ភ្នំពេញកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នំា២០១៧ដោយសារកូនព្យុះទី១៨ ឈ្មោះ ដុកស៊ុយរី (DOKSURI) បានធ្វើដំណើរឆ្លងកាត់ពីប្រទេសហ្វីលីពីនចូលមកសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចេញផ្សាយនាពេលថ្មីៗនេះ។
តាមសេចក្តីជូនដំណឹងដដែលឱ្យដឹងទៀតថាកាលពីថ្ងៃទី១៣ កញ្ញា កន្លងមកនេះកូនព្យុះទី១៨ ១៨ ឈ្មោះ ដុកស៊ុយរី (DOKSURI) បានធ្វើដំណើរឆ្លងកាត់ពីប្រទេសហ្វីលីពីនចូលមកសមុទ្រចិនខាងត្បូង ហើយយោងតាមការព្យាករណ៍ កូនព្យុះនេះនឹងបង្កើនឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទីហ្វុង នឹងបន្តដំណើរឆ្ពោះមកកាន់សមុទ្រតុងកឹង មុនទ្បើងគោកនៅភាគខាងជើងប្រទេសវៀតណាម នាពេលរំលងអធ្រាតចូលថ្ងៃទី១៦ កញ្ញា ឆ្នំា២០១៧។
លក្ខណៈបែបនេះនឹងធ្វើឱ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានអាកាសធាតុដូចជា៖
នៅតំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ក្នុងកម្រិតមធ្យមទៅច្រើនក្នុងនោះ មាននៅខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នំាង និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ កញ្ញា ឆ្នំា២០១៧។
រីឯតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំដងរែក អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០១៧។ ដោយទ្បែកនៅតំបន់មាត់សមុទ្រវិញអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ កញ្ញា ឆ្នំា២០១៧ ហើយលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លំាងជាមួយនឹងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ កញ្ញាឆ្នំា២០១៧។ ការណ៍នេះក្រសួងធនធានទឹក និងឧតុនិយមអអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានទ្បើងជាយថាហេតុ។