ក្រុងភ្នំពេញ៖ ថ្ងៃនេះ ២៤ កញ្ញាគឺជាទិវានៃការប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែល ច្បាប់កំពូលនេះ កើតចេញជារូបរាងតាមរយៈ កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ និង តាមរយៈសភាធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ប្រទេសដែល ចែងពីការធានា ការប្រព្រឹត្តិទៅនៃអង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិ នឹង អំណាចតុលាការ។
តើរយៈពេល ២៤ ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញត្រូវបានអនុវត្តត្រឹមត្រូវដែរឬទេ? អ្នកវិភាគមើលឃើញថារយៈពេលចុងក្រោយនេះ រដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មជាញឹកញាប់ ហើយមិនត្រូវបានគោរពឲ្យបានល្អប្រសើរឡើយ តែករណី៏នេះ នាំឲ្យគិតថា ច្បាប់កំពូលនេះនឹងគ្មានតម្លៃ ច្រើនទេ។
លោក សេរីវឌ្ឍនៈរាយការណ៏៖
កាលណាគេនិយាយអំពីរដ្ឋធម្មនុញ្ញនៃប្រទេសនីមួយៗ គឺគេត្រូវមើលអង្គទាំងបីធំៗនៃប្រទេសនោះ គឺ នីតិបញ្ញត្តិ នីតិប្រតិបត្តិ នឹង អំណាចតុលាការ។ ស្ថាប័នរដ្ឋធំទាំង៣នេះ មានតុល្យភាពនឹងគ្នា ដែលមានន័យថា គ្មានស្ថាប័នណាមួយអាចរំលោភ លើ ស្ថាប័នណាមួយបាននោះទេ ពោលគឺ ស្ថាប័ននីមួយៗអនុវត្តតួនាទីរបស់ខ្លួនដោយឯករាជ្យ ។
រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន នេះត្រូវបានបង្កើតឡើងដោយសភាធម្មនុញ្ញ បន្ទាប់ពីកម្ពុជា បានឆ្លងកាត់ ការបោះឆ្នោតសមាជិកសភាតំបូង នៅឆ្នាំ ១៩៩៣ ហើយពេលនោះកម្ពុជាមានសន្តិភាពធ្វើឲ្យភាគីនយោបាយ ខ្មែរទាំងអស់ជួបជុំគ្នានៅឯរដ្ឋសភា។ តែយ៉ាងណាក៏ដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស បានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនដងមកហើយ គេធ្វើឡើងដើម្បីតម្រូវចិត្តបក្សនយោបាយ។
ត្រង់នេះហើយដែលអ្នកវិភាគមួយចំនួនគិតថា បើរដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មជាញឹកញាប់គឺពិតជា ធ្វើឲ្យតម្លៃរបស់ច្បាប់កំពូលនេះធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យប៉ះទង្គិចរបបសេរីពហុបក្សទៀតផង បើគេកែប្រែចំមាត្រាដែលនិយាយអំពីរបបសេរីពហុបក្សនោះ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គមយល់ថា រដ្ឋធម្មនុញ្ញបច្ចុប្បនុ្ននេះ ហាក់ត្រូវបានធ្វើវិសោធនកម្មទៅតាមតម្រូវការរបស់ស្ថានការណ៍នយោបាយដែលលោកថា ធ្វើឲ្យប៉ះពាល់ស្មារតីរបស់ច្បាប់នេះ។
លោក បណ្ឌិត មាសនី៖ «រដ្ឋធមនុញ្ញរបស់ប្រទេសនីមួយៗ គឺត្រូវការធ្វើវិសោធនកម្ម ក៏ប៉ុន្តែបើធ្វើវិសោធនកម្ម ញឹកពេកនឹងធ្វើឲ្យច្បាប់នឹងមានភាពវិកវរ ច្របូកច្របល់ក្នុងការអនុវត្តច្បាប់ បាទហើយ រឿងមួយដែលជាចំណុចខ្សោយដែលខ្ញុំតាមដាននៅក្នុងការប្រើប្រាស់រដ្ឋធម្មនុញ្ញនៅគ្រប់ ជំនាន់ទាំងអស់ យើងមានរដ្ឋធម្មនុញ្ញល្អ តែចំណុចខ្សោយនឹងគឺអ្នកនយោបាយយក រដ្ឋធម្មនុញ្ញមកប្រើប្រាស់ ដោយមិនបានគិតសម្លឹងឆ្លុះបញ្ជាំង ទៅលើសកម្មភាពជាក់ស្តែង ក្នុងការប្រៀបធៀបរដ្ឋធម្មនុញ្ញទេបាទ! »។
យោងតាមមាត្រា ៥១ ចែងថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្សហើយអំណាចបែង ចែក ដាច់ពីគ្នា រវាអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ នឹង អំណាចតុលាការ។
មាត្រា ១៥៣ ចែងថា ការសើរើ ឬ វិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធសេរីពហុបក្សនិង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ត្រង់នេះហើយដែល លោក សុខ សំអឿន អ្នកជំនាញខាងច្បាប់បានប្រាប់វិទ្យុស្រ្តីFM 102 តាមរយៈ កិច្ចពិភាក្សាតុមូល នៅព្រឹកថ្ងៃទី ២៤ កញ្ញានេះ ថា ប្រទេសណាក៏មានរដ្ឋធម្មនុញ្ញដែរ តែបើធ្វើវិសោធនកម្មចំមាត្រាអំពីរបបប្រជាធិបតេយ្យ គឺជាការធ្វើឲ្យប៉ះពាល់ដល់ ពហុបក្ស។
លោក សុខ សំអឿន៖«នៅក្នុងមាត្រា១៥៣ គឺកំណត់ថា ការសើរើឬការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយ បើប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នឹង របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ និយាយរួមគឺនីតិបញ្ញត្តិ អាចកែប្រែរដ្ឋធម្មនុញ្ញបាន តែមិនអាចកែប្រែចំណុច ណាដែលប៉ះពាល់ដល់របបសេរីពហុបក្សនោះឡើយ»។
រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានសភាធម្មនុញ្ញអនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ នាសម័យប្រជុំពេញអង្គលើកទី២ ដោយមាន ១៥៨ មាត្រា ហើយប្រកាសឱ្យប្រើជាផ្លូវការនៅឆ្នាំទី ២៤ កញ្ញា ឆ្នាំ១៩៩៣។ ប្រធានសភាធម្មនុញ្ញ គឺសម្តេច បវរសេដ្ឋា សឺន សាន៕