ភ្នំពេញ៖ ជានិច្ចជាកាលរដូវបុណ្យទាន គឺប្រៀបបាននឹងឱកាសរកចំណូលកាន់តែច្រើនរបស់ម្ចាស់អាជីវកម្ម ដែលមានរថយន្ដដឹកអ្នកដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ដ ព្រោះតែពេលនេះហើយដែលពួកគេអាចឈ្លៀតដំឡើងថ្លៃទ្វេគុណ។ ក៏ប៉ុន្ដែក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនបានអះអាងថា ខ្លួននៅតែរក្សាតម្លៃដើម និងរថយន្ដខ្លះដំឡើងថ្លៃ។ លោក លៀ ស៊ីណា រាយការណ៍៖
អាចជាដំណឹងល្អមួយដែរសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្ដក្រុង ពីភ្នំពេញត្រឡប់ទៅស្រុកកំណើត ក្នុងរដូវភ្ជុំបិណ្ឌនេះ។ ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៣បានអះអាងថា ក្រុមហ៊ុនរបស់ហ៊ុនពួកគេ មិនដំឡើងថ្លៃទេ ខណៈក្រុមហ៊ុនដឹកអ្នកដំណើរ ១ទៀត នឹងឡើងថ្លៃ។
ក្រុមហ៊ុនមានជ័យ ដឹកអ្នកដំណើរ ដែលមានទីតាំងស្ថិតនៅខណ្ឌទូលគោក នៅតែរក្សាតម្លៃរបស់ខ្លួនដដែលគឺ ៨ដុល្លារទាំងទៅខេត្ដសៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ។ ក្រុមហ៊ុនដឹកអ្នកដំណើរមួយនេះ បន្ដដឹកជញ្ជូនភ្ងៀវរបស់ខ្លួនត្រឹមតែថ្ងៃទី១៨ កញ្ញាប៉ុណ្ណោះ។
ចំណែកក្រុមហ៊ុនដឹកអ្នកដំណើរ រិទ្ធមុន្នី ដែលជាក្រុមដឹកអ្នកដំណើរដ៏ធំមួយ ក៏មិនឡើងថ្លៃដែរក្នុងរដូវភ្ជុំបិណ្ឌនេះដែរ។ នេះបើតាមការអះអាងរបស់ លោក សំ វិចិត្រ បុគ្គលិកបម្រើសេវាអតិថិជនដែលបានប្រាប់វិទ្យុស្ដ្រី។ លោក សំ វិចិត្រ ៖«ធម្មតាយើងលក់តម្លៃចេញទៅតាមខេត្ដប៉ុណ្ណាយើងលក់ប៉ុណ្ណឹង ទៅដូចជាសៀមរាប បាត់ដំបងអី គឺយើងលក់សំបុត្រមួយ ៣ម៉ឺន យើងលក់ថ្ងៃធម្មតាប៉ុណ្ណឹងថ្ងៃបុណ្យភ្ជុំបិណ្ឌយើងលក់ប៉ុណ្ណឹងដែរ»។
តែយ៉ាងណាតាមការអះអាងរបស់លោក វិចិត្រ ក្រុមហ៊ុនដឹកអ្នកដំណើរ រិទ្ធមុន្នី ពីមុនក៏ធ្លាប់មានការដំឡើងថ្លៃក្នុងឱកាបុណ្យទានដែរ ក៏ប៉ុន្ដែត្រូវបញ្ឈប់ទៅវិញ ខណៈក្រុមហ៊ុមើលឃើញថា ជាទង្វើដែលមិនល្អ និងមិនស្មោះត្រង់ចំពោះអតិថិជន។ ម្យ៉ាងវិញទៀតក្រុមហ៊ុននេះ ក៏ចង់ចូលរួមជួយដល់កម្មករ និងពលរដ្ឋទូទៅ ដែលមានជីវភាពក្រីក្រអាចមានលទ្ធភាពធ្វើដំណើរទៅជួបបងប្អូននៅខេត្ដបាន។ លោក សំ វិចិត្រ ៖«ណាមួយយើងគិតថា វាជាកត្ដាមួយជួយដល់កម្មករ ជួយដល់ប្រជាជនដែលមានជីវភាពមធ្យម ឬជីវភាពខ្វះខាតដែលគាត់ចង់ធ្វើដំណើរទៅជួបជុំបងប្អូនគាត់ក៏ចំណាយតិចដែរ ដែលយើងអត់ឡើងអញ្ចឹង»។
ក្រុមហ៊ុន រិទ្ធមុន្នី មិនបញ្ឈប់សកម្មភាពដឹកជញ្ជូនអតិថិជនរបស់ខ្លួនឡើយក្នុងរដូវភ្ជុំបិណ្ឌនេះ គ្រាន់ក្នុងថ្ងៃដាក់បិណ្ឌធំ ក្រុមហ៊ុននឹងបន្ថយជើងធ្វើដំណើរមិនដល់ ៣០ជើង ដូចរាល់ដងនោះទេ។
ងាកទៅក្រុមហ៊ុនដឹកអ្នកដំណើរ ថេរ៉ូ អ៊ិចប្រេស ឯណោះវិញ តាមការឲ្យដឹងពីនាយកក្រុមហ៊ុននេះ ក្រុមហ៊ុន របស់លោកគ្មានទេរឿងតម្លើងថ្លៃដើម្បីចំណេញពីញើសឈាមអតិថិជន។
លោក ភក្ដី នាយកគ្រប់គ្រងក្រុមហ៊ុន ថេរ៉ូ អ៊ិចប្រេស មានប្រសាសន៍ថា ក្រុមហ៊ុនលោកមិនធ្លាប់តម្លើងថ្លៃទេតាំងពីចាប់បង្កើតមក។ បើទោះបីជាពេលខ្លះក្រុមហ៊ុនមានផលំបាកខាងផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏ប៉ុន្ដែលោក ភក្ដី នៅតែមានជំនឿលើភាពស្មោះត្រង់រវាងម្ចាស់អាជីវកម្ម និងអតិថិជន។ លោក ភក្ដី ៖«ក្រុមហ៊ុនបងពេលមុនបង្កើបាននិយាយគ្នាច្បាស់ពីចំណុចហ្នឹង (ឡើងថ្លៃ) អ្នកណាក៏ចង់បានកម្រៃដែរព្រោះយើងត្រូវថែមប្រាក់ឲ្យបុគ្គលិកដែលគាត់ធ្វើការថ្ងៃបុណ្យទាន ប៉ុន្ដែយើងត្រឡប់មកវិញបើយើងធ្វើជំនួញយើងអង្គុយចាំតែចំណេញ គិតតែពីផលប្រយោជន៍ នោះយើងក៏មិនបានយូរអង្វែងដែរ»។
ក្រុមហ៊ុន ថេរ៉ូ អ៊ិចប្រេស គឺមិនឈប់សម្រាក ក្នុងការដឹកជញ្ជូនអតិថិជនរបស់ខ្លួនឡើយ មិនថានៅតាមបណ្ដាខេត្ដក្នុងព្រះរាជាណាចក្រកម្ពុជា ឬក៏ទៅដល់រាជាណាចក្រថៃ។
ដោយឡែកក្រុមហ៊ុនដឹកអ្នកដំណើរពន្លឺអង្គរខ្មែរ ដែលមានទីតាំងស្ថិតនៅទល់មុខសាលមហោស្រពចេនឡា ឯណោះវិញ ក៏នៅតែនឹងបន្ដដឹកជញ្ជូនភ្ញៀវរបស់ខ្លួនមិនឈប់សម្រាប់នារដូវភ្ជុំនេះដែរ ប៉ុន្ដែក្រុមហ៊ុននឹងដំឡើងថ្លៃសំបុត្រ នៅកៀកនឹងថ្ងៃបិណ្ឌធំ។
អ្នកនាង ម៉ា ណាវី បុគ្គលិកផ្នែករដ្ឋបាល និងគណនេយ្យរបស់ក្រុមហ៊ុនដឹកអ្នកដំណើរពន្លឺអង្គរខ្មែរ បានប្រាប់វិទ្យុស្ដ្រីថា ក្រុមហ៊ុនពន្លឺអង្គរខ្មែរ សម្រេចដំឡើងថ្លៃសំបុត្រដូច្នេះ គឺដោយសារតែក្រុមហ៊ុនអស់ឡានផ្ទាល់ខ្លួន ហើយត្រូវជួលឡានក្រុមហ៊ុនផ្សេងមកបន្ថែម។ ក្រុមហ៊ុននេះនឹងដំឡើងថ្លៃពី ២ម៉ឺនរៀលសម្រាប់ថ្ងៃធម្មតា ដែលធ្វើដំណើរពីភ្នំពេញ ទៅបាត់ដំបង ដល់ ២៥០០០រៀល ពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា តទៅ។ អ្នកនាង ម៉ា ណាវី៖«ឡើង ៥០០ពាន់អី យើងនឹងឡើងទៅតាមលទ្ធភាពជាក់ស្ដែងបើយើងអស់ឡាន បើយើងជួលឡានគេមុនថ្ងៃ យើងនឹងឡើង ហើយយើងក៏ព្រួយបារម្ភពីការប្រកួតប្រជែងដែរក៏ប៉ុន្ដែក្រុមហ៊ុនផ្សេងៗ គេឡើងដែរ»។
នៅកម្ពុជាមានរថយន្ដដឹកអ្នកដំណើរឯកជនជាច្រើនផ្សេងគ្នា មានទាំងរថយន្ដដឹកអ្នកដំណើរចាស់វស្សា និងរថយន្ដដឹកនអ្នកដំណើរដែលទើបចាប់ផ្ដើអាជីវកម្មក្នុងរយៈពេលថ្មីៗ។ ក៏ប៉ុន្ដែរថយន្ដដឹកអ្នកដំណើរភាគច្រើនតែងតែដំឡើងថ្លៃខណៈបុណ្យទានចូលមកដល់ បើទោះជាមានការអំពាវនាវពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ៕