en     km
en     km

សម្ដេច ហ៊ុន សែន អំពាវនាវឱ្យគ្រូពេទ្យទាំងអស់ចាត់ទុកអ្នកជំងឺដូចជាជីវិតរបស់ខ្លួន

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងអំពាវនាវឱ្យក្រុមគ្រូពេទ្យទាំងអស់នៅកម្ពុជាចាត់ទុកអ្នកជំងឺងដូចជាជីវិត្តរបស់ខ្លួន ដើម្បីឱ្យអ្នកជំងឺកាន់តែមានទំនុកចិត្តមកលើខ្លួន និងវិស័យសុខាភិបាលទាំងមូល។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧ នេះ ។​

សម្ដេច ហ៊ុន សែន ៖ «ខ្ញុំសូមយកឱកាសនេះ អំពាវនាវសាជាថ្មីម្ដងទៀតចំពោះក្រុមគ្រូពេទ្យទាំងអស់សូមចាត់ទុកអ្នកជំងឺ ដូចជាជីវិតរបស់ខ្លួនផងដែរ »។

តាម សម្ដេច ហ៊ុន​ សែន គុណធម៌គ្រូពេទ្យ គឺជារឿងសំខាន់ដែលបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរកាន់តែមានទំនុកចិត្តមកលើខ្លួននៅក្នុងវិស័យសុខាភិបាល។

សម្ដេច ហ៊ុន សែន ៖ «វិទ្យាសាស្រ្ដកាន់តែទំនើបៗទៅ ប៉ុន្ដែវាទំនើបតែសំភារៈ ប្រសិនបើមនុស្សមិនទំនើបទេវានៅតែចឹង។ ដូច្នេះហើយ វាទាមទារទំនើបទាំងផ្នែកបច្ចេកទេសនិងទាំងផ្នែកសំភារៈ ប៉ុន្ដែវាទាមទារអោយទំនើបទៅលើបញ្ហាមនុស្សផងដែរ ដែលត្រូវចេះប្រើវា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺ បញ្ហា គុណធម៌របស់ក្រុមគ្រូពេទ្យ»។

ថ្លែងនៅក្នុងពិធីនេះ  សម្ដេច ហ៊ុន សែន ក៏បានជម្រុញវិស័យសុខាភិបាល និងអ្នកពាក់ព័ន្ធក្នុងក្របខណ្ឌគោលនយោបាយគាំពារសង្គមលើបញ្ហាស្រ្ដី  ឆាប់ដាក់ផែនការអនុវត្តចុះជួយទៅលើស្រ្ដីកម្មការិនីដែលមានផ្ទៃពោះ ដែលនឹងដាក់ចេញឱ្យអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ។

តាម សម្ដេច ហ៊ុន សែន ស្រ្ដីកម្មការនីរោងចក្រដែលឆ្លងទន្លេងរួច រដ្ឋនឹងផ្គត់ផ្គង់ជាសាច់សម្រាប់បន្ថែម ១២០ភាគរយ ទៅលើរបបឈប់សំរាករយៈពេល ៣ខែ ។

ក្នុងពិធីសំណេះសំណាលជាមួយ​កម្មករនិយោជិតជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ​កាល​​ពីថ្ងៃទី០៦ ខែកញ្ញា ២០១៧ កន្លងមក សម្ដេចក៏បានលើកឡើងដែរថា ចំពោះស្រ្តីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល។​​ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ​រួមនឹងបូកប្រាក់ឧបត្ថម្ភពី​សម្តេចបន្ថែមទៀត។

សម្តេចបានឱ្យដឹងថា ​​បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល នឹងត្រៀមថវិកាប្រមាណ ១០លានដុលារ ក្នុងមួយឆ្នាំៗ ដើម្បីជួយគាំពារស្រ្តីសម្រាលកូន។ ទោះបីកូននោះកើតរស់ឬ ស្លាប់ គឺ នឹង​ទទួលបានថវិកាដូចគ្នា៕

 

 

 

Share

ព័ត៌មានទាក់ទង

Image