កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងទៅកាន់ ក្រសួង ស្ថាប័ន ដៃគូអភវិឌ្ឍន៍ និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ថា ចាំពីឆ្នាំ២០១៥នេះតទៅ ក្រសួងត្រូវតែរៀនឈរលើជើងខ្លួនឯង ក្នុងការប្រើថវិកាជាតិ សម្រាប់ប្រតិបត្តិការក្នុងក្រសួងរបស់ខ្លួន ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ ថ្លែងបន្តថា ក្រសួងកំពុងតែខ្វះខាតមន្ត្រីជំនាញមួយចំនួនថែមទៀតផង ។
ជុំវិញការលើកឡើងរបស់លោក រដ្ឋមន្ត្រីក្រសួងបរិស្ថានខាងលើនេះ ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា ហៅកាត់ថា CICA បានសាទរចំពោះចំណាត់ការដែលក្រសួងមានបំណងប្រើប្រាស់ថវិកាជាតិប្រតិបត្តិការក្នុងក្រសួង ។ ទោះបីយ៉ាងនេះក្តី លោកសង្ឃឹមថា ក្រសួងនឹងអនុវត្តន៍ចំណាត់ការនេះភ្លាមៗផងដែរ ។ ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាបន្តថា បញ្ហាប្រឈមដែលក្រសួងកំពុងខ្វះមន្ត្រីជំនាញនៅក្នុងស្ថានប័ននេះ ដោយសារតែប្រាក់ខែទាប ធ្វើឲ្យអ្នកមានសមត្ថភាពមួយចំនួន មិនចង់ធ្វើក្នុងសា្ថប័នរដ្ឋឡើយ។
លោកសាយ សំអាល់ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន ដៃគូអភវិឌ្ឍន៍ និងដៃគូពាក់ព័ន្ធ អំពីរបាយការណ៍នៃការចូលរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំធ្វើនៅថ្ងៃទី ១៦ ខែកញ្ញា ម្សិលមិញ នៅ រាជធានីភ្នំពេញ។ លោកថ្លែងថា «ពីមុនយើងបានពឹងផ្អែកច្រើនទៅលើថវិកាពីដៃគូអភិវឌ្ឍ ជំនួយពីក្រៅប្រទេស ចាប់ផ្តើមពីឆ្នាំនេះទៅ មែនទែនទៅថវិកាសម្រាប់ប្រតិបត្តិនៅក្រសួងយើងតែម្តងគឺ យើងពឹងផ្នែកលើថវិកាជាតិ។ បើសិនមានថវិកាពីដៃគូររបស់យើង មកពីបណ្តាប្រទេសផ្សេងទៀត យើងយក ប៉ុន្តែកម្ពុជាត្រូវរៀនឈរលើជើងខ្លួនឯង»។លោករដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ ថ្លែងបន្តថា ក្រសួងកំពុងតែខ្វះខាតមន្ត្រីជំនាញ ដើម្បីប្រតិបត្តិក្នុងក្រសួងបរិស្ថានថែមទៀតផង។ លោកថ្លែងបន្តថា «ធនធានមនុស្សយើងក៏បានកៀងគរធនធានមនុស្ស ពីស្ថាប័នផ្សេង ដើម្បីឲ្យចូលរួមនៅក្រសួងបរិស្ថានយើងដែរ ព្រោះធនធានយើងនៅក្រសួងរបស់យើងនៅមានកម្រិត យើងចង់បានបន្ថែមទៀត»។ ឥឡូវហ្នឹងគឺ ប្រឡងចូលយើង ក៏យើងរឹតត្បឹតមែនទែន បើយើងឃើញមានធនធាននៅស្ថាប័នពាក់ព័ន្ធណា ដែលអាចថា ជួយក្រសួងយើងបាន គឺយើងបានទៅជួបគាត់ផ្ទាល់ ដើម្បីបញ្ចុះបញ្ជូលគាត់ឲ្យគាត់មកក្រសួងតែម្តង អាហ្នឹងនិយាយឲ្យត្រង់តែម្តង»។
ជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានខាងលើនេះ លោក កៅ ពឿន ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា ហៅកាត់ថា CICA បានសាទរចំពោះចំណាត់ការរបស់ក្រសួង ដែលមានបំណងប្រើប្រាស់ថវិកាជាតិ ដើម្បីប្រតិបត្តិការក្នុងក្រសួង ។ ទោះបីយ៉ាងនេះក្តី លោកកៅ ពឿនសង្ឃឹមថា ក្រសួងនឹងអនុវត្តន៍ចំណាត់ការនេះ ឲ្យដូចទៅនឹងការលើកឡើងរបស់ក្រសួងថា ត្រូវតែរៀនឈរលើជើងខ្លួនឯងក្នុងការប្រើថវិកាជាតិ សម្រាប់ប្រតិបត្តិការក្នុងក្រសួងរបស់ខ្លួន ជាជាងពឹងជំនួយពីបរទេស។ «ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីខ្ញុំគាំទ្រទាំងស្រុង ប៉ុន្តែសុំឲ្យមានការប្រតិបត្តិ កុំចេះតែនិយាយហើយអត់មានប្រតិបត្តិ ។ អ្វីដែលសំខាន់យុទ្ធនាការពីថ្នាក់លើមកដល់ថ្នាក់ក្រោម ដើម្បីឈរឲ្យរឹងមាំខ្លួន តើត្រូវមានយុទ្ធនាការអីខ្លះ ដែលត្រូវធ្វើ»?
ទាក់ទងទៅនឹងការអះអាងរបស់ក្រសួងដែលថា កំពុងតែខ្វះខាតមន្ត្រីជំនាញ ដើម្បីប្រតិបត្តិការក្នុងក្រសួងបរិស្ថាននោះ លោក កៅ ពឿន យល់ថា ការខ្វះខាតមន្ត្រីជំនាញនេះ គឺបណ្តាលមកពីបញ្ហាប្រាក់ខែទាប ជាកត្តាចម្បងមួយដែល ធ្វើឲ្យអ្នកមានសមត្ថភាពមួយចំនួន មិនចង់ធ្វើក្នុងសា្ថប័នរដ្ឋឡើយ។ លោកបន្តថា នៅកម្ពុជាទាក់ទងទៅនឹងមន្ត្រីជំនាញ និងក្រសួងបរិស្ថានគឺ មិនខ្វះ អ្នកមានសមត្ថភាពទេ។
«ខ្ញុំឃើញក្មេងច្រើនណាស់ ដែលគាត់មានសមត្ថភាព គាត់ចូលទៅ ក៏ប៉ុន្តែគាត់ចូលតែឈ្មោះរបស់គាត់ ក៏ប៉ុន្តែអ្វីដែលគាត់ធ្វើការគឺ នៅខាងក្រៅទេ អញ្ចឹងខ្ញុំគិតថា ប្រាក់ខែរដ្ឋសព្វថ្ងៃនេះ មិនអាចទាក់ទាញមន្ត្រីជំនាញបានទេ»។
លោក កៅ ពឿន បានដាក់ការសង្ស័យថា មិនដឹងថាតើការចំណាយថវិកាទៅលើការប្រតិបត្តិនៅក្នុងក្រសួងបានកម្រិតណានោះទេ ព្រោះជាទូទៅកម្ពុជានៅតែត្រូវការចាំបាច់ជំនួយពីបរទេស ទាំងផ្នែកថវិកា ទាំងផ្នែកបច្ចេកទេសដដែល។
ចំណែកឯ លោក រដ្ឋមន្ត្រីក្រសួងបរិស្ថានអះអាងថា មន្ត្រីជំនាញនៅក្នុងក្រសួងបរិស្ថានសព្វថ្ងៃនេះ មានត្រឹមតែ៥៦០នាក់ប៉ុណ្ណោះ ហើយចំនួនមន្ត្រីបម្រើការងារនៅក្នុងក្រសួងនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយ ៕