loader

ខណៈទំនាក់ទំនងជាមួយលោកខាងលិចធ្លាក់ចុះ កម្ពុជា និងចិនកាន់តែស្អិតរមួត(មានសំឡេង)

ខណៈសហគមន៍អន្តរជាតិកំពុងដាក់គំនាបឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែបង្ហាញនូវភាពស្អិតរមួត ដែលអ្នកវិភាគយល់ថាអាចផ្ដល់នូវផលអវិជ្ជមានមួយចំនួនដល់កម្ពុជា។

កញ្ញា ឈុំចន្ទរចនា រាយការណ៍!

 

កាលពីថ្ងៃទី១១ កញ្ញានេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានធ្វើ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរយះ៤ថ្ងៃ។​

ក្នុងការជួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចហ៊ុន សែន ឧបនាយករដ្ឋមន្ត្រីចិនលោក ចាង កាវលី (Zhang Gaoli) មានប្រសាសន៍ថា បើកម្ពុជាត្រូវការអ្វីឲ្យមិត្តចិនជួយ គឺសូម ប្រាប់មកភ្លាមនូវគម្រោង អាទិភាពនានាដែលត្រូវការជំនួយនោះ ហើយចិនគឺជាខ្នងបង្អែក ដ៏រឹងមាំសម្រាប់ជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។

យ៉ាងណាមិញ សម្រាប់អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាជំនួយដែល ចិនផ្ដល់ឲ្យ កម្ពុជាគឺ ចិនសុទ្ធតែទទួលបានផលប្រយោជន៍ពីកម្ពុជា។

លោកបណ្ឌិតបានលើកឡើងនូវរឿងជម្លោះសមុទ្រចិនខាងត្បូងដែលលោកថា ចិនត្រូវការការគាំទ្រពីកម្ពុជាក្នុងសហគមន៍អាស៊ានដើម្បីជួយចិនក្នុងការទាមទារដែនដីខ្លួនក្នុងសមុទ្រចិនមកវិញ។ 

លោកក៏បានបង្ហាញពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសចិនដែលលោកយល់ថា រដ្ឋាភិបាលចិនហាក់ដូចជាគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាបន្តរឹតត្បឹតសិទ្ធិមនុស្ស។

លោក ឡៃ ម៉ុងហៃ៖ “ចិនអត់គិតគូរទេរឿងសិទ្ធិមនុស្ស ពីជីវិតប្រជាជនខ្មែរ ដូចកាលពីសម័យខ្មែរក្រហម ហើយឥឡូវគេជួយ គេគិតរឿងអំណាច ផលប្រយោជន៍ ហើយគេជួយនឹងគេជួយ មានចំនង ”។

ឆ្លើយតបនឹងបញ្ហានេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចកម្ពុជាអះអះអាងថា ការគោរពសិទ្ធិមនុស្សសម្រាប់ប្រទេសនីមួយៗមានភាពខុសប្លែកពីគ្នា។ កម្ពុជាមិនអាច យកគំរូសិទ្ធិមនុស្សប្រទេសដទៃមកអនុវត្តក្នុងប្រទេសខ្លួនឡើយ។

លោក សុខ ឥសាន្ដ៖ «អាណ្ណឹងហើយជាសិទ្ធិមនុស្សជាលក្ខណៈប្រជាធិបតេយ្យខុសគ្នាៗទៅតាមប្រទេនីមួយៗ  ស្របទៅតាមសភាការណ៍ជាក់ស្ដែង។ ចឹងមិនអាចយកប្រទេសណាថា ជាសិទ្ធិមនុស្ស  ប្រទេសណាថា ជាមិនសិទ្ធិមនុស្សបានទេ ព្រោះអាណ្ណឹងវាពាក់ព័ន្ធនឹងទិដ្ឋភាព បរិបទជាក់ស្ដែងរបស់ប្រទេសនីមួយៗ ។ ចឹងប្រទេសចិន ក៏គេមានសិទ្ធិមនុស្សរបស់គេ នៅក្នុងប្រទេសចិន មិនអាចយកគំរូប្រទេសចិនមកដាក់ស្រុកខ្មែរ ឬក៏ស្រុកខ្មែរទៅដាក់ស្រុកចិន ឬមួយយកអាមេរិកទៅដាក់ស្រុកចិនទេ»។

ជាមួយគ្នានោះដែរ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោកឯម សុវណ្ណារ៉ា ក៏បាន បង្ហាញពីការព្រួយបារម្ភរបស់លោក ទាក់ទិននឹងការធ្លាក់ចុះនូវទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដែលថ្កោលទោសកម្ពុជាមួយចំនួន ដូចជាអាមេរិក និងបណ្ដាប្រទេស នៅសហភាពអ៊ឺរ៉ុប។

លោកលើកឡើងថា ក្រៅពីផលប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិននោះ ទំនាក់ ទំនងសេដ្ឋកិច្ច និងទីផ្សារអាមេរិក និងអ៊ឺរ៉ុបក៏មានសារៈសំខាន់សម្រាប់កម្ពុជាផងដែរ។

លោក ឯម សុវណ្ណារ៉ា៖ “ទីផ្សារផលិតផលកម្ពុជា ពឹងផ្អែកទៅលើទីផ្សារសហគមន៍អ៊ឺរ៉ុប ជាជាងពឹង ផ្អែកទៅលើទីផ្សាររបស់ចិន ចឹងបើមានការបិទទីផ្សារនៅអ៊ឺរ៉ុប ប្រជាជនជាង៧០ម៉ឺននាក់ នឹងបាត់បង់ការងារធ្វើ…”។

យ៉ាងណាមិញ លោក ឯម សុវណ្ណារ៉ា ក៏បានរាប់បញ្ចូលផលវិជ្ជមានមួយចំនួនពីទំនាក់ទំនងជាមួយនឹងចិន ដែលរួមមានជំនួយទឹកប្រាក់ ជំនួយហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសផល ប្រយោជន៍ផ្នែក សេដ្ឋកិច្ចដែលខាងចិនផ្ដល់ឲ្យកម្ពុជា។

នៅពេលថ្មីៗនេះ ចិនក៏បានបង្ហាញពីការគាំទ្រយន្តការរបស់រដ្ឋាភិបាល ក្នុងការចាប់ខ្លួន ប្រធានគណបក្សប្រឆាំង លោកកឹម សុខា ដែលថានេះ ជាការដោះស្រាយ បញ្ហាផ្ទៃក្នុង បានយ៉ាងល្អ ដែលធានាសន្តិសុខប្រទេសកម្ពុជា។តែយ៉ាងណា លោក ឯម សុវណ្ណារ៉ា យល់ថា តាមការលើកឡើងបែបនេះ ចិនហាក់បីដូចជាកំពុងលូកដៃចូលក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជាខ្លាំងពេក។

លោក ឯម សុវណ្ណារ៉ា៖ “ការគាំទ្រការចាប់ខ្លួនអ្នកដឹកនាំនយោបាយនៅកម្ពុជា យើងថាចិនឈាន ផុតដល់ នយោបាយផ្ទៃក្នុងរបស់កម្ពុជាហើយ រដ្ឋអាធិបតេយ្យភាពមិនត្រូវការជ្រៀតជ្រែក ពីប្រទេស មហាអំណាចឡើយ…”។

ឆ្លើយតបនឹងការលើកឡើងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណៈបក្សកាន់អំណាច ក៏បានចោទជាសំណួរអំពីការលូកដៃរបស់អាមេរិកក្នុងបញ្ហានយោបាយកម្ពុជាវិញ ដូចជាការទាមទារឲ្យមានសិទ្ធិមនុស្សនៅកម្ពុជាជាដើម។

លោក សុខ ឥសាន្ត៖ “ចុះអាមេរិកថ្កោលទោស ការចាប់ខ្លួនឯកឧត្តមកឹម សុខា ចុះមិនថាអាមេរិក ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជាផង? ដល់គេគាំទ្ររដ្ឋាភិបាល ថាគេជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងកម្ពុជា…”។

ចិនត្រូវបានមើលឃើញថា បានជួយកម្ពុជា ច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ និង វិស័យកាត់ដេរ ចំណែកសហភាពអឺរ៉ុប និងអាមេរិក ជួយកម្ពុជា លើវិស័យ សុខភាពសា​ធារណ អប់រំ និងសិទ្ធិមនុស្ស៕​ (អត្ថបទ៖ កញ្ញា ឈុំ ចាន់រចនា )

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x