ម៉ិកស៊ិក ៖ យ៉ាងហោចមនុស្ស ១៤៩នាក់ បានស្លាប់ខណៈមានគ្រោះរញ្ជួយដីមួយ កម្លាំង ៧.១ រិចទ័រ នៅប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារ ទី១៩ កញ្ញា ម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន the guardian ដែលចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញានេះ។
គ្រោះរញ្ជួយដីនេះ បានធ្វើឲ្យអាគារជាច្រើននៅក្នុងរដ្ឋធានីជាច្រើនរបស់ប្រទេស ម៉ិកស៊ិក ដួលរលំ និងរងការខូចខាតយ៉ាងដំណំ។ តាមក្រុមអ្នកជួយសង្គ្រោះអះអាងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនថែមទៀត ខណៈមនុស្សជាច្រើនរយនាក់កំពុងជាប់គាំងក្នុងអាគារប្រមាណ ៤៩ខ្នង ដែលរលំនៅតាមរដ្ឋធានីធំៗ និងតំបន់មាត់សមុទ្រ។ តាមសេចក្ដីរាយការណ៍លោក Luis Felipe Puente ប្រធានភ្នាក់ងារការពារស៊ីវិលនៃប្រទេសម៉ិកស៊ិក បាននិយាយថា មនុស្ស ៥៥នាក់ បានស្លាប់នៅទីក្រុង Morelos។ ៤៩នាក់នៅទីក្រុងម៉ិកស៊ិកូ ៣២នាក់នៅរដ្ឋ Puebla ១០នាក់នៅរដ្ឋធានីម៉ិកស៊ិក និងមនុស្ស ៣នាក់ទៀតស្លាប់នៅតំបន់ឆ្នេរសមុទ្រ នៃរដ្ឋធានី Guerrero។
ប្រទេសម៉ិកស៊ិក ធ្លាប់មានគ្រោះរញ្ជួយដីម្ដង កាលពី ៣២ឆ្នាំមុន (១៩៨៥) ដែលកាលនោះមនុស្សជាង ១ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ដូចគ្នានេះ។ ប្រភពពី ៖ the guardian