en     km
en     km

CNRP ប្តេជ្ញាជំនះ​​ឧបសគ្គ ដើម្បី​ចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨

Share

គណបក្សប្រឆាំងសង្ឃឹមថា ​​ស្ថានការណ៍កម្ពុជានឹងល្អប្រសើរឡើងវិញនៅជិតការេបោះឆ្នោត ខណៈគណបក្សប្រឆាំង​​ធំជាងគេនៅកម្ពុជាមួយនេះ ប្តេជ្ញាថានឹងជំនះ​គ្រប់ឧបសគ្គ បើទោះជារងការធ្វើទុក្ខបុកម្នេញពីបក្សកាន់អំណាចឬ គ្មានការដោះលែងលោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិក៏ដោយ។ អ្នកនាំពាក្យគណបក្សកាន់អំណាច និយាយថា ចូលឬមិនចូលប្រកួតការបោះឆ្នោតជាសិទ្ធិរបស់បក្សនេះ។

មន្រ្តី​ជាន់ខ្ពស់ គណបក្សប្រឆាំងលោក សុន ឆ័យ ​​បានថ្លែងនៅចំពោះមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅទីស្នាក់ការរបស់ខ្លួន នៅព្រឹកនេះថា​ គណបក្សសង្រ្គោះជាតិ​នឹងជំនះឧបសគ្គដើម្បីឆ្ពោះទៅរកការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ ​ ដោយលោកជឿជាក់ថា ពលរដ្ឋកម្ពុជា​ផ្តល់យុត្តិធម៌ដល់គណបក្សសង្រ្គោះជាតិ​។

លោក សុន ឆ័យអភិបាល​ក្រុម​សមាជិកសភា ​គណបក្ស​ស​ង្គ្រោះ​ជាតិ ​បញ្ជាក់​​ដូចនេះ បន្ទាប់ពី​លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងកាលពីម្សិលមិញនៅមុខពន្ធនាគារត្រពាំងថ្លុងថា គណបក្សសង្រ្គោះជាតិនឹងមិនចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨នោះទេ បើមិនមានការដោះលែងលោក កឹម សុខា។

មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបានអះអាង​ គណបក្សសង្រ្គោះជាតិបំពេញការងាររបស់ខ្លួនដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានកំហុសណាមួយកើតឡើងជាយថាហេតុ​ ដែលឈានទៅដល់ការរំលាយគណបក្ស​​។

ក្នុងពិធីចែក​សញ្ញាប័ត្រដល់និស្សិតពេទ្យនៅមជ្ឈមណ្ឌលកោះពេជ្រ​កាលពីថ្ងៃទី​​១១ កញ្ញា សម្តេ​ចនាយរដ្ឋមន្រ្តីហ៊ុន សែន បានព្រមាន​រំលាយ​គណបក្សសង្រ្គោះជាតិ​ ក្រោយពីសម្តេចបានចោទ​មេដឹកគណបក្សលោក កឹម សុខា ថា​ក្បត់​ជាតិ។​

បែបនេះក្តីលោក សុន ឆ័យ បញ្ជាក់ថាគំនិត​ចង់រំលាយគណបក្សសង្រ្គោះជាតិនឹងមិនធ្វើទៅបាននោះទេ ។​ យ៉ាងណាមិញលោក ​​រំពឹង​ថា នឹងមានការកែលម្អស្ថានការន​យោបាយកម្ពុជា ដើម្បីធ្វើឱ្យសភាពការណ៍ធូស្រាលឡើងវិញ នៅមុនការបោះឆ្នោត   ក្នុងការឆ្ពោះទៅរកការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ តាមរយៈការអន្តរាគមន៍​ពីសហគមន៍អន្តរជាតិ។

ឆ្លើយ​តបនឹងសំណួរថាតើគណបក្សនឹងអាចចូលរួមបោះឆ្នោតនាពេល​ខាងមុខបានដែរឬទេ ខណៈលោក កឹម សុខា ដែលជាប្រធានគណបក្សត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ អភិបាល​ក្រុម​សមាជិកសភា ​គណបក្ស​ស​ង្គ្រោះ​ជាតិរូនេះបញ្ជាក់ថា ​ គណបក្សសង្រ្គោះជាតិ​មិនទាន់សម្រេចបែបណា​​នោះទេ ​ដោយសារលោក កឹម សុខា មិនមានឈ្មោះជាអ្នកទោស។

លោក សុន ឆ័យ ៖«ទុកពេលវេលាឱ្យស្ថានភាពទៅមុខសិន ព្រោះទម្រាំដល់ពេលតុលាការ កាត់ទោសជាស្ថានពរយ៉ាងណានោះ គណបក្សនឹងពិនិត្យគ្នាសម្រេច យើងមិនអាចជម្រាបជូនយ៉ាងណាទេ។»

លោក សុន ឆ័យ ថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សនៅព្រឹកថ្ងៃទី១២ កញ្ញា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ​ ឥសាន មានប្រសាសន៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា ប្រសិនបើគណបក្សនេះមិនត្រូវបានរំលាយ បក្សប្រឆាំងនឹងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំក្រោយបាន។ តែ​យ៉ាងណា​ថ្នាក់ដឹកនាំគណបក្សសង្រ្គោះកំពុងស្ថិត​ក្នុងការស៊ើប​ពីតុលាការ ដែលឈានទៅដល់ការរំលាយគណបក្ស។

លោក សុខឥសាន៖«តុលាការគេកំពុងស្រាវជ្រាវ ករណីឯកឧត្តម កឹម សុខា ហើយវាមានពាក់ព័ន្ធទៅដល់ក្បាលម៉ាស៊ីនដឹកនាំ ជាអង្គការចាត់តាំងរបស់គណបក្សសង្រ្គោះជាតិ  និងពាក់ព័ន្ធនឹងបញ្ហាល្មើសច្បាប់ក្បត់ជាតិហ្នឹងដែរ អាហ្នឹងវាចូលទៅនឹងរឿងប្រឈមមុខនឹងច្បាប់ស្តីពីគណបក្សនយោបាយ បើប្រឈមមុខនឹងច្បាប់ស្តីពិគណបក្សនយោបាយ ខ្ញុំយល់ថាគណបក្សហ្នឹងនឹងអាចត្រូវរំលាយ។»

 ទោះជាបែបក្តី លោកបានឱ្យដឹង​ថា សហគមន៍អន្តរជាតិមិនមានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជានោះឡើយ។ លោកបន្ថែមថា មតិអន្តរជាតិ គ្រាន់តែជាសម្តែងមតិទៅតាមការយល់ឃើញរបស់គេតែប៉ុណ្ណោះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

ទាក់ទិនបញ្ហានេះ លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា ខណៈនេះ​គណបក្សសង្រ្គោះជាតិ​ កំពុងប្រឈមមុខ​នឹងបញ្ហាដ៏ធំមួយ គឺមេបក្សរបស់ខ្លួនកំពុងជាប់​នៅពន្ធនាគារ និងរងការកាត់ទោស។ លោកបន្តថា អ្វីដែលសំខាន់ គណបក្សនេះត្រូវរកក្បាលម៉ាស៊ីនដឹកនាំបក្ស ដើម្បីដឹកនាំកម្លាំងនយោបាយគណបក្សប្រឆាំងឆ្ពោះទៅការបោះឆ្នោតឆ្នាំក្រោយ។ជាមួយគ្នានេះដែរ ដើម្បី​អាចចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨បាន គណបក្សប្រឆាំង គួរឈរលើគោលការណ៍ណាមួយធ្វើឱ្យខ្លួនមានទម្ងន់ ដើម្បីចរចាជាមួយគណបក្សកាន់អំណាច និងកៀងគរកម្លាំ​ងគាំទ្រពីអន្តរជាតិផងដែរ។សំលេង​

តែបែបនេះក្ដី អ្នកវិភាគន​យោបាយ ឯម សុវណ្ណារ៉ា រូបនេះ រំពឹងថា បក្សប្រឆាំងប្រឆាំងធំនេះ នឹងមិនអាចត្រូវបានរំលាយ បានទេ។លោកពន្យល់ថា ប៉ូលនយោបាយមានតែ២ នៅក្នុងសភា បើ​បក្សមួយត្រូវបានរំលាយ គឺសមាជិកសភាបក្សមួយទៀតក៏មិនស្របច្បាប់ដែរគឺជាហានិភ័យលើ ភាពស្របច្បាប់នៃរាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ៕

 

Share

ព័ត៌មានទាក់ទង

Image