en     km
en     km

គ.ជ.ប៖ ២៤ថ្ងៃនៃថ្ងៃចុះឈ្មោះបោះឆ្នោត គ្មានពាក្យបណ្តឹងនោះទេ មាន តែពាក្យកែតម្រូវមួយចំនួន  

Share

ភ្នំពេញ ៖គិតត្រឹមពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២៤ កញ្ញា ឆ្នាំ២០១៧ នេះ គឺ មានរយៈពេល ២៤ថ្ងៃហើយ ដែល គ.ជ.ប បានដាក់ឱ្យដំណើរការនៃការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧។រយៈពេល ២៤ថ្ងៃនេះដែរ អ្នកនាំពាក្យ គ.ជ.ប ថា មិនទាន់មានពាក្យបណ្ដឹងណាមួយប្ដឹងមក គ.ជ.ប នោះទេ។

ថ្លែងប្រាប់វិទ្យុស្រ្ដី Fm 102 នៅថ្ងៃទី ២៤ ខែកញ្ញា ២០១៧នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងបន្ដថា គ.ជ.ប បានត្រឹមតែបានទទួលពាក្យកែតម្រូវមួយចំនួនប៉ុណ្ណោះ ។

លោក ហង្ស ពុទ្ធា ៖ «កែតម្រូវពាក់ព័ន្ធនឹងទិន្នន័យដែលបានចុះឈ្មោះកាលពីឆ្នាំ ២០១៦ ដូចជាខុសឈ្មោះ ខុសភេទ និងខែឆ្នាំកំណើតជាដើម »

តាម លោក ហង្ស ពុទ្ធា ដដែល ចំណុចកែតម្រូវដែលចូលមកដល់គ.ជ.ប ពីគ្រប់រាជធានីខេត្ត ដែលគិតមកដល់ពេលនេះ មាន ១៥១៩ករណី ។ តែទោះយ៉ាងណាតាមលោក ហង្ស ពុទ្ធា ចំណុចដែលត្រូវកែវតម្រូវទាំងនោះ គឺ  គ.ជ.ប បានធ្វើការ កែតម្រូវរួចរាល់អស់ហើយ។

លោក ហង្ស ពុទ្ធា៖«បាទ៎ យើងបានធ្វើការកែតម្រូវរួចហើយបាទ៎ ដោយមានឯកសារច្បាស់លាស់ ដោយយើងពិនិត្យឯកសារ»

ការចុះឈ្មោះ​បោះឆ្នោត មានរយៈ​ ៧០ ថ្ងៃ គឺរាប់ចាប់​​​​​ពី​​ថ្ងៃ​០១ ខែកញ្ញា ដល់​​ថ្ងៃ​ទី០៩ ខែវិច្ឆិកា​​ ​ឆ្នាំ២០១​៧ នៅតាម​សាលាឃុំ- សង្កាត់ និងនៅតាមភូមិមួយចំនួន​ក្នុងឃុំសង្កាត់ទូទាំងប្រទេស​​  ដែលបើកធ្វើ​​ការជារៀងរាល់ថ្ងៃ​ គិតទាំងថ្ងៃ​សៅរិ៍ និងថ្ងៃអា​ទិត្យ​។

គ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋ ​​ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះ ជាពិសេស ពលរដ្ឋដែលកំពុង​បំពេញ​បេស​កកម្ម ធ្វើការ​ ឬសិក្សានៅក្រៅប្រទេស​ប្រញ៉ប់​​រួសរាន់ត្រឡប់មកប្រទេសកម្ពុជា ដើម្បី​ចុះឈ្មោះបោះឆ្នោត​​ ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលា​​​តាមកាលបរិច្ឆេទដែលបាន​​កំណត់ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះ។   

សូមជម្រាបដែរថា គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួនជិត ១៦លាននាក់ (១៥​,៨៨៣​,២៥០នាក់) ។ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួនជិត១០លាននាក់( ៩,​៧៨៨​,២៣៩នាក់) ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួនជិត៨លាននាក់ ( ៧,៨៦៥,០៣៣នាក់) ​និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួនជាងមួយលាន ៤សែននាក់ ( ១,៤១២,១៤៩នាក់)។ ដោយឡែក ពលករ​ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេង​ទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជា​​ងមួយលាននាក់​(១,០៥០,០០០នាក់) ​ក្នុងនោះនៅប្រទេស​ថៃមានចំនួន​​ច្រើនជា​​​ង​គេ។

គិតមកត្រឹមថ្ងៃទី ២២ ខែកញ្ញា ម្សិលមិញនេះដែរ  អ្នកទៅចុះឈ្មោះបោះឆ្នោត មានចំនួន  ១៥ម៉ឺន ៥ពាន់ ៨៣៦នាក់  ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីចាស់មានចំនួន ៥៤៣នាក់ ។បើតាម លោក ហង ពុទ្ធា​ ចំនួនអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីនេះ គឺ នូវមានចំនួនតិចនៅឡើយ ៕

 

Share

Image
Image
Image