en     km
en     km

រថយន្ដ​ដឹក​អ្នក​អ្នកដំណើរ​មួយ​ចំនួន​ប្រកាស​មិន​ឡើងថ្លៃ​ខណៈ​រថយន្ដ​ខ្លះ​ទៀត​ឡើងថ្លៃ​

Share

​ភ្នំពេញ​៖​ ជា​និច្ច​ជា​កាល​រដូវ​បុណ្យ​ទាន​ គឺ​ប្រៀប​បាន​នឹង​ឱកាស​រក​ចំណូល​កាន់តែ​ច្រើន​របស់​ម្ចាស់​អាជីវកម្ម​ ដែល​មាន​រថយន្ដ​ដឹក​អ្នកដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ដ​ ព្រោះតែ​ពេល​នេះ​ហើយ​ដែល​ពួក​គេ​អាច​ឈ្លៀត​ដំឡើង​ថ្លៃ​ទ្វេគុណ​។​ ក៏​ប៉ុន្ដែ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​ចំនួន​បាន​អះអាង​ថា​ ខ្លួន​នៅ​តែ​រក្សា​តម្លៃ​ដើម​ និង​រថយន្ដ​ខ្លះ​ដំឡើង​ថ្លៃ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖



​អាច​ជា​ដំណឹង​ល្អ​មួយ​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង​ ពី​ភ្នំពេញ​ត្រឡប់​ទៅ​ស្រុក​កំណើត​ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​។​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​ ៣​បាន​អះអាង​ថា​ ក្រុមហ៊ុន​របស់​ហ៊ុន​ពួក​គេ​ មិន​ដំឡើង​ថ្លៃ​ទេ​ ខណៈ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ១​ទៀត​ នឹង​ឡើងថ្លៃ​។​

​ក្រុមហ៊ុន​មាន​ជ័យ​ ដឹក​អ្នកដំណើរ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​ទូល​គោក​ នៅ​តែ​រក្សា​តម្លៃ​របស់​ខ្លួន​ដដែល​គឺ​ ៨​ដុល្លារ​ទាំង​ទៅ​ខេត្ដសៀមរាប​ ពោធិ៍សាត់​ បាត់ដំបង​ និង​ខេត្ដបន្ទាយមានជ័យ​។​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​នេះ​ បន្ដ​ដឹក​ជញ្ជូន​ភ្ងៀ​វ​របស់​ខ្លួន​ត្រឹមតែ​ថ្ងៃ​ទី​១៨​ កញ្ញា​ប៉ុណ្ណោះ​។​

​ចំណែក​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ រិ​ទ្ធ​មុន្នី​ ដែល​ជា​ក្រុម​ដឹក​អ្នកដំណើរ​ដ៏​ធំ​មួយ​ ក៏​មិន​ឡើងថ្លៃ​ដែរ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ដែរ​។​ នេះ​បើ​តាម​ការ​អះអាង​របស់​ លោក​ សំ​ វិចិត្រ​ បុគ្គលិក​បម្រើសេវា​អតិថិជន​ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​។​ លោក​ សំ​ វិចិត្រ​ ៖«​ធម្មតា​យើង​លក់​តម្លៃ​ចេញ​ទៅ​តាម​ខេត្ដ​ប៉ុណ្ណា​យើង​លក់​ប៉ុណ្ណឹង​ ទៅ​ដូច​ជា​សៀមរាប​ បាត់ដំបង​អី​ គឺ​យើង​លក់​សំបុត្រ​មួយ​ ៣​ម៉ឺន​ យើង​លក់​ថ្ងៃ​ធម្មតា​ប៉ុណ្ណឹង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​យើង​លក់​ប៉ុណ្ណឹង​ដែរ​»​។​

​តែ​យ៉ាងណា​តាម​ការ​អះអាង​របស់​លោក​ វិចិត្រ​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ រិ​ទ្ធ​មុន្នី​ ពី​មុន​ក៏​ធ្លាប់​មានការ​ដំឡើង​ថ្លៃ​ក្នុង​ឱ​កា​បុណ្យ​ទាន​ដែរ​ ក៏​ប៉ុន្ដែ​ត្រូវ​បញ្ឈប់​ទៅ​វិញ​ ខណៈ​ក្រុម​ហ៊ុ​មើលឃើញ​ថា​ ជា​ទ​ង្វើ​ដែល​មិនល្អ​ និង​មិន​ស្មោះត្រង់​ចំពោះ​អតិថិជន​។​ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​នេះ​ ក៏​ចង់​ចូលរួម​ជួយ​ដល់​កម្មករ​ និង​ពលរដ្ឋ​ទូទៅ​ ដែល​មាន​ជីវភាព​ក្រីក្រ​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ជួប​បងប្អូន​នៅ​ខេត្ដ​បាន​។​ លោក​ សំ​ វិចិត្រ​ ៖«​ណាមួយ​យើង​គិត​ថា​ វា​ជា​កត្ដា​មួយ​ជួយ​ដល់​កម្មករ​ ជួយ​ដល់​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម​ ឬ​ជីវភាព​ខ្វះខាត​ដែល​គាត់​ចង់​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​បងប្អូន​គាត់​ក៏​ចំណាយ​តិច​ដែរ​ ដែល​យើង​អត់​ឡើង​អ​ញ្ចឹ​ង​»​។​

​ក្រុមហ៊ុន​ រិ​ទ្ធ​មុន្នី​ មិន​បញ្ឈប់​សកម្មភាព​ដឹក​ជញ្ជូន​អតិថិជន​របស់​ខ្លួន​ឡើយ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ គ្រាន់​ក្នុង​ថ្ងៃ​ដាក់​បិណ្ឌ​ធំ​ ក្រុមហ៊ុន​នឹង​បន្ថយ​ជើង​ធ្វើ​ដំណើរ​មិន​ដល់​ ៣០​ជើង​ ដូច​រាល់​ដងនោះ​ទេ​។​

​ងាក​ទៅ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ថេ​រ៉ូ​ អ៊ិ​ច​ប្រេស​ ឯណោះ​វិញ​ តាម​ការ​ឲ្យ​ដឹង​ពី​នាយក​ក្រុមហ៊ុន​នេះ​ ក្រុមហ៊ុន​ របស់​លោក​គ្មាន​ទេ​រឿង​តម្លើង​ថ្លៃ​ដើម្បី​ចំណេញ​ពី​ញើស​ឈាម​អតិថិជន​។​

​លោក​ ភក្ដី​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ថេ​រ៉ូ​ អ៊ិ​ច​ប្រេស​ មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​លោក​មិន​ធ្លាប់​តម្លើង​ថ្លៃ​ទេ​តាំងពី​ចាប់​បង្កើត​មក​។​ បើ​ទោះបីជា​ពេល​ខ្លះ​ក្រុមហ៊ុន​មាន​ផ​លំបាក​ខាង​ផ្នែក​សេដ្ឋកិច្ច​ក៏​ដោយ​ ក៏​ប៉ុន្ដែ​លោក​ ភក្ដី​ នៅ​តែ​មាន​ជំនឿ​លើ​ភាព​ស្មោះត្រង់​រវាង​ម្ចាស់​អាជីវកម្ម​ និង​អតិថិជន​។​ លោក​ ភក្ដី​ ៖«​ក្រុមហ៊ុន​បង​ពេល​មុន​ប​ង្កើ​បាន​និយាយ​គ្នា​ច្បាស់​ពី​ចំណុច​ហ្នឹង​ (​ឡើងថ្លៃ​)​ អ្នក​ណា​ក៏​ចង់បាន​កម្រៃ​ដែរ​ព្រោះ​យើង​ត្រូវ​ថែម​ប្រាក់​ឲ្យ​បុគ្គលិក​ដែល​គាត់​ធ្វើការ​ថ្ងៃ​បុណ្យ​ទាន​ ប៉ុន្ដែ​យើង​ត្រឡប់​មក​វិញ​បើ​យើង​ធ្វើ​ជំនួញ​យើង​អង្គុយចាំតែ​ចំណេញ​ គិតតែ​ពី​ផលប្រយោជន៍​ នោះ​យើង​ក៏​មិន​បាន​យូរអង្វែង​ដែរ​»​។​

​ក្រុមហ៊ុន​ ថេ​រ៉ូ​ អ៊ិ​ច​ប្រេស​ គឺ​មិន​ឈប់​សម្រាក​ ក្នុង​ការ​ដឹក​ជញ្ជូន​អតិថិជន​របស់​ខ្លួន​ឡើយ​ មិន​ថា​នៅ​តាម​បណ្ដា​ខេត្ដ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​ក៏​ទៅ​ដល់​រាជាណាចក្រ​ថៃ​។​

​ដោយឡែក​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពន្លឺ​អង្គរ​ខ្មែរ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​សាល​មហោស្រព​ចេ​ន​ឡា​ ឯណោះ​វិញ​ ក៏​នៅ​តែ​នឹង​បន្ដ​ដឹក​ជញ្ជូន​ភ្ញៀវ​របស់​ខ្លួន​មិន​ឈប់​សម្រាប់​នា​រដូវ​ភ្ជុំ​នេះ​ដែរ​ ប៉ុន្ដែ​ក្រុមហ៊ុន​នឹង​ដំឡើង​ថ្លៃ​សំបុត្រ​ នៅ​កៀក​នឹង​ថ្ងៃ​បិណ្ឌ​ធំ​។​

​អ្នក​នាង​ ម៉ា​ ណា​វី​ បុគ្គលិក​ផ្នែក​រដ្ឋបាល​ និង​គណនេយ្យ​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពន្លឺ​អង្គរ​ខ្មែរ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ក្រុមហ៊ុន​ពន្លឺ​អង្គរ​ខ្មែរ​ សម្រេច​ដំឡើង​ថ្លៃ​សំបុត្រ​ដូច្នេះ​ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​អស់​ឡាន​ផ្ទាល់ខ្លួន​ ហើយ​ត្រូវ​ជួល​ឡាន​ក្រុមហ៊ុន​ផ្សេង​មក​បន្ថែម​។​ ក្រុមហ៊ុន​នេះ​នឹង​ដំឡើង​ថ្លៃ​ពី​ ២​ម៉ឺន​រៀល​សម្រាប់​ថ្ងៃ​ធម្មតា​ ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​បាត់ដំបង​ ដល់​ ២៥០០០​រៀល​ ពី​ថ្ងៃ​ចន្ទ​ ទី​១៨​ ខែកញ្ញា​ តទៅ​។​ អ្នក​នាង​ ម៉ា​ ណា​វី​៖«​ឡើង​ ៥០០​ពាន់​អី​ យើង​នឹង​ឡើង​ទៅ​តាម​លទ្ធភាព​ជាក់ស្ដែង​បើ​យើង​អស់​ឡាន​ បើ​យើង​ជួល​ឡាន​គេ​មុន​ថ្ងៃ​ យើង​នឹង​ឡើង​ ហើយ​យើង​ក៏​ព្រួយបារម្ភ​ពី​ការ​ប្រកួតប្រជែង​ដែរ​ក៏​ប៉ុន្ដែ​ក្រុមហ៊ុន​ផ្សេងៗ​ គេ​ឡើង​ដែរ​»​។​

​នៅ​កម្ពុជា​មាន​រថយន្ដ​ដឹក​អ្នកដំណើរ​ឯកជន​ជា​ច្រើន​ផ្សេង​គ្នា​ មាន​ទាំង​រថយន្ដ​ដឹក​អ្នកដំណើរ​ចាស់វស្សា​ និង​រថយន្ដ​ដឹក​ន​អ្នកដំណើរ​ដែល​ទើប​ចាប់​ផ្ដើ​អាជីវកម្ម​ក្នុង​រយៈពេល​ថ្មីៗ​។​ ក៏​ប៉ុន្ដែ​រថយន្ដ​ដឹក​អ្នកដំណើរ​ភាគច្រើន​តែងតែ​ដំឡើង​ថ្លៃ​ខណៈ​បុណ្យ​ទាន​ចូល​មក​ដល់​ បើ​ទោះជា​មានការ​អំពាវនាវ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ​៕

Share

Image
Image
Image