en     km
en     km

សម្ដេច ហ៊ុន សែន អំពាវនាវជនរួមជាតិ រួមគ្នាកម្ចាត់ជនបរទេសឈ្លានពាន

Share

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រទី១៥ កញ្ញានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមគ្នាជាជាតិនិយមដើម្បីកំចាត់ពួកបរទេសឈ្លានពាន ដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលធ្វើឡើង នៅចំពោះមុខកម្មករជាច្រើនពាន់នាក់ នៅព្រឹកមិញនេះ។

សម្ដេច ហ៊ុន សែន ៖

 

ជុំវិញរឿងនេះដែរ ប្រមុខរដ្ឋមិនបាននិយាយចំៗថាឱ្យ ជនបរទេស ឬប្រទេសណាទេ ដែល លោកអំពាវនាវឱ្យពលរដ្ឋប្រឆាំងនោះ។ តែទោះយ៉ាងណាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ទំនងជាសម្ដេចចង់សំដៅទៅលើប្រទេសអាមេរិក ដោយ​សាររយៈពេលចុងក្រោយនេះ សម្ដេច ហ៊ុន សែន ហាក់ដូចជាខឹងនិងអាមេរិកយ៉ាងខ្លាំងទាក់ទិននឹងរឿង ដែលអាមេរិកទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។

ក្នុងវេទិកានេះដែរ សម្តេច ហ៊ុន សែន ក៏បានប្រកាសខ្លាំងៗដោយចោទសួរឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា ថាតើ ការនិយាយរបស់ លោក កឹម សុខា អំពីផែនការរៀបចំធ្វើបដិវត្តពណ៌ពិត ឬមិនពិត ។

ករណីនេះ  សម្តេចស្នើសុំទៅឯកអគ្គរដ្ឋទូតអាមេរិកចេញមុខមកពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជាដែលទទូចឱ្យចេញមុខមកភ្លាមៗដើម្បីពន្យល់រឿងលោក កឹម សុខា និយាយអំពីការធ្វើបដិវត្តពណ៌។

ក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានថ្លែងថា អាមេរិកជាប្រទេសគ្មានគុណធម៌ និងគ្មានមនុស្សធម៌ ចំពោះការបញ្ជូនពលរដ្ឋខ្មែរសញ្ជាតិអាមេរិក មកកាន់កម្ពុជាវិញដោយបំបែកបំបាក់ក្រុមគ្រួសាររបស់គេ។

សម្តេច ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀត ដោយផ្តាំទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក កុំមកចង់ធ្វើជាម៉ែ-ជាឪកម្ពុជា ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់កម្ពុជាបើកការស្រាវជ្រាវលើជនជាតិអាមេរិកទាំងឡាយនៅកម្ពុជា ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មនៅកម្ពុជា មុននឹងក្រោយឆ្នាំ២០១៣។

តើអ្នក​វិភាគនយោបាយកម្ពុជាយល់ដូចម្ដេចដែរ ចំពោះជំហររបស់សម្ដេចនាយករដ្ឋមន្រ្ដី ដែលឈ្លោះជាមួយមហាអំណាចអាមេរិក?

លោក សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ដែលជាអ្នកវិភាគបញ្ហានយោបាយ និងសង្គម បានដាក់ការព្រួយបារម្ភខ្លាច ករណីជម្លោះនេះ ដើរជាន់ដានរឿងអតីតនៃការទម្លាក់សម្ដេចឪនរោត្តមសីហនុ កាលពីឆ្នាំ១៩៧០។

លោក សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា៖

 

លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា គិតថា ទាំងកម្ពុជា និងអាមេរិក គួរស្វែងរកការត្រូវរ៉ូវគ្នា ឡើងវិញតាមរយៈការចរចា ជាជាងភាគីម្ខាងៗប្រកាន់ភាពខ្លាំងរៀងៗខ្លួន៕

Share

ព័ត៌មានទាក់ទង

Image