en     km
en     km

ក្រសួងទេសចរណ៍ចេញចំណាត់ការទប់ស្កាត់ការប្ដូរឈ្មោះរមណីយដ្ឋានបូកគោ

Share

ភ្នំពេញ៖ នៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រសួងគឺបានបង្ហាញការទប់ស្កាត់នៃការប្ដូរឈ្មោះ “រមណីយដ្ឋាន ឋានសួគ៌បូកគោ” ទៅជា”រមណីយដ្ឋានសុខាស្ថានសួគ៌”។

នៅក្នុងខ្លឹមសារដែរក្រសួងទេសចរណ៍បានសរសេរ បញ្ជាក់ថា ការទប់ស្កាត់ខាងលើ ដោយយោងទៅលើការមិនចង់បំភ្លេចចោលឈ្មោះដើម គឺ “រមណីយដ្ឋាន បូកគោ “​ ឱ្យទៅជាឈ្មោះរមណីយដ្ឋានសុខាស្ថានសួគ៌ ។

តាមរយៈខ្លឹមសារដដែលនេះ  “បូកគោ” ជាឈ្មោះមួយដែលមានយូរណាស់មកហើយ និងធ្វើអោយភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ស្គាល់ច្បាស់ថា រមណីយដ្ឋានបូកគោ គឺជាតំបន់ទេសចរណ៍ វប្បធ​ម៌ ប្រវត្តិសាស្រ្ដ និងជាតំបន់ធម្មជាតិល្បីល្បាញ និងទាក់ទាញមួយបែបនៅភាគនិរតីនៃប្រទេសកម្ពុជា។ដូចនេះ ការរក្សាឈ្មោះដើមនៅក្នុងតំបន់នេះ គឺជាការរួមចំណែកមួយដើម្បីរក្សាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ដមួយនេះ មិនអោយបាត់បង់ពីបញ្ជីប្រវត្តិសាស្រ្ដរបស់ពិភពលោក។

ភ្នំបូកគោត្រូវបានគេស្គាល់ភាគច្រើនថា ជាឧទ្យានជាតិបូកគោ ដែលស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ភ្នំបូកគោមានកម្ពស់ ១០៧៥ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ ១១គីឡូម៉ែត្រពីក្រុងកំពត ទៅកាន់ជើងភ្នំ និងចម្ងាយ ៣២គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ១៩១៧ ដោយជនជាតិបារាំងឈ្មោះរូលួស និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ១៩២១។ កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំង និងរាជវង្សានុវង្សប៉ុណ្ណោះ។ 

ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រមទាំងមានព្រៃព្រឹក្សាធម្មជាតិដ៏ខៀវស្រងាត់និងស្រស់បំព្រង។ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពមើលពីលើកំពូលភ្នំទៅកាន់ទីរួមខេត្តកំពត ឆ្នេរសមុទ្រ និងកោះជាច្រើនដែលនៅខាងក្រោមយ៉ាងសប្បាយរីករាយ។

ឧទ្យានជាតិភ្នំបូកគោ មានដើមឈើត្រូពិច ពាសពេញលើភ្នំ ព្រមទាំងសត្វព្រៃជាច្រើនប្រភេទ និងទឹកជ្រោះដ៏ស្រស់ស្អាត និងល្បីល្បាញ គឺទឹកជ្រោះពពកវិល។ ភ្នំបូកគោគឺជាទីកន្លែងកម្សាន្តដែលសម្បូរបែបបំផុតមួយ ដែលនឹងធ្វើឲ្យគ្រប់ដំណើរកម្សាន្តរបស់អ្នកទេសចរ ពោពេញដោយភាពរីករាយនិងបំភ្លេចមិនបាន។

 ជុំវិញការទប់ស្កាត់ករណីប្ដូរឈ្មោះ “រមណីយដ្ឋាន ឋានសួគ៌បូកគោ” ទៅជា “រមណីយដ្ឋាន សុខាស្ថានសួគ៌ “ នេះដែរ គឺបន្ទាប់ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី កម្ពុជា បានបញ្ជាឱ្យអភិបាលខេត្តកំពតដកហូតចេញនូវស្លាកសញ្ញាដែលសរសេររមណីយដ្ឋានឋានសួគ៌បូកគោ ទៅជា “រមណីយដ្ឋាន សុខាស្ថានសួគ៌ “ ឱ្យបានមុនម៉ោង ១១ ថ្ងៃត្រង់ កាលពីថ្ងៃទី ២៣ កញ្ញា ម្សិលមិញ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image