ភ្នំពេញ៖ គិតត្រឹមថ្ងៃនៃការដាក់ឱ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មីឆ្នំា២០១៧នេះ គ.ជ.ប មិនទាន់ទទួលបាន ពាក្យបណ្តឹងនោះទេ ខណៈអ្នកចុះឈ្មោះបោះឆ្នោតថ្មីសរុបជាង ៩ម៉ឺននាក់។ នេះបើតាមលោក ហង្ស ពុទ្ធា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយប្រកាសបើកសិក្ខាសាលាសម្រាប់សារព័ត៌មានស្តីពី ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នំា២០១៧ រាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី០១ កញ្ញា ដល់ថ្ងៃទី ១៤ កញ្ញា ឆ្នំា២០១៧ គឺមានរយៈពេល១៤ថ្ងៃហើយដែលគ.ជ.ប បានដាក់ឱ្យដំណើរការចុះឈ្មោះបោះ ឆ្នោតថ្មីឆ្នំា២០១៧។ រយៈពេល១៤ថ្ងៃនេះ អ្នកនំាពាក្យ គ.ជ.ប ថាពុំមានពាក្យបណ្តឹងណាមួយប្តឹងមក គ.ជ.ប នោះទេ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ១៥ កញ្ញា នេះ អ្នកនំាពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថាដំណើរការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តិទៅដោយភាពរលូន និងតម្លាភាព។
អ្នកនំាពាក្យរូបនេះ បន្តថាចាប់តំាងពីគ.ជ.ប ដាក់ឱ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ គ.ជ.ប ពុំទាន់ទទួលបានពាក្យបណ្តឹងនៅទ្បើយទេ។ «១៤ថ្ងៃនេះគឺអត់មានបណ្តឹងអីទេស្អីៗប្រព្រឹត្តទៅដោយរលូនល្អ មានរឿងតិចតួចដែរដូចជា error កុំព្យូទ័រទៀតមិញខ្ញុំអត់ទាន់និយាយដល់ប៉ុន្តែគ.ជ.ប បានគិតទុកជាមុនទំហំធំ៩លាននាក់ គ.ជ.ប ធ្វើបានរឿងអី១លាននាក់នេះ គ.ជ.ប ធ្វើអត់បានគឺយើងបានគ្រប់ជ្រុងជ្រោយអស់ហើយ»។
ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោតនេះដែរ ទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) លោកស្រីអ៊ី ម៉ៃតាកាកុ (IMAI TAKAKO) មានប្រសាសន៍ថា ដើម្បីឱ្យការចុះឈ្មោះបោះឆ្នោត និងដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយភាពល្អប្រសើរ ជាពិសេសកាត់បន្ថយពាក្យបណ្តឹងនោះ គឺត្រូវពង្រឹងការអប់រំទៅដល់ពលរដ្ឋស្តីពីនីតិវិធីចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។
«អញ្ចឹងបើយើងគិតអំពីការអប់រំអ្នកបោះឆ្នោតទាក់ទងការបោះឆ្នោតបើសិនការអប់រំទៅដល់ប្រជាពលរដ្ឋអ្នកយល់ជ្រាបដូចគ្នានឹងធ្វើឱ្យដំណើរការបោះឆ្នោតដំណើរការទៅដោយរលូនដោយគ្មានបណ្តឹងផ្សេងៗ»។
ទីប្រឹក្សាជប៉ុនរូបនេះក៏បានអះអាងដែរថា អង្គការ JICA និងប្តេជ្ញាចិត្តជួយគំាទ្រទៅដល់ គ.ជ.ប ក្នុងការជួយផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបោះឆ្នោត។
បើតាមអ្នកនំាពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា គិតត្រឹមថ្ងៃទី១៤ កញ្ញា នៃការដាក់ឱ្យដំណើរការបោះឆ្នោតឆ្នំា២០១៧មានចំនួនអ្នកចុះឈ្មោះបោះឆ្នោតសុរប ៩ម៉ឺន៤ពាន់២១១នាក់ ស្មើនឹង ៥,៧៩%ក្នុងនោះមានស្រ្តីចំនួន៤ម៉ឺន៦ពាន់៦៣៥នាក់ ហើយឈ្មោះដែលបានលុបចេញបញ្ជីចំនួន៣៣២នាក់ ខណៈអ្នកដែលមានឈ្មោះបោះឆ្នោតក្នុងឆ្នំា២០១៧នេះមានចំនួន៧លាន៩សែន៥ម៉ឺន៨ពាន់៩៤២នាក់៕