ភ្នំពេញ៖ តាមឱ្យដឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ គឺ អ្នកដែលបានចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៨៥៩៧៩នាក់ ។
តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ជាលទ្ធផលបណ្ដោះ អាសន្ននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលគិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៧។
ការចុះឈ្មោះបោះឆ្នោត មានរយៈ ៧០ ថ្ងៃ គឺចាប់ពីថ្ងៃ០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស ដែលបើកធ្វើរៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរិ៍ និង ថ្ងៃអាទិត្យ។
ទន្ទឹមនិងការចុះឈ្មោះបោះឆ្នោតនេះដែរ គ.ជ.ប ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះ ជាពិសេស អ្នកដែលកំពុងបំពេញបេសកកម្ម ធ្វើការ ឬសិក្សានៅក្រៅប្រទេសប្រញ៉ប់រួសរាន់ ត្រឡប់មកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលាតាមកាលបរិច្ឆេទដែលបានកំណត់ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះ។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប គឺ ចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួនជិត១៦ម៉ឺននាក់ (១៥,៨៨៣,២៥០នាក់) ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះ ឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់។ ដោយឡែក ពលករ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេងទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជាងមួយលាននាក់(១,០៥០,០០០នាក់) ក្នុងនោះនៅប្រទេសថៃមានចំនួនច្រើនជាងគេ៕