en     km
en     km

សម្ដេចហ៊ុនសែនថាសភា៣/៤ទើបបញ្ឈប់តុលាការបានករណីលោកកឹមសុខាតែមន្ត្រីCNRPថារំលោភរដ្ឋធម្មនុញ្ញ

Share

សមាជិកសភានៃគណបក្សប្រជាជនកម្ពុជា ចំនួន ៦៧រូប ដែលបានចូលប្រជុំសភានៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែកញ្ញានេះ បានអនុម័តឱ្យតុលាការបន្ដនីតិវិធី ដើម្បីចាត់ការលើសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាល ពីបទអំពើក្បត់ជាតិ ។នៅក្នុងកិច្ចប្រជុំសភានេះ មិនមានវត្តមានរបស់នាយករដ្ឋមន្រ្ដីនោះទេ ហើយសភាប្រជុំតែ រយៈពេល ប្រមាណ២០​​នាទីប៉ុណ្ណោះ។​លោកស្រីមួរសុខហួរថារំលោភរដ្ឋធម្មនុញ្ញ។

កិច្ចប្រជុំវិសាម​ញ្ញដែលធ្វើឡើងនៅព្រឹកនេះ ​ បន្ទាប់​ពីមានការស្នើសុំពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចំនួន​៤៤រូប ដែលមានលោក ជាម យៀបជាប្រធានហត្ថលេខី ។​

កិច្ចប្រជុំសភាវិសាមញ្ញ ធ្វើឡើងដោយពុំមានវត្តមានសមាជិកសភាគណបក្សសង្រ្គោះជាតិចូលប្រជុំនោះទេ ដោយពួកគេភាគច្រើនទៅប្រមូលផ្ដុំគ្នានៅខាងមុខនៅតុលាការត្រពាំងថ្លុងខេត្តត្បូងឃ្មុំ ទីដែលលោកកឹម សុខា កំពុងឃុំខ្លួននៅទីនោះ។

លោក ជាម យៀប ​ប្រធានហត្ថលេខី ដែលស្នើឱ្យសភាកោះ​ប្រជុំវិសាមញ្ញនៅព្រឹកនេះ បាន​ថ្លែងនៅក្នុង​កិច្ចប្រជុំវិសាម​ញ្ញនៅព្រឹកនេះ​ថា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្រ្តខេត្តកំពង់ចាម បានប្រព្រឹត្តិសកម្មភាព​ល្មើសជាក់ស្តែង ដែលបានក្បត់ជាតិ។

ទាក់ទិនបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកនេះមិញ ដោយបានបកស្រាយថា ការប្រជុំវិសាមញ្ញ នៅព្រឹកថ្ងៃចន្ទនេះ មិនមែនជាការប្រជុំដកអភ័យឯកសិទ្ធិនោះទេ តែជាការសម្រេចដើម្បីឱ្យតុលាការបន្តនិតិវិធីផ្លូវច្បាប់ទៅលើលោកកឹម សុខា  ។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនដែលបានចោទលោក កឹម សុខា ថាជាជនក្បត់ជាតិ មានប្រសាសន៍ថា ករណីលោក កឹម សុខា គឺជាករណីបទល្មើសជាក់ស្តែង ដែលច្បាប់មិនអាចលើកលែងបាន និងមិនត្រូវការដកអភ័យឯកសិទ្ធិមុននឹងធ្វើការចាប់ខ្លួនឡើយ។

សម្តេចបានបញ្ជាក់ថាប្រសិនបើប្រឆាំងចង់ទប់រឿងក្តីនេះ ត្រូវសំលេងឱ្យបានបីភាគបួន។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន៖​«បទល្មើសជាក់ស្តែងមិនតម្រូវឱ្យមាននការដកអភ៏យឯកសិទ្ធិទេ គឺត្រូវដំណើរការដោយចាប់ខ្លួនជាបន្ទាន់ រួចហើយរាយការណ៍ឱ្យរដ្ឋសភា ហើយបើមានការចង់ទប់គឺត្រូវដំណើរការទប់ដោយសំលេងបីភាគបួនឯណោះ អញ្ចឹងបីភាគបួនទៅរកឯណាទៅ»។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅលំនៅដ្ឋានរបស់លោកកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២ កញ្ញា ២០១៧ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយពីវីដេអូ មួយដែលនិយាយជាមួយអ្នកគាំទ្រនៅប្រទេសអូស្រ្តាលី បានផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក។​

តាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញ បានចែងថា ​តំណាងរាស្រ្តរូបណាក៏ដោយ មិនអាចត្រូវបានចោទ ប្រកាន់​ចាប់ខ្លួន​ ឬឃុំខ្លួនដោយហេតុពីបាន​សំដែងមតិ យោបល់ ឬបញ្ចេញមតិ នៅក្នុងការបំពេញមុខងារ​របស់ខ្លួន​​សោះឡើយ។

ការចោទប្រកាន់​ខ្លួន​ ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយ នៃរដ្ឋសភានឹងអាចធ្វើទៅកើត​​ លុះត្រា​​​តែមានការ​​យល់ព្រម​​ពីរដ្ឋសភា  ឬពីគណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង ។

មាត្រានេះ ចែងបន្តថា​​ សេចក្តី​សម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភាត្រូវដាក់ជូន​​សម័យ​ប្រជុំ​​រដ្ឋសភាខាងមុខ ដើម្បីអនុម័តតាម​មតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភា​ទាំងមូល។ ក្នុងករណី​ទាំងអស់ខាងលើនេះ ការឃុំខ្លួនការចោទប្រកាន់តំណាងរាស្រ្ត ណាមួយត្រូវផ្អាក ​ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិ​ភាគច្រើន បីភាគបួននៃចំនួនសមាជិកសភាទាំងមូល។

លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកមិញនៅខាងមុខ ពន្ធនាគារ ត្រពាំងថ្លុង ទីដែលលោកកឹមសុខា កំពុង​ឃុំខ្លួន​នៅទីនោះ​ថា ការប្រជុំសភារបស់ សមាជិកសភាបក្សកាន់អំណាច មិនស្របរដ្ឋធម្មនុញ្ញដែលបានចែងថា កូរ៉ុមត្រូវ ប្រជុំ ករណីលោកកឹមសុខា គឺត្រូវ ២ភាគ៣ឡើងទៅ។ លោកស្រីថា នេះជាអំពើមួយ មិនស្របរដ្ឋធម្មនុញ្ញឡើយ។

​លោកស្រីមួរ សុខហួរ៖ «ពេលណាយើងនិយាយពីអភ័យឯកសិទ្ធិ ទោះបីដកអភ័យឯកសិទ្ធិអ្នកតំណាងរាសស្រ្តក្តី មិនដកក្តី ឱ្យតែនិយាយពីអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត កូរ៉ុមត្រូវតែមានពីរភាគបី នៅពេលនេះយើងមើលឃើញថា កូរ៉ុមមិនបានពីរភាគបី​ទេនៅរដ្ឋសភា ដូច្នេះអ្វីដែលជាការប្រជុំនៅរដ្ឋសភានៅពេលនេះ នៅម៉ោងនេះយើងយល់ថាជាការរំលោភនូវរដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈនៃអ្នកតំណាងរាស្រ្ត និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា»។

lលោកស្រី មួរ សុខហួរ ថ្លែងនៅ​មុខពន្ធនាគារត្រពាំងថ្លុង

កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទបទប្រកាន់​ «សន្ទិដ្ឋិភាពជាមួយបរទេស» ​ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។

សហគមន៍អន្តរជាតិ បានទាមទារដោះលែងកឹមសុខាជាបន្ទាន់ តែ សម្ដេចហ៊ុន សែន ចាត់ទុកការទាមទារនេះ គឺជាការជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងកម្ពុជាហើយប្រាប់ថាកុំ ប្រដៅកម្ពុជា ឱ្យសោះ៕

 

Share

ព័ត៌មានទាក់ទង

Image