ភ្នំពេញ៖ កម្ពុជាកំពុងបន្តរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើនស្ទើរទូទាំងប្រទេស ក្នុងនោះតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើន ដោយមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែកញ្ញា។ នេះបើយោងតាមព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនឹងឧតុនិយម បានឱ្យវិទ្យុស្ត្រីអេហ្វអឹម ១០២ ដឹងនៅថ្ងៃនេះថា យោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួង អាកាសធាតុអាប់អួរ ហើយភ្លៀងកំពុងបន្តធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើនស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី២៧ ខែកញ្ញាខាងមុខ។
ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ថា នៅតំបន់វាលទំនាបនិងតំបន់ខ្ពង់រាបរបស់កម្ពុជា មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនដូចគ្នា ចំណែកតំបន់សមុទ្រ និងលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ ដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាបនេះ។ « តំបន់ខ្លះនៅក្នុងប្រទេសកម្ពុជា មានបរិមាណទឹកភ្លៀងរហូតដល់២០០ មីលីម៉ែត្រ ដូចជានៅស្រុកបាធាយ ខេត្តកំពង់ចាម… ហើយនៅល្ងាចថ្ងៃទី២២ កញ្ញានេះ អាកាសធាតុនៅបន្តអាប់អួរ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ»។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានទ្បើងជាយថាហេតុ។