រ៉ូសូ ៖ លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីសាធារណរដ្ឋ Dominica បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ម្សិលមិញថាយ៉ាងហោចណាស់មនុស្សចំនួន ១៥នាក់បានស្លាប់ និង មនុស្ស ២០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ដោយសារតែខ្យល់ព្យុះ “ម៉ារីយ៉ា” វាយប្រហារប្រទេសនេះកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
តាមរយៈបទសម្ភាសន៍ដែលលោកនាយករដ្ឋមន្ដ្រី Roosevelt Skerrit ដែលផ្ដល់ទៅកាន់ទូរទស្សន៍ និងវិទ្យុ ព្យុះ ម៉ារីយ៉ា នេះមានល្បឿន ២៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយវាបានទៅដល់សាធារណរដ្ឋ ដូមីនិក នៅវេលាល្ងាចថ្ងៃចន្ទ ទី១៨ ខែកញ្ញា។
បើទោះព្យុះ ម៉ារីយ៉ា បានថមថយឥទ្ធិពលរបស់វាទៅហើយក្ដី ក៏ប៉ុន្ដែហេដ្ឋារចនាសម្ព័ន្ធស្ទើទាំងស្រុងត្រូវបានបំផ្លាញ ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងបានដួលរលំ មន្ទីរជាច្រើនកន្លែងមិនអាចបើកដំណើរការបាន ខណៈប្រព័ន្ធអគ្គិសនីក៏ត្រូវបានកាត់ផ្ដាច់។
កាលពីឆ្នាំ២០១៥ ប្រទេស Dominica ក៏ធ្លាប់ទទួលរងការវាយប្រហារដោយព្យុះម្ដងដែរ ដែលមានឈ្មោះថា អេរីហ្គ័រ កាលនោះព្យុះនេះវាបានសម្លាប់មនុស្ស ២០នាក់៕ ប្រភព ៖ Xinhua