en     km
en     km

ស្លាកអក្សរក្លោងទ្វារបូកគោ«រមណីយដ្ឋានសុខាឋានសួគ៌»ដកចេញហើយតាមបញ្ជារបស់សម្ដេចហ៊ុនសែន

Share

ក្រុងភ្នំពេញ៖ អាជ្ញាធរខេត្តកំពតរូតរាន់ភ្លាមៗនៅព្រឹកនេះមិញនេះ បន្ទាប់ពី​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជាបានចេញ​បញ្ជាឲ្យដក​ផ្លាក​សញ្ញា​ខុសច្បាប់ចេញពីក្លោងទ្វាររមណីយដ្ឋានបូកគោ។ ខណៈនេះដែរ  សាស្រ្តាចារ្យ​ម្នាក់បាន​បង្ហាញ​ទស្សនៈថា ការប្តូរឈ្មោះពីរបស់សារធារណៈមកជាឯកជនជារឿងដែលខុស គ្មាន​ប្រយោជន៏​​ដល់សង្គមជាតិហើយធ្វើឱ្យពលរដ្ឋប្រតិកម្ម។

លោកសេរី វឌ្ឍន់រាយការណ៍៖

នៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញចំណាត់ការឲ្យធ្វើការផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានសុខាឋានសួគ៌» មកជា «រមណីយដា្ឋនឋានសួគ៌បូកគោ» វិញ ឲ្យបានមុនម៉ោង ១១ ថ្ងៃ បន្ទាប់ពីការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ថាការផ្លាស់ប្តូរឈ្មោះដើម មកជារបស់ឯកជនគឺជាកំហុសដ៏ធ្ងន់ធ្ងរ។

សម្តេចបានសរសេរថា៖ « សូម​អរគុណ​បង​ប្អូន​ជន​រួម​ជាតិ​ដែល​បាន​ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​ដូរ​ឈ្មោះ​ រមណីយដ្ឋាន​ភ្នំ​បូកគោ​ទៅ​ជា​ឈ្មោះ​ផ្សេង​ដែល​រាជ​រដ្ឋាភិបាល​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​ បាន​ដឹង​និង​មិន​បាន​អនុញ្ញាត។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពត​ទៅ​ដក​ហូត​ចេញ​នូវ​ផ្លាក​សញ្ញា​ អត់​ច្បាប់​ចេញ​ឲ្យ​បាន​មុន​ម៉ោង​១១​ថ្ងៃ​នេះ។ តំបន់​ប្រវត្តិ​សាស្ត្រ​ត្រូវ​តែ​រក្សា​ឈ្មោះ​ដើម​ជា​ដាច់​ខាត»។

ភ្លាមៗបន្ទាប់ពីមានបទបញ្ជានេះអភិបាលខេត្តកំពតនិងសមត្ថកិច្ច ពាក់ព័ន្ធបានចុះទៅរុះ រើស្លាកឈ្មោះថ្មីនោះរួចរាល់ផងដែរ។

ខណៈពេលដែលកំពុងមានការផ្ទុះការរិះគន់នេះ លោក ឯម សុវណ្ណារ៉ា សាស្រ្តា​ចារ្យ​វិទ្យាសាស្រ្តនយោបាយ  បាននិយាយថាប្រសិនបើការផ្លាស់ប្តូរគឺដើម្បី​សង្គមជាតិ ឬ ក៏ក្នុងបំណងចង់ឲ្យមានភាពងាយស្រួលក្នុងការកំណត់ចំណាំ គឺមិនខុសនោះ​ទេ ។តែការផ្លាស់ប្តួរព្រោះតែចង់​ដាក់របស់នោះជារបស់ឯកជន គឺជារឿងដែលគ្មាន​ប្រយោជ​ន៍ចំពោះសង្គមជាតិ។ លោក​បាន​បង្ហាញទៀតថាចំពោះរដ្ឋដែល​ឲ្យអាជ្ញាប័ណ្ណ​ទៅកាន់​អ្នក​វិនិយោគធ្វើ​ការ​រកស៊ី​នៅ​លើទីតាំងនោះ ហើយមានការផ្លាស់ប្តូរស្លាកសញ្ញាបែបនេះ គឺមានន័យថាបាត់​បង់នៅ​សម្បត្តិរបស់សារធារណជនរួចជាស្រេចទៅហើយ។​ការកែប្រែចំណុចប្រវត្តិសាស្ត្រនាំ​ឱ្យពលរដ្ឋខកចិត្ត។

លោកឯមសុវណ្ណារ៉ា៖ «នៅពេលដែលក្នុងការផ្លាស់ប្តូរនេះ គឺធម្មតាវាប៉ះពាល់អារម្មណ៏ ប្រជាពលរដ្ឋហើយ ធម្មតាពីសម្បត្តិរដ្ឋមកសម្បត្តិឯកជន ហាក់ដូចជាបាត់បង់ទញរព្យសម្បត្តិរបស់ខ្លួនឯងដែរ អញ្ជឹងនៅពេលដែលការបោះឆ្នោត លោកនឹងមានការសម្រេចចិត្តផ្សេងហើយបាទខ្ញុំគឹតអញ្ជឹង! »

គូសបញ្ជាក់ផងដែរថា ការចេញបទបញ្ជាឲ្យដកស្លាកអក្សរនេះ គឺបន្ទាប់ពីទទួលរងការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់សារធារណជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសបុក នៅពេលដែលរមណីយដ្ឋានឋានសួគ៌បួកគោ ប្តូរឈ្មោះមកជា រមណីយដ្ឋានសុខាឋានសួគ៌។

ស្របពេលនេះដែរក្រសួងបរិស្ថានបានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់​ប្រាប់​សាធារណជន​ថាឈ្មោះប្រវត្តិសាស្រ្តរមណីយដ្ឋានភ្នំបូកគោមិនត្រូវបាន​ផ្លាស់​ប្តូរឡើយនេះបើយោងតាមសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មានទើបទទួល​បានមុន​នេះបន្តិច។

សេចក្តីបំភ្លឺនេះគឺជាការបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការរក្សាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីយដ្ឋានភ្នំបូកគោក៏ដូចជាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីយដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា«រមណីយដ្ឋានភ្នំបូកគោដែលមានទីតាំងស្ថិតនៅក្នុង “ឧទ្យានជាតិព្រះមុនីវង្សបូកគោ” នៅតែរក្សាឈ្មោះប្រវត្តិសាស្រ្តរបស់ខ្លួនដដែលដោយមិនមានការផ្លាស់ប​្តូរទៅឈ្មោះផ្សេងឡើយ។ឧទ្យានជាតិព្រះមុនីវង្សបូកគោដែលស្ថិតនៅភូមិសាស្រ្តខេត្តកំពតខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺដែលមានផ្ទៃក្រឡាសរុបចំនួន១៥៤៤៥៨ហិកតាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ហើយក្រសួងបរិស្ថានមានតួនាទីគ្រប់គ្រងការពារនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះនៅក្នុងឧទ្យាជាតិនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ»

តាមរយៈសេចក្តីបំភ្លឺនេះក្រសួងបរិស្ថានជឿជាក់ថាសាធារណជនទាងអស់នឹងបានជ្រួលជ្រាបអមពីគោលជំហរយ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការរក្សាឈ្មោះទីតាំងប្រវត្តិ​សាស្រ្តរបស់រមណីដ្ឋានភ្នំបូកគោក៏ដូចជាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីដ្ឋានដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថាតំបន់រមណីយដ្ឋានភ្នំបូកគោដែលជាតំបន់ប្រវត្តិសាស្រ្តត្រូវបានក្រុមហ៊ុនសុខាដែលវិនិយោគលើភ្នំពេញនេះសម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៧មកម្ល៉េះខណៈដែលរាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាតនៅឡើយ។

រមណីដ្ឋានភ្នំបូកគោមានកម្ពស់១០៧៥ម៉ែត្រស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពតនិងមានចម្ងាយជិត២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។រមណីយដ្ឋានភ្នំបូកគោត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថារូលួសហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ខែមេសាឆ្នាំ១៩២២ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។នៅក្នុងសម័យសង្គមរាស្ត្រនិយមមានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ។

រមណីយដ្ឋានភ្នំបូកគោគឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញនិងល្បាញល្បីនៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃខេត្តកំពត។រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះមានកន្លែងសម្រាប់កម្សាន្តនិងលំហែកាយជាច្រើនដូចជាទឹកជ្រោះពពកវិល, ថ្មមុខយក្សឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅប្រាំ, ព្រះវិហារកាតូលិកចាស់, ឡឺបូកគោផាលេស (សណ្ឋាគារចាស់), ដំណាក់ស្លាខ្មៅ, ដំណាក់ព្រះបាទមុនីវង្សឬដំណាក់ស្តេច, វាលស្រែ៥០០និងកន្លែងសមាធិ៕

 

Share

Image
Image
Image