កំពត៖ ទឹកជំនន់បានកើនឡើង នៅក្នុងរយៈពីរថ្ងៃធ្វើឲ្យលិចផ្លូវ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំមួយចំនួន ក្នុងស្រុកទឹកឈូរខេត្តកំពត ដល់ទៅជាងមួយ១ម៉ែត្រ ។ លោក ខួយ ឃុនហួរ អភិបាលខេត្តកំពត ថាទឹកជំនន់នេះដោយសារជំនន់ទឹកភ្លៀង ឯប្រជាពលរដ្ឋរស់នៅទីនោះ បញ្ជាក់ថា មកពីមានការបើកទំនប់វារីអគ្គិសនីភ្នំកំចាយទើបមានទឹកជន់ឡើង។
លោកខូយ ឃុនហួរបញ្ជាក់ថា មូលហេតុនៃការកើនឡើងនូវទឹកជំនន់ គឺដោយសារ ក្នុងរយៈពេល ២ឬ ៣ នេះភ្លៀងខ្លាំង ។ លោកបន្តថា ទឹកជំនន់នេះ មិនមែនមកពីការបើកទំនប់វារីអគ្គិសនីភ្នំកំចាយនោះឡើយ ។ លោកអភិបាលខេត្តរូបនេះបន្ថែមថា លោកកំពុងចាត់វិធានការដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពរដ្ឋផងដែរ។

ជុំវិញការលើកឡើងខាងលើនេះ អ្នកស្រាវជ្រាវរបស់អង្គការលីកាដូលោក យុន ផល្លី ដែលបានស្រាវជ្រាវពីបញ្ហានេះដែរនោះ បានលើកឡើងថា កំណើនទឹកជំនន់នេះបណ្តាលមកពីការបើកទំនប់វារីអគ្គិសនីភ្នំកំចាយ ធ្វើឲ្យព្រែកដៃសមុទ្រពេញមិនអាចហូរចូលទៅសមុទ្របាន រួមទាំងភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា ទើបធ្វើឲ្យមានកំណើនទឹកជំនន់ខ្លាំងបែបនេះ ។
លោកយុន ផល្លីបានបញ្ជាក់ថា នៅពេលនេះផលដាំណាំរបស់ប្រជាពលរដ្ឋមិនទាល់មានការខូចខាតខ្លាំងទេ តែបើទឹកនៅតែបន្តលិចទៀតនោះ ស្រូវ និងដំណាំ នឹងរងផលប៉ះពាល់ជាក់ជាមិនខាន។ លោក យុន ផល្លី ក៏បានស្នើដល់មន្ត្រីមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរថា មុនពេលបើកទំនប់វារីអគ្គិសនី គួរតែជូនដំណឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋបានត្រៀមខ្លួនជាមុន ។
គួរបញ្ជាក់ផងដែរថា ទំនប់វារីអគ្គិសនី ភ្នំកំចាយបានចាប់ផ្តើមកសាងក្នុងតុលា ឆ្នាំ២០០៧ ហើយដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងខែធ្នូឆ្នាំ២០១១៕