en     km
en     km

ប្រវត្តិសាស្ត្រ៖ព្រះបាទ​ច័ន្ទរាជាបាន សោយរាជ្យយូរជាងស្ដេចកន  

Share

ព្រះបាទ​ច័ន្ទរាជា គឺជាព្រះមហាក្សត្រ ដែលសោយរាជ្យយូរជាងគេក្នុង​ចំណោមព្រះមហាក្សត្រខ្មែរ ទាំងអស់ដែលសោយរាជ្យពីគ.ស​ ១៣៩៣ ដល់ ១៦០៣ បន្ទាប់ពីព្រះអង្គ​​ដឹក​នាំវាយ​កម្ចាត់ ​ស្ដេច​កន ដែលគេចាត់ថា ស្តេចជ្រែករាជ្យ។ ព្រះ​​អង្គសោយ​រាជ្យ ពី​ឆ្នាំ១​៥១៦ ដល់ ១៥៦៦ ពោលគឺមានរយៈពេល​៥០ឆ្នាំ ខណៈស្តេចកនសោយរាជ្យបានតែ១៣ប៉ុណ្ណោះ។

ជាបន្តសូមអញ្ជើញស្តាប់ ការអត្ថាធិប្បាយរបស់កញ្ញា ឆេង ណាតា៖

ព្រះ​​ពញា​ច័ន្ទ​រាជា ជា​ព្រះរាជ​បុត្រ​ទី​២​របស់​ព្រះបាទ​ធម្មរាជា ជាមួយអ្នកម្នាងទេព បុប្ផានិងជា​ព្រះអនុជរបស់ព្រះបាទ​ស្រី​សុគន្ធបទ ដែលជា​បងប្អូនម្តាយទីទៃ​។​

ក្រោយពេលដែលព្រះបិតាសោយទិវង្គត និងប្រគល់រាជ្យឱ្យព្រះ​ស្រី​សុគន្ធបទ ព្រះ​អនុជ​​ពញាចន្ទរាជាត្រូវបានតែងតាំងជាព្រះមហា​ឧបរាជ ហើយត្រូ​វឱ្យនៅការពារក្រុងចតុមុខ មើលខុសត្រូវលើអាណាខេត្ត​​ត្រើយខាងលិច ខណៈព្រះបាទ​ស្រី​សុគន្ធបទ ​លើករាជធានីទៅទួលបាសានវិញ។

តែជាអកុលស ព្រះ​មហាឧបរាជពញាច័ន្ទរាជា បានភៀសព្រះកាយទៅសុំជ្រកកោននឹងស្តេចសៀម បន្ទាប់ពីស្តេចកន ធ្វើការ​បះបោរ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ស្រីសុគន្ធបទ ដោយ​បោកប្រាស់​អ្នក​ស្រុក​ និងចៅហ្វាយខេត្តនានាថា​ ខ្លួនបាន​ទទួល​បញ្ជា​ពី​ព្រះបាទ​ស្រីសុគន្ធបទ ​​ទៅ​កេណ្ឌ​ទ័ព​ដើម្បី​មក​វាយ​កម្ចាត់​ព្រះអង្គពញាច័ន្ទរាជា ​ ដោយ​ចោទ​ព្រះអង្គ​ថា​មាន​ផែនការ​ក្បត់​ចង់​ឡើង​សោយរាជ្យ​នៅ​ក្រុង​ចតុមុខ។​​

លុះក្រោយមក​ទ្រង់ជ្រាបថា ព្រះរាមត្រូវឃុនហ្លួងព្រះស្តេចកនធ្វើគុត ហើយតាំងខ្លួនជាព្រះមហាក្សត្រ គឺពេលនោះព្រះបាទចន្ទរាជា ទ្រង់បានរិះរកគ្រប់មធ្យោបាយ​ ដើម្បីបានវិលត្រឡប់មក​ប្រទេសកំណើតវិញ។

​​​​​ព្រះអង្គ​ក៏​ទៅ​ទូល​សុំ​ការ​អនុញ្ញាត​ពី​ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ដើម្បី​បាន​យាង​វិល​ត្រឡប់​មក​រំដោះ​ប្រទេស​ជាតិ​ព្រះអង្គ​វិញ។ ប៉ុន្តែ​ដោយ​យល់​ឃើញ​ថា ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ហាក់​មិន​សូវ​ឈឺ​ឆ្អាល​នឹង​រឿង​នេះ ព្រះអង្គ​ចន្ទរាជា ដែល​ធ្លាប់​មាន​ស្នា​ព្រះហស្ដ​ក្នុង​ការ​ទាក់​ដំរី​ស ​ថ្វាយ​ព្រះចៅ​សៀមពី​មុន​មក ក៏​ប្រឌិត​បង្កើត​រឿង​ថា មាន​ដំរី​ស​មួយ​ទៀត​ធំ​លើស​ដំរី​ស​មុន កម្ពស់​ដប់​ហត្ថ ដែល​គេ​ឃើញ​មាន​ដាន​ជើង និង​រោម​ជាប់​ នឹង​ដើម​ឈើ ​ក្នុង​ព្រៃ​ភាគ​ខាង​កើត​នៃ​ប្រទេស​សៀម។ ព្រះចៅ​សៀម កាល​បើ​ជ្រាប​ដំណឹង​នេះ​ហើយ ក៏​ត្រាស់​បញ្ជា​ឱ្យ​ពញា​ចន្ទ​រាជា ចេញ​ទៅ​ទាក់​ដំរី​នោះ ​យក​មក​ថ្វាយ​ព្រះអង្គ​ឱ្យ​ទាល់​តែ​បាន។ ព្រះអង្គច័ន្ធរាជា​បានស្នើទៅស្តេចសៀមឱ្យផ្តល់​ពល​ចំនួន​ប្រាំ​ពាន់​នាក់ ដំរី​ធ្នាក់​មួយ​រយ​គ្រឿង ​សាស្ត្រាវុធ​​​ និង​ស្បៀង​អាហារ​​ ព្រម​ទាំង​ដាវ​អាជ្ញា​សឹក​​។

មុន​នឹង​ចេញ​ដំណើរ​ទាក់​ដំរី​ក្លែងក្លាយ​នេះ ចៅ​ពញា​ចន្ទរាជា បាន​លប​ធ្វើ​ដំណើរ​ទៅ​ជួប​ជា​សម្ងាត់​ជាមួយ​ចៅ​ពញា​អុង ដែល​ជា​បុត្រ​បស់ព្រះ​ស្រី​រាជា និង​ត្រូវ​ជា​ព្រះរៀម​ជីដូន​មួយ​នឹង​ព្រះអង្គ ដើម្បី​បបួល​ព្រះអង្គ​អោយ​វិល​ត្រឡប់​មក​ប្រទេស​វិញ។ ប៉ុន្តែ​ត្រូវ​ពញា​អុង ​​បដិសេធ។

ព្រះអង្គចន្ទរាជា បានបញ្ជាទ័ព​ឱ្យធ្វើដំណើរឆ្ពោះទៅទិសខាងកើត ធ្វើហាក់ដូចជាតាមដំរីស ហើយទីបំផុត ក៏បានទៅដល់​ព្រំដែនស្រុកខ្មែរ។ បន្ទាប់ពីធ្វើដំណើរដល់ព្រំដែនខ្មែរ ព្រះអង្គបានចាត់ឱ្យគេនាំសារសុំជំនួយទ័ពបន្ថែមពីស្តេចសៀម ប៉ុន្តែសារស្តេចសៀមជ្រាបពីកលល្បិចនេះ បានខ្ញាល់ជាខ្លាំង ហើយបញ្ជាឱ្យទ័ពទៅនាំព្រះច័ន្ទរាជាត្រឡប់ទៅស្រុកសៀមវិញ។

យ៉ាងណាមិញ ព្រះច័ន្ទរាជាបានរៀបផែន​លើកទ័ពវាយចូលស្រុកខ្មែររួចហើយ។​ចាប់តាំងពីពេលនោះមក ​សង្រ្គាម​​រវាងព្រះចន្ទរាជា និងស្តេចកន បានផ្ទុះឡើង​ ។ ​ ព្រះអង្គ​ចន្ទ មាន​ការ​គាំទ្រ​យ៉ាង​ប្ដូរ​ផ្តាច់​ពី​គ្រួសារ​តា​ពេជ្រ ឬតាឃ្លាំងមឿង ដែល​បាន​កេណ្ឌប្រជារាស្រ្តឱ្យគាំទ្រព្រះអង្គ និងបានធ្វើ​ពលិកម្ម​បូជា​ជីវិត ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ជួយ​ផងដែរ។

ក្នុងពេលធ្វើសង្រ្គាមជាមួយស្តេចកន  ព្រះអង្គក៏បានដណ្តើមបានខេត្តជាច្រើននៅភាគខាងលិច។

ទ័ពព្រះបាទចន្ទរាជា  បាន​ព័ទ្ធ​បន្ទាយ​​ស្រឡប់​​ពិជ័យ​ព្រៃ​នគរ​របស់​ស្ដេច​កន ជាប់​អស់​រយៈ​កាល​បី​ខែ ហើយ​វាយ​សន្ធាប់​ធ្វើ​អោយ​ស្ដេច​កន ​ត្រូវ​របួស និង​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល​ដោត ​ជា​បម្រាម នៅ​មុខ​បន្ទាយ​នោះ​ក្នុង​ឆ្នាំ​១៥២៥ នៃ​គ. ស។

 

ទីបំផុតសង្រ្គាមរបស់​ស្តេចកន និងព្រះអង្គ​ចន្ទរាជា ​ដែលបាន​អូស​បន្លាយ​អស់​រយៈពេល​៩​​ឆ្នាំ គឺ​ចាប់ពីឆ្នាំ​១៥១៦ ដល់ឆ្នាំ១៥២៥បានបញ្ចប់ជាស្ថាពរ។ ព្រះអង្គច័ន្ទរាជា ត្រូវមន្រ្តីស្នើឱ្យឡើងគ្រងរាជ្យសិននៅឆ្នាំ១៥១៦ ដោយមានព្រះនាមព្រះបរមរាជា​ចន្ទរាជា។

ដោយព្រះបាទញញាយស បុត្រព្រះបាទស្រីសុគន្ធបទ សោយទិវង្គត ​ព្រះច័ន្ទត្រូវបានព្រះរាជវង្ស និងនាយម៉ឺនសព្វមុខមន្រ្តី គាំទ្រឱ្យនៅបន្តសោយរា​ជ្យដដែល ដោយតាំងរាជធានីនៅខេត្តពោធិ៍សាត់។

ក្រោយមកព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ ​លើករាជធានីមកក្រុងលង្វែកវិញ។ ព្រះអង្គឈ្វែងយល់ថាកន្លែងនេះ​ គឺជាចំណុចយុទ្ធសាស្រ្ត​ស្រួលការពារខ្លួនជាងទីណាទាំងអស់។

ងាកមកទំនាក់ទំនងជាមួយប្រទេសសៀមវិញ ក្រោយពីដឹងថា ព្រះចន្ទរាជាគ្រប់គ្រងប្រទេសហើយ ស្តេចសៀមដែលចាត់ទុកប្រទេសខ្មែរជាប្រទេសចំណុះរបស់ខ្លួនតាំងពីរាជព្រះបាទធម្មរាជា​ទី១​ បានបញ្ជាឱ្យព្រះអង្គ​​លើកសួយសារអាករជាសត្វដំរី​ទៅថ្វាយ តែត្រូវបានព្រះអង្គចន្ទរាជាប្រកែក ​មិននៅធ្វើចំណុះ​សៀមបន្តទៀត។

មិនតែប៉ុណ្ណោះព្រះអង្គបានលើកទ័ពទៅវាយតទល់ នឹងទ័ពសៀម​ នៅ​ស្ទឹងអង្គរ ​នៅត្រង់ភូមិមួយ រហូតដល់ទ័ពសៀមរត់ប្រាសអាយុ ។ តំបន់នោះក៏បានជាប់ឈ្មោះ សៀមរាបរហូតដល់សព្វថ្ងៃនេះ។

​នៅគ.ស ១៥៣១ ពោលគឺឆ្លៀតពេលដែលខ្មែរមាន​​ប្រៀបជាងសៀម ព្រះអង្គបានបញ្ជាឱ្យលើកទ័ពទៅរំដោះខេត្ត​​អាណាខេត្តខាងលិច​ ដែលបានបាត់បង់ក្នុងរាជ្យស្តេចមុនៗ​ ​ដោយទ្រង់វាយបានខេត្តបស្ចឹមបុរីមកវិញ។ ក្រោយៗមកទៀត ​ព្រះអង្គវាយដណ្តើមបានខេត្តចន្ទបុរី និងខេត្តផ្សេងៗទៀត​នៅជិតនោះ។

ក្នុងរាជ្យព្រះ​បរម​រាជា​មហា​ច័ន្ទ​រាជា ​​ប្រទេសកម្ពុជា​ទទួលបានភាព​រុងរឿង ហើយប្រជាពលរដ្ឋរស់នៅ​ដោយសុខសាន្ត ត្បិត​ព្រះអង្គជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ និង​ប្រកប​ដោយ​ទសពិធរាជធម៌។​ ទ្រង់ជាព្រះមហាក្សត្រមួយព្រះអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា។ វត្តអារាមជាច្រើ​ន ទ្រង់បានបញ្ជាឱ្យសាងសង់ទាំងនៅខេត្តពោធិ៍សាត់ ឧដ្តុង និងនៅលើភ្នំព្រះរាជទ្រព្យ។ មិនតែប៉ុណ្ណោះព្រះអង្គជាក្សត្រដែលយកចិត្តទុកដាក់លើគ្រប់វិស័យ ទាំងសេដ្ឋ​កិច្ច សាសនា និងអក្សរសាស្រ្ត​។

លើសពីនេះទៅទៀត ព្រះអង្គ​ទ្រង់​បាន​ប្រមូល និង​សម្រិតសម្រាំង​អស់​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ទាំង​ខាង​ផ្លូវ​លោក ទាំង​ខាង​ផ្លូវ​ធម៌ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ព្រម​ទាំង​គម្ពីរ​ដីកា ក្រាំង សាស្ត្រា ឯកសារ​ទាំងអស់ ទុក​ជា​គ្រឹះ​ព្រះ​នគរ។ ​ក្រៅពីគុណ​សម្បត្តិ​ក្នុងចម្បាំងរំដោះ និងការពារទឹកដី នេះគឺជាគុណសម្បត្តិមួយទៀត​ ដែលគេកម្រឃើញមានក្នុងសន្តានចិត្តមេដឹកនាំ​ជាតិក្នុងសម័យនោះ ដែលតែងតែងព្យាយាមធ្វើទុក្ខបុកម្នេញចំពោះបញ្ញវ័ន្ត ពួកអ្នកខ្លាំងពូកែ និងអ្នកអក្សរសិល្ប៍ជាដើម។​​

ព្រះចន្ទរាជា​ បានសោយទិវង្គត​នៅក្រុងលង្វែក​ រហូតនៅគ.ស ​១៥៦៦-គឺពីឆ្នាំ១៥១៦-១៥៦៦ ។

ចេតិយតំកល់ព្រះអដ្ឋិធាតុ របស់ព្រះអង្គ ស្ថិតនៅលើភ្នំព្រះរាជទ្រព្យ​សព្វថ្ងៃ។

យោងតាម សៀវភៅប្រវត្តិសាស្ត្រ ត្រឹង ងា គឺព្រះបាទ ច័ន្ទរាជា គឺជាព្រះមហាក្សត្រ បាន សោយរាជ្យ យូរជាងគេ រយៈពេល កន្លះសតវត្ស ហើយ ហ្លួងព្រះស្ដេចសោយរាជ្យបាន ១៣ឆ្នាំ៕

Share

Image
Image
Image