en     km
en     km

ស្ដ្រី​អ្នកជំនាញ​កសិកម្ម​ចំណាយពេល​ ៩​ឆ្នាំ​ក្នុង​ការ​ជំរុញ​កសិ​ករ​បញ្ឈប់​ការ​ប្រើ​ជីគីមី​

Share

ភ្នំពេញ​៖​ កសិករ​ខ្មែរ​ កំពុង​និយម​ខ្លាំង​ទៅ​លើ​ការ​ប្រើ​ជីគីមី​ព្រោះ​វា​ផ្ដល់​ទិ​​ន្ន​ផល​ខ្ពស់​។​ ក៏​ប៉ុន្ដែ​កសិករ​មិន​បានដឹង​ទេ​ ថា​ការ​ប្រើ​ ជីគីមី​កាន់តែ​ច្រើន​ មិន​ត្រឹមតែ​បង្ក​មហន្ដរាយ​ដល់​សុខភាព​អ្នក​បរិភោគ​ប៉ុណ្ណោះ​ទេ​ តែ​វា​ ក៏​នឹង​បង្កក្ដី​មហន្ដរាយ​ដល់​ដី​កសិកម្ម​របស់​ដូន​តាម​ខ្មែរ​ផង​ដែរ​។​ ​ដោយ​មើលឃើញ​ហានិភ័យ​ដ៏​គ្រោះថ្នាក់​ចំពោះ​សុខភាព​ប្រជាជន​កម្ពុជា​​ដូចនេះ​ អ្នកស្រី​ លី​ ប៉ោ​ជូ​ អ្នក​ជំនាញការ​ ប្រើប្រាស់​ជីសរីរាង្គ​ធម្មជាតិ​ ទៅ​លើ​ដំណាំ​ បាន​ចំណាយពេល​ជាង​ ៩​ឆ្នាំ​ចុះ​ជួប​កសិក​ ២៥​ខេត្ដ​ និង​ ​រាជធានី​ ដើម្បី​ពន្យល់​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ជីគីមី​នេះ​ ហើយ​ងាក​មក​ប្រើប្រាស់​ជីសរីរាង្គ​ធម្មជាតិ​វិញ​។​

តទៅ​នេះ​គឺជា​ជីវ​ព័ត៌មាន​ស្ដី​ពី​អ្នកស្រី​ លី​ ប៉ោ​ជូ​ ប្រធាន​ក្រុមហ៊ុន​ជីសរីរាង្គ​ សញ្ញា​ក្របី​ក្រហម​ ដែល​រៀបរៀង​ឡើង​ដោយ​លោក​ លៀ​ ស៊ី​ណា​៖

រយៈពេល​ ៩​ឆ្នាំ​ ដែល​អ្នកស្រី​ លី​ ប៉ោ​ជូ​ ចំណាយ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​គ្រប់​ច្រកល្ហក​តាម​បណ្ដា​ខេត្ដ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ជួប​ប្រជា​កសិករ​ខ្មែរ​ ពន្យល់​ពី​គុណវិបត្ដិ​នៃ​ការ​ប្រើប្រាស់​ជីគីមី​ទៅ​លើ​ដំណាំ​ និង​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​។​ តែ​ពិតជា​មិន​ងាយស្រួល​នោះ​ទេ​ ទម្រាំ​ប្រជា​កសិករ​ខ្មែរ​ព្រម​ងាក​ចេញពី​ការ​ប្រើប្រាស់​ជីគីមី​ ដែល​ជា​ប្រភេទ​ជី​ដ៏​ពេញ​និយម​របស់​ពួក​គាត់​នៅ​តាម​ទី​ជនបទ​ ព្រោះ​ជីគីមី​ ងាយ​ប្រើ​ និង​បង្ហាញ​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ដ៏​ខ្លី​ រហ័ស​ទាន់ចិត្ដ​តាម​បំណង​ដែល​កសិករ​ចង់បាន​។​ អ្នកស្រី​ លី​ ប៉ោ​ជូ​ ៖«​ពពួក​ជីសរីរាង្គ​វា​មានគុណ​ប្រយោជន៍​ច្រើន​សម្រាប់​កសិករ​ ក៏​ប៉ុន្ដែ​នៅ​ពេល​ដំណាក់កាល​ហ្នឹង​យើង​អត់​ទទួល​បាន​ជោគជ័យ​ទេ​ ដោយសារ​កាលពី​ឆ្នាំ​២០០៩​ កសិករ​ពេញ​និយម​មែន​ទេ​ ពី​ការ​ប្រើប្រាស់​ជីគីមី​ ដល់​យើង​យក​ជីសរីរាង្គ​ទៅ​លក់​ឲ្យ​គាត់​ គឺ​គាត់​មិនសូវ​ពេញចិត្ដ​ទេ​»​។​

​បើ​ទោះជា​ការ​នាំ​ជីសរីរាង្គ​មក​លក់​នៅ​កម្ពុជា​មិន​ទទួល​បាន​ជោគជ័យ​នៅ​ដំណាក់កាល​ដំបូង​ក្ដី​ ក៏​ប្រធាន​ក្រុមហ៊ុន​ជី​ សរីរាង្គ​ធម្មជាតិ​ សញ្ញា​ក្របី​ក្រហម​ កូន​ខ្មែរ​ សែ​ចិន​រូប​នេះ​ មិន​ធ្លាប់​មានគំនិត​បោះបង់​ការ​តស៊ូ​របស់​ខ្លួន​ត្រឹមតែ​ការ​បដិសេធ​ពី​ប្រជា​កសិករ​ម្ដង​ ឬ​ពីរ​ដងនោះ​ទេ​។​ បើ​ទោះជា​ពេល​ខ្លះ​អ្នកស្រី​បាក់ទឹកចិត្ដ​ជា​ខ្លាំង​ ព្រោះតែ​ការ​មិន​ទទួលយក​ពី​កសិករ​ខ្មែរ​ ការ​ស្ដីបន្ទោស​ពី​ក្រុម​សាច់ញាតិ​ និង​ការ​ជួប​ផល​លំបាក​ជា​ខ្លាំង​ ផ្នែក​សេដ្ឋកិច្ច​ទ្រទ្រង់​ក្រុ​ហ៊ុន​ក្ដី​។​

​អ្នកស្រី​ លី​ ប៉ោ​ ជូ​៖«​មាន​ច្រើន​មាន​អ្នកខ្លះ​ថា​ ខ្ញុំ​ល្ងង់​ណាស់​គេ​លក់​ជីគីមី​គេ​មាន​គ្រប់​គ្នា​ឯង​មក​លក់​ជីសរីរាង្គ​កាលណា​មាន​នឹង​គេ​ ហើយ​បើ​យើង​និយាយ​ពី​យុទ្ធសាស្ដ្រ​របស់​អ្នក​ទីផ្សារ​គេ​គួរតែ​លក់​វិញ​គឺ​គេ​នឹង​យក​អ្វី​មក​លក់​តម្រូវ​ទីផ្សារ​ តែ​ខ្ញុំ​មិន​លក់​ទេ​ គឺ​ដោយសារ​ពេល​យើង​ប្រើប្រាស់​ជីគីមី​វា​មាន​ផល​ប៉ះពាល់​ ហើយ​ក្រោយ​ប្រើ​ធ្វើ​ឲ្យ​ដី​សឹក​រិច​រិល​ ប៉ះពាល់​សុខភាព​ ធ្វើ​ឲ្យ​ទិន្នផល​ថយ​ចុះ​ ដល់​ឃើញ​តែ​បញ្ហា​ចឹ​ង​ក៏​សម្រេច​ថា​ ទោះជា​មាន​អ្នក​ណា​ដៀល​ថា​ល្ងង់​ ហើយ​មិន​មានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ក៏​ដោយ​ក៏​នៅ​តែ​ទៅ​មុខ​ទៀត​»​។​

​អ្នកស្រី​ ជូ​ មិនមែន​ជា​កូន​កសិករ​នោះ​ទេ​ ហើយ​អ្នកស្រី​ក៏​គ្មាន​ចំណូលចិត្ដ​ធ្វើ​កសិកម្ម​អ្វី​ដែរ​ កាលពី​អ្នកស្រី​នៅ​ក្មេង​។​ ព្រោះ​អ្នកស្រី​មើលឃើញ​ពី​ភាព​ហត់នឿយ​ លំបាក​ និង​ការ​រស់នៅ​ជាមួយ​ដី​ ជាមួយ​ភក់​ច្រើន​ជាង​ការ​រស់នៅ​ដោយ​សុខ​ស្រួល​។​ ក៏​ប៉ុន្ដែ​ក្រោយ​ពេល​ដែល​អ្នកស្រី​រៀប​អាពាហ៍ពិពាហ៍​ និង​ចូល​ប្រឡូក​ការ​បើក​អាជីវកម្ម​លក់​ជី​សេរី​រា​ង្គ​ធម្មជាតិ​អ្នកស្រី​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ ចូល​ចិត្ដ​ និង​ស្រឡាញ់​កសិកម្ម​ ខណៈ​បានឃើញ​ភាព​ជឿនលឿន​ នៃ​វិស័យ​កសិកម្ម​ធម្មជាតិ​របស់​ប្រទេស​ជិតខាង​កម្ពុជា​។​ ​អ្នកស្រី​ លី​ ប៉ោ​ជូ​ ៖«​កាលពី​ដំបូង​ស្អប់​កសិកម្ម​ណាស់​ អត់​ចូល​ចិត្ដ​កសិករ​ទេ​ព្រោះ​ឃើញ​កសិករ​នៅ​ហាល​ក្ដៅ​ ហើយ​សម្លៀក​បំពាក់​អត់​ស្អាត​ទេ​ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​លក់​ជី​ ចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម​ មាន​អារម្មណ៍​ថា​ វិស័យ​កសិកម្ម​ហ្នឹង​ជា​សេចក្ដីសុខ​របស់​នាង​ខ្ញុំ​ ចង់​ជួយ​កសិករ​ ស្រឡាញ់​ដើមឈើ​ ស្រឡាញ់​ធម្មជាតិ​ ដោយសារ​ឃើញ​កសិកម្ម​ធម្មជាតិ​ប្រទេស​គេ​កាន់តែ​ទៅ​មុខ​ អ​ញ្ចឹ​ង​យើង​ក៏​ចង់​ជួយ​ឲ្យ​ប្រទេស​យើង​ដើរទៅ​ដូច​គេ​ ហើយ​ឲ្យ​កសិករ​មាន​ទីពឹង​មិនមែន​ចាំតែ​ជីគីមី​ទេ​ទើប​អាច​ធ្វើ​កសិកម្ម​បាន​»​។​

​ព្រោះតែ​មាន​ទឹកចិត្ដ​ដូចនេះ​ អ្នកស្រី​ លី​ ប៉ោ​ជូ​ ថ្វីបើ​មិន​អាច​ជួយ​ជា​ប្រាក់​កាក់​ដល់​កសិករ​ខ្មែរ​ ដែល​ជ្រុល​ខ្លួ​ប្រើប្រាស់​ជីគីមី​រហូត​ដល់​ខូចគុណភាព​ដី​ បង្កបង្កើន​ផល​លែង​ទៅ​មុខ​ក្ដី​ ក៏​ប៉ុន្ដែ​អ្នកស្រី​បាន​លះបង់​ទាំង​កម្លាំងកាយ​ កម្លាំងចិត្ដ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ច្រកល្ហក​ ទូ​ទាំង​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​ប្រជា​កសិករ​ខ្មែរ​រក​វិធី​ដោះស្រាយ​។​ ​អ្នកស្រី​ លី​ ប៉ោ​ជូ​៖«​ ២៤​ ខេត្ដ​ ក្រុង​គ្មាន​ខេត្ដ​ណាមួយ​ថា​មិន​បាន​ទៅ​ទេ​ គឺ​ទៅ​អស់ហើយ​ សឹងតែ​គ្រប់​ស្រុក​ ភូមិ​អីហ្នឹង​គឺ​គ្រប់​ហ្មង​ ដើរ​ប្រជុំ​តាម​ភូមិ​ ឲ្យ​បុគ្គលិក​ចុះ​ណាត់​ ឬ​មាន​អតិថិជន​ទាក់​មក​គឺ​ទៅ​តែ​ម្ដង​ឲ្យ​តែ​លឺ​ថា​មាន​បញ្ហា​ មិន​ថា​ជ្រៅ​ប៉ុណ្ណា​ ឆ្ងាយ​ប៉ុណ្ណា​អត់​ខ្លាច​គឺ​ទៅ​ ដោយ​ចិត្ដ​ចង់​ជួយ​ហ្មង​ ព្រោះ​យើង​ជួយ​ជា​លុយ​អី​មិន​បាន​ តែ​ចង់​ជួយ​រក​ដំណោះស្រាយ​»​។​

​រយៈពេល​ជិត​ ១០​ឆ្នាំ​ហើយ​ដែល​អ្នកស្រី​ លី​ ប៉ោ​ជូ​ ប្រធាន​ក្រុមហ៊ុន​ជីសរីរាង្គ​ធម្មជាតិ​ សញ្ញា​ក្របី​ក្រហម​ បាន​ធ្វើ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​កសិករ​ដែល​ធ្វើ​ឱ្យ​ អ្នកស្រី​មានបទពិសោធន៍​យ៉ាងច្រើន​ ដោយ​គ្រាន់តែ​ឃើញ​ពី​សភាព​រុក្ខជាតិ​ និង​ដី​ អ្នកស្រី​អាច​ស​ន្និ​ដា្ឋ​ន​ពី​ដើមហេតុ​នៃ​បញ្ហា​បាន​យ៉ាង​ច្បាស់​។​ ក៏​ប៉ុន្ដែ​កសិករ​ខ្មែរ​ ភាគច្រើន​បំផុត​ គឺ​មិន​ងាយ​ផ្ដល់​ទំនុកចិត្ដ​លើ​ស្ដ្រី​ជា​អ្នកជំនាញ​កសិកម្ម​នោះ​ទេ​ បើ​ទោះជា​និយាយ​ត្រូវ​ពី​ដើមហេតុ​ដែល​នាំ​ឲ្យ​ដី​កសិករ​ខូច​ក៏​ដោយ​។​ អ្នកស្រី​ លី​ ប៉ោ​ជូ​ ៖«​ខ្ញុំ​មាន​បញ្ហា​ហ្នឹង​មែន​ទេ​គឺ​ទី​១​ គេ​អត់​ជឿជាក់​លើ​មនុស្ស​ស្រី​ គេ​អត់​សូវ​ឲ្យ​តម្លៃ​យើង​ហា​ អ្នកបច្ចេកទេស​ម​តែ​ជា​មនុស្ស​ ដល់​គាត់​ឃើញ​យើង​ជា​ស្ដ្រី​គាត់​មិន​ឲ្យ​តម្លៃ​យើង​ជា​អ្នកបច្ចេកទេស​ទេ​ ទោះបី​យើង​ឲ្យ​ព័ត៌មាន​គាត់​ត្រូវ​ក៏​គាត់​អត់​សូវ​ទុកចិត្ដ​យើង​ដែរ​ ប៉ុន្ដែ​ខ្ញុំ​មិន​ដែល​ខ្វល់​ទេ​ សំខាន់​ខ្ញុំ​ខំ​ជួយ​អ្នក​ដែល​មាន​បញ្ហា​ដែល​រត់​មក​ជំនួយ​ឲ្យ​បាន​ជោគជ័យ​ខ្ញុំ​ចង់បាន​ប៉ុណ្ណឹង​»​។​

​អ្នកស្រី​ លី​ ប៉ោ​ជូ​ គឺជា​ប្រធាន​ក្រុមហ៊ុន​ជីសរីរាង្គ​ សញ្ញា​ក្របី​ក្រហម​ ដែល​នាំ​ចូល​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ផលិត​ជីសរីរាង្គ​ធម្មជាតិ​ ពី​ប្រទេស​ថៃ​។​ ស្ដ្រី​វ័យ​កណ្ដាល​រូប​នេះ​បាន​ចំណាយពេល​ទាំងស្រុង​តាំងពី​ឆ្នាំ​២០០៩​មក​ ដើម្បី​សិក្សា​ពី​គុណភាព​ជី​សេរី​រា​ង្គ​ធម្មជាតិ​ សញ្ញា​ក្របី​ក្រហម​ មុន​ពេល​សម្រេចចិត្ដ​នាំ​ចូល​មក​កម្ពុជា​។​

​ជី​សរី​រាង​ សញ្ញា​ក្របី​ក្រហម​ នេះ​ គឺជា​ប្រភេទ​ជី​ដែល​ត្រូវ​បាន​ផលិត​ចេញពី​កាក​សំណល់​ស្អាត​ ជា​កាក​សំណល់​ឧស្សាហកម្ម​ ដែល​គេ​ផលិត​អាហារ​ ពពួក​លាមក​សត្វ​គ្រប់​ប្រភេទ​ក្នុង​វិស័យ​កសិកម្ម​ សារធាតុ​រ៉ែ​ សារធាតុចិញ្ចឹម​ ១៦​យ៉ាង​ ប្រភេទ​បាក់តេរី​ល្អ​ ដែល​នឹង​ជួយ​កែប្រែ​ដី​ ដែល​រឹង​ ក្ដាំង​ ប្រៀប​បាន​នឹង​ដុំ​ឈើ​ ខ្សោះ​ជីជាតិ​ ដែល​មើលទៅ​ហាក់ដូចជា​ដីខ្សាច់​គ្មាន​ស្មៅ​ដុះ​សូ​ម្បី​ ១​ទង​ ឲ្យ​វិល​មក​ជា​ដី​ដែល​សម្បូរ​ជីជាតិ​សម្រាប់​រុក្ខជាតិ​ឡើង​វិញ​។

​អ្នកស្រី​ លី​ ប៉ោ​ជូ​ គឺជា​កូនស្រី​ នៃ​គ្រូ​សារ​ដែល​មាន​ជីវភាព​មធ្យម​រស់នៅ​ក្នុងភូមិ​ស្រុក​ នា​ខេត្ដកំពង់ធំ​។​ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​អ្នកស្រី​អាយុ​ ២០​ឆ្នាំ​។​ បច្ចុប្បន្ន​អ្នកស្រី​ និង​ស្វាមី​ មានកូន​ប្រុស​ ស្រី​ ចំនួន​ពីរ​នាក់​។​

​ស្ត្រី​អ្នកជំនាញ​ ខាង​ផ្នែក​កសិកម្ម​រូប​នេះ​ បង្ហាញ​ក្ដី​សង្ឃឹមថា​ តាម​រយៈ​ការ​ចុះ​អប់រំ​របស់​អ្នកស្រី​ដោយ​ផ្ទាល់​ ប្រជា​កសិករ​ខ្មែរ​ នឹង​យល់​កាន់តែ​ច្បាស់​ជុំវិញ​ផល​លំបាក​នៃ​ការ​ប្រើប្រាស់​ជីគីមី​ ដែល​បង្ក​ផល​ប៉ះពាល់​ក្នុង​រយៈពេល​វែង​តទៅ​ថ្ងៃ​អនាគត​ ដែល​មិន​ដូចនឹង​ការ​ប្រើប្រាស់​ជីសរីរាង្គ​ធម្មជាតិ​នោះ​ទេ​ ដែល​នឹង​ផ្ដល់​ផល​ចំពោះ​សុខភាព​មនុស្ស​ សុខភាព​សត្វ​ ហើយនឹង​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រកបដោយ​សុខ​មា​ភាព​៕

Share

Image
Image
Image