en     km
en     km

មេដឹកនាំវេណេហ្សូអេឡាព្រមចរចារជាមួយបក្សប្រឆាំងក្រោយពីអាមេរិកសហភាពអឺរ៉ុបរៀបចំដាក់​ទណ្ឌកម្ម

Share

ទីបំផុតប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡាដែលគេហៅថាបុរសខ្លាំងនៅប្រទេសនេះ បានសម្រេចទទួលយកសំពាធពី       សហគមន៍អន្ដរជាតិធ្វើការចរចាជាមួយក្រុមគណបក្សប្រឆាំងជាប្រយោជន៍នៃការគេចចេញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

លោក ម៉ាឌូរ៉ូ បាននិយាយប្រាប់បណ្ដាញផ្សាយព័ត៌មានក្នុងស្រុករប​ស់លោកថា នៅថ្ងៃពុធសប្ដាហ៍ក្រោយ តំណាងរដ្ឋាភិបាលនិងតំណាងគណបក្សប្រឆាំងត្រូវជួបប្រជុំគ្នាពីបញ្ហាប្រទេសជាតិនៅក្នុងប្រទេសសាធារណរដ្ឋឌូមីនីក (Dominican )។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters  ប្រធានាធិបតីវេណេហ្សូអេឡាបានបន្ទន់ឥរិយាបថដូចនេះ បន្ទាប់ពីប្រទេសបារាំងបានព្រមានធ្ងន់ៗថាសហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មលើប្រទេសនេះ បើមិនព្រមចរចាជាមួយគណបក្សប្រឆាំងដើម្បីអោយមានការដោះលែងអ្នកទោសនយោបាយនិងទៅរកការបោះឆ្នោត។

ករណីវេណេហ្សូអេឡានេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមួយជំហានរួចទៅហើយគឺទណ្ឌកម្មហិរញ្ញវត្ថុទៅលើអ្នកមានទ្រព្យសម្បត្តិប្រទេសនេះ ឬក្រុមហ៊ុនមួយចំនួនដែលមាននៅក្នុងទឹកដីអាមេរិក។

សហរដ្ឋអាមេរិកបានព្រមានថា បើមេដឹកនាំវេណេហ្ស៊ូអេឡា នីខូឡាស់ ម៉ាឌូរ៉ូ មិនព្រមចរចាជាមួយបក្សប្រឆាំង និងដោះលែងអ្នកទោសនយោបាយទៀតនោះ គឺ ខ្លួននឹងដាក់ទណ្ឌកម្មលើការនាំប្រេងលើប្រទេសនេះមួយជំហានទៀត។

ដោយសារករណីនេះ នាំអោយលោកម៉ាឌូរ៉ូបន្ទន់ឥរិយាបថ ហើយងាកទៅរកតុចរចាជាមួយក្រុមគណបក្សប្រឆាំង។ តែយ៉ាងណាក៏ដោយដែលលោក ម៉ាឌូរ៉ូ ទម្លាក់ភាពមានៈរបស់ខ្លួនដូចនេះ ក៏ស្របពេលដែលអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានផែនការបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយ ដើម្បីស្រាវជ្រាវពីការសម្លាប់មនុស្សក្រៅប្រព័ន្ធក្នុងអំឡុងអំពើបះបោរជាច្រើនខែមកនេះ ដែលធ្វើអោយមនុស្សស្លាប់ជាង ១០០នាក់ ។

រដ្ឋាភិបាលវេណេហ្ស៊ូអេឡាបានស្វះស្វែងសុំអោយប្រទេសចិនជួយទិញប្រេងឥន្ធនៈរប​ស់ខ្លួន ហើយចិនព្រមទទួលយក ។ ប៉ុន្ដែមកដល់ពេលនេះ ចិនមិនបានប្រាប់ថា ខ្លួនមានមធ្យោបាយដឹកប្រេងពីប្រទេសវេណេហ្ស៊ូអេឡាដោយរបៀបណានោះទេ ដោយសារតែសហរដ្ឋអាមេរិកអាចនឹងហ៊ុំព័ទ្ធព្រំដែនសមុទ្រអន្ដរជាតិ មិនអោយមាននាវាណាមកដឹកប្រេងប្រទេសវេណេហ្ស៊ូអេឡាបានឡើយ។

ទាំងនេះហើយដែលលោកម៉ាឌូរ៉ូបន្ទន់ជំហររបស់ខ្លួនអោយងាកទៅរកការចរចាជាមួយក្រុមគណបក្សប្រឆាំង។យ៉ាងណាក៏ដោយមេដឹកនាំគណបក្សប្រឆាំងចំនួន ២រូប ត្រូវបានចាប់ខ្លួន ខណៈអ្នកនយោបាយជាច្រើនរយនាក់ទៀតកំពុងជាប់ឃុំខ្លួន។

កាលពីថ្ងៃទី ៨ សីហា លោកម៉ាឌូរ៉ូ បានបញ្ជាឱ្យមានការបោះឆ្នោតសភាធម្មនុញ្ញដែលគណបក្សប្រឆាំងធ្វើពហិការមិនចូលរួម។

សមាជិកសភាធម្មនុញ្ញនេះ បានចូលកាន់តំណែង ដោយរំលាយសភាចាស់ចោលដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ ប៉ុន្ដែ សហគមន៍អន្ដរជាតិ រួមមាន អាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួននៅទ្វីបអាមេរិកឡាទីនមិនបានទទួលស្គាល់សភាថ្មីនេះទេ។ ករណីនេះ នាំអោយលោកម៉ាឌូរ៉ូ ដឹកនាំប្រទេសដោយអំពើខុសច្បាប់៕Reuters

Share

ព័ត៌មានទាក់ទង

Image