en     km
en     km

អាកាសធាតុអាប់អួរភ្លៀងបន្ត​ធ្លាក់រាយប៉ាយ​ច្រើនស្ទើរ​ទូទាំង​ប្រទេសរហូតដល់ពាក់កណ្តាលសប្តាហ៍ក្រោយ

Share

ភ្នំពេញ៖ កម្ពុជាកំពុង​​បន្ត​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើនស្ទើរ​ទូទាំង​ប្រទេស ​ក្នុង​នោះតំបន់​​មាត់​សមុទ្រនឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា​។ នេះ​បើ​យោង​តាម​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយម។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនឹងឧតុនិយម បានឱ្យវិទ្យុស្ត្រីអេហ្វអឹម ១០២ ដឹងនៅថ្ងៃនេះថា យោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់​ក្រសួង​ អាកាសធាតុអាប់អួរ ហើយភ្លៀងកំពុងបន្តធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើនស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី២៧ ខែកញ្ញាខាងមុខ។

ទន្ទឹម​គ្នា​នេះ ​លោក​​​បាន​បញ្ជាក់​ថា នៅ​​តំបន់​​វាល​​ទំនាប​និង​តំបន់​ខ្ពង់រាបរបស់កម្ពុជា ​​មាន​​ភ្លៀង​​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ដូច​គ្នា​ ចំណែកតំបន់សមុទ្រ និងលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ ដោយ​សារឥទ្ធិពលប្រព័ន្ធសម្ពាធទាបនេះ។ « តំបន់ខ្លះនៅក្នុងប្រទេសកម្ពុជា មានបរិមាណទឹកភ្លៀងរហូតដល់​២០០ ​មីលី​ម៉ែត្រ ​ដូច​ជា​នៅ​ស្រុក​បា​ធាយ​ ខេត្តកំពង់ចាម​… ​ហើយ​នៅ​​ល្ងាច​​ថ្ងៃទី​​២២ ​កញ្ញានេះ ​អាកាស​ធាតុនៅបន្តអាប់អួរ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ»

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានទ្បើងជាយថាហេតុ។

Share

Image
Image
Image