៦នាក់ ពីប្រទេសសឹង្ហបុរី និងប្រទេសមួយចំនួនទៀត៕