en     km
en     km

បទវិភាគ៖ កម្ពុជាជាទីផ្សារចាយវាយរូបិយប័ណ្ណបរទេសដោយសេរីនាំឱ្យប្រាក់រៀលខ្មែរពុំសូវមានឥទិ្ធពល

Share

គេសង្កេតឃើញថា ពលរដ្ឋខ្មែរតែងតែដោះដូរ និងទូទាត់ទំនិញនានាជាប្រាក់រៀលខ្មែរ និងដុល្លាររបស់អាមេរិក។ ចំណែកពលរដ្ឋនៅរស់នៅតាមព្រំដែនជាមួយប្រទេសជិតខាងវិញ គេសង្កេតឃើញពលរដ្ឋខ្មែរ ប្រើប្រាស់ប្រាក់ប្រទេសជិតខាងទាំងនេះ ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។

ជិត ២ ទសវត្សរ៍មកហើយ ដែលពលរដ្ឋខ្មែរបានចាយវាយរូបិយប័ណ្ណបរទេសដោយសេរី ពិសេសប្រាក់ដុល្លារអាមេរិក។

តើការចាយវាយរូបិយប័ណ្ណ បរទេសលើទីផ្សារកម្ពុជា បានផ្តល់នូវផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះដល់ប្រទេសជាតិ?

សូម ស្តាប់បទវិភាគដែលរៀបចំដោយលោក កែវ សុខា ដូច ទៅ!

 

                                                                                   ប្រាក់រៀលខ្មែរ។

រាប់ចាប់ពីជនបទស្រុកស្រែ ទីប្រជុំជន ពិសេសទីក្រុងស្រុកផ្សារ ពលរដ្ឋខ្មែរបានដោះដូរទំនិញដោយទូទាត់ជាសាច់ប្រាក់រៀលរបស់ខ្លួនឯង និងប្រាក់ដុល្លាររបស់អាមេរិក។ ចំណែកពលរដ្ឋតាមជាយដែនប្រទេសវិញ បានចាយវាយប្រាក់បាតថៃ ប្រាក់ ដុងវៀតណាម និងប្រាក់គីបឡាវ ជាមួយពលរដ្ឋនិងឈ្មួញប្រទេសទាំងនោះក្នុងសង្វាក់ផលិតកម្មរបស់ពួកគេ។

ជាការពិតចរាចររូបិយប័ណ្ណបរទេស ពិសេសប្រាក់ដុល្លារអាមេរិកហាក់មានភាពសេរីប្រហាក់ប្រហែលនឹងប្រាក់រៀលជាម្ចាស់ស្រុក។ ការនិយមចាយវាយរូបិយប័ណ្ណបរទេស បានធ្វើឱ្យអ្នកវិភាគផ្នែកសេដ្ឋកិច្ចសម្តែងការព្រួយបារម្ភថា អំណាចនៃរូបិយប័ណ្ណជាតិអាចនឹងត្រូវបាត់បង់។ ប៉ុន្តែនៅចំពោះមុខនៃការបើកទូលាយសម្រាប់ការចាយវាយរូបិយប័ណ្ណបរទេសបែបនេះ កម្ពុជាអាចមានផលវិជ្ជមានផង និងផលអវិជ្ជមានផងដែរ។

មុននឹងស្វែងយល់ពីផលវិជ្ជមាន និងអវិជ្ជមានជុំវិញចរាចររូបិយប័ណ្ណបរទេសលើទីផ្សារកម្ពុជា យើងត្រូវក្រឡេកមើលបុព្វហេតុ និងមូលហេតុ ដែលប្រជាជនកម្ពុជានិយមចូលចិត្តចាយប្រាក់របស់បរទេសបន្តិចសិន។

មូលហេតុនៃការហូរចូលនៃរូបិយបណ្ណបរទេស(ដុល្លារ)

                                                                              ប្រាក់ដុល្លារអាមេរិក។

តាមការឱ្យដឹងពីអ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា ប្រាក់ដុល្លារអាមេរិកបានមានវត្តមាននៅកំឡុងឆ្នាំ ១៩៩០ នៅពេលវត្តមានកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬហៅកាត់ថា អ៊ុនតាក់(UNTAC) បានចូលមករៀបចំកាលបោះឆ្នោតនៅកម្ពុជា។

ការហូរចូលនៃទាហានអ៊ុនតាក់ នាំមកនូវជាមួយប្រាក់ដុល្លារអាមេរិក។ តែកាលនោះធនាគារជាតិកម្ពុជាមិនទាន់អនុញ្ញាត ឱ្យចាយវាយដុល្លារអាមេរិកភ្លាមៗទេ។ ពេលនោះហើយ ដែលធនាគារជាតិបានបោះពុម្ពប្រាក់រៀល ដើម្បីធ្វើការដោះដូរក្នុងសង្វាក់ទីផ្សារ។ ប៉ុន្តែនៅពេលនោះ ការចរាចរប្រាក់ដុល្លារមានការកើនឡើង នាំឱ្យប្រាក់រៀលចុះថោកយ៉ាងលឿន រីឯទំនិញក៏ហក់ឡើងថ្លៃខ្លាំង ពោលគឺមានអតិផរណាយ៉ាងខ្លាំង ចំណែកម៉ាក្រូសេដ្ឋកិច្ចក៏គ្មានស្ថិរភាពនោះដែរ។

ដើម្បីជាដំណោះស្រាយចំពោះមុខបញ្ហាដ៏ស្មុគស្មាញនេះ ធនាគារជាតិគ្មានផ្លូវផ្សេង ក្រៅពីទទួលយកដុល្លាររូបនីយកម្មនោះទេ មានន័យថា ដុល្លារអាមេរិកត្រូវអនុញ្ញាតសិទ្ធិឱ្យចរាចរ ឬចាយវាយដូចប្រាក់រៀលដែរ។ ក្រោយមកទៀត រូបិយប័ណ្ណផ្សេងទៀតក៏អាចចរាចរបានដោយសេរីនៅកម្ពុជា។

ចុះហេតុអ្វីពលរដ្ឋខ្មែរនិយមរូបិយប័ណ្ណបរទេសពិសេសប្រាក់ដុល្លារ

                                                                                                ប្រាក់ដុល្លារ។

មកដល់ចំណុចនេះយើងត្រូវចោទសួរថាតើ មូលហេតុអ្វីបានជាពលរដ្ឋកម្ពុជានិយមរូបិយបណ្ណបរទេស ពិសេសដុល្លារអាមេរិកយ៉ាងដូច្នេះ?

ចាប់តាំងពីកម្ពុជាបានប្រើប្រាក់រៀលដើម្បីដោះដូរទំនិញ កម្ពុជាបានដើរឆ្លងកាត់របបជាច្រើន។ ជាការកត់សម្គាល់របបនិមួយៗដែលមកគ្រប់គ្រងប្រទេស មិនបានឯកភាព ឬទទួលស្គាល់រូបិយប័ណ្ណរបបចាស់នោះទេ ជាហេតុធ្វើឱ្យរូបិយប័ណ្ណរបបចាស់មិនអាចចាយវាយក្នុងរបបថ្មីបាន។ នេះជាហេតុធ្វើឱ្យអ្នកមានប្រាក់ពីរបបចាស់ក្លាយជាអ្នកក្រមួយរំពេច។

ប្រការដែលមេដឹកនាំរបបមួយមិនទទួលស្គាល់រូបិយបណ្ណរបបមួយទៀត ធ្វើឱ្យប្រជាជនខ្លួនឯងហាក់ខ្លាច មិនសូវហ៊ានសន្សំរក្សាទុករូបិយវត្ថុជាតិខ្លួនឯងប៉ុន្មាននោះទេ ពោលគឺខ្លាចហេតុការណ៍ដដែលនេះកើតឡើងជាថ្មីទៀត។

ស្របពេលទីផ្សារកម្ពុជាបានបើកទូលាយនូវការចរាចររូបិយប័ណ្ណបរទេសស្រាប់ ប្រជាជនកម្ពុជាដែលសេសសល់ពីសម័យសង្គ្រាម ហាក់គាំទ្រ និងជឿជាក់លើរូបិយប័ណ្ណបរទេសពិសេសដុល្លារអាមេរិកតែម្តង ដោយហេតុផលការពារខ្លួនថា ការរក្សាទុកប្រាក់ដុល្លារ គឺមានការទទួលស្គាល់គ្រប់កាលៈទេសៈ បើទោះបីកម្ពុជាត្រូវប្តូររបបដោយយថាហេតុណាមួយនោះ។

ជាទម្លាប់នៃការចាយវាយដុល្លាររបស់មនុស្សជំនាន់មុន និងតៗគ្នានេះហើយ ធ្វើឱ្យមនុស្សជំនាន់ថ្មីមានទំនោរទូទាត់សាច់ប្រាក់ដុល្លារតរៀងមក ដែលពិបាកកែ។

គុណសម្បត្តិនៃការចាយវាយរូបិយប័ណ្ណបរទេស

រូបភាពនៃការចាយវាយដោះដូរជាប្រាក់ដុល្លារហាក់ធ្វើឱ្យអំណាចប្រាក់រៀលធ្លាក់បន្តិចមែន តែគេក៏មិនត្រូវមើលរំលងផលចំណេញដែលកើតចេញពីដុល្លាររូបនីយកម្មនេះទេ។

ការអនុញ្ញាតឱ្យមានការចរាចរដុល្លារ និងអាចទាក់ទាញវិនិយោគពីបរទេសបានច្រើន ព្រោះអ្នកវិនិយោគយល់ថា ខ្លួនមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ បើកប្រាក់ខែបុគ្គលិក និងលក់ទំនិញដោយអាចទូទាត់បានយ៉ាងងាយស្រួលជាដុល្លារអាមេរិក។ នេះជាកត្តាមួយលើកទឹកចិត្តឱ្យអ្នកវិនិយោគទុនចូលមកបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា។ ហើយការប្រើប្រាស់ដុល្លារនេះទៀតសោត ក៏អាចរក្សាបន្តអ្នកវិនិយោគឱ្យនៅរកស៊ីនៅកម្ពុជាផងដែរ។

គុណវិបត្តិនៃការចាយវាយរូបិយប័ណ្ណបរទេស

                                                                                        ប្រាក់រៀលខ្មែរ។

ទន្ទឹមនឹងគុណសម្បត្តិនៃការចាយវាយរូបិយប័ណ្ណបរទេសនេះ គុណវិបត្តិក៏មានច្រើនណាស់ដែរពីដុល្លារូបនីយកម្មនេះ។ នៅពេលប្រាក់បរទេសពិសេសដុល្លារត្រូវបានប្រជាពលរដ្ឋទទួលយកជារូបិយប័ណ្ណរបស់ខ្លួន នោះធ្វើឱ្យមុខងារប្រាក់រៀលខ្មែរមានការថយចុះយ៉ាងខ្លាំង។

ចំណែកធនាគារជាតិក៏ពិបាកក្នុងការគ្រប់គ្រងហរិញ្ញវត្ថុផងដែរ។ ពិបាកគ្រប់គ្រង ពោលគឺរដ្ឋាភិបាលមិនអាចដឹងទេថារូបិយប័ណ្ណបរទេសមានការចរាចរក្នុងស្រុកចំនួនប៉ុន្មានឱ្យពិតប្រាកដ ខណៈពលរដ្ឋកម្ពុជានៅមានទំនោររក្សាប្រាក់ក្នុងផ្ទះ ជាជាងរក្សាទុកក្នុងធនាគារ។

ចរន្តនៃចរាចរជារូបិយប័ណ្ណបរទេស ក៏បានបង្កការខាតបង់ក្នុងប្រតិបត្តិការប្តូរប្រាក់ផងដែរ គឺខាតបង់កម្រៃជើងសារពីការប្តូររូបិយវត្ថុ ដែលទំហំនៃការដោះដូរមានធំណាស់។ យើងអាចប៉ាន់ប្រមាណបានថា ក្នុងមួយថ្ងៃក្រុមហ៊ុន និងក្រុមហ៊ុន បុគ្គលនិងបុគ្គលអាចមានការទូទាត់សាច់ប្រាក់រហូតដល់ទៅរាប់រយលានដុល្លារក៏មាន។

ងាកមកសេដ្ឋកិច្ចជាតិវិញ យើងពិនិត្យឃើញថា មានការខាតបង់ចំណូលនៃការផលិតក្រដាសប្រាក់ ព្រោះថា ដុល្លាររូបនីយកម្មបង្កឱ្យធនាគារជាតិមិនអាចបោះពុម្ពប្រាក់រៀលបានច្រើន ព្រោះរូបិយប័ណ្ណបរទេសដណ្តើមសិទ្ធិជាមធ្យោបាយទូទាត់ទៅហើយ។

ប្រទេសកម្ពុជាជារបបទីផ្សារសេរី ប្រតិបត្តិការជំនួញរបស់អ្នកវិនិយោគជាមួយដៃគូ គឺត្រូវមានការអនុវត្តទៅតាមតម្រូវការរបស់គេ ហើយកម្ពុជាត្រូវធ្វើអ្វីតម្រូវតាមអតិថិជន និងដៃគូជំនួញរបស់ពួកគេផងដែរ។ នៅចំពោះមុខស្ថានការណ៍នេះ កម្ពុជាមិនអាចបិទទ្វារឱ្យគេប្រើប្រាស់តែរូបិយវត្ថុក្នុងស្រុកទេ តែគេអាចចរាចររូបិយបណ្ណបរទេសបានទាំងព្រម។ ប៉ុន្តែការចរាចរសាច់ប្រាក់បរទេសដូចជា ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃច្រើនពេក ដោយមិនសូវឱ្យតម្លៃរូបិយបណ្ណខ្លួនឯងក៏អាចកើតមានបញ្ហាផងដែរ។

ដូច្នេះគេត្រូវដើរទាំងព្រម នោះមានន័យថា កម្ពុជាគួរចរាចររូបិយវត្ថុ សម្រាប់សេដ្ឋកិច្ចក្នុងស្រុកជាប្រាក់រៀលខ្មែរ ឱ្យបានច្រើនបំផុតតាមដែរអាចធ្វើទៅបាន។

រដ្ឋាភិបាលកម្ពុជាត្រូវជំរុញឱ្យប្រាក់រៀលមានលំនឹង និងមានអំណាច តាមរយៈការបញ្ជាឱ្យអ្នកវិនិយោគត្រូវបើកប្រាក់ខែជូនបុគ្គលិកកម្មករជាប្រាក់រៀលក្នុងប្រព័ន្ធធនាគារ។ ចំណែកវិស័យឯកជនមួយចំនួន ដូចជាធនាគារឯកជន ឬមីក្រូហិរញ្ញវត្ថុត្រូវលើកទឹកចិត្តអតិថិជនរបស់ខ្លួន តាមរយៈផ្តល់អត្រាការប្រាក់ខ្ពស់សម្រាប់ការផ្ញើប្រាក់រៀលជូនអតិថិជន។

រីឯពលរដ្ឋ អាជីវករ និងម្ចាស់ហាងលក់ទំនិញនានា ត្រូវមានឆន្ទះកំណត់តម្លៃជាប្រាក់រៀល ក្នុងការទូទាត់ ដោះដូរទំនិញ។

ការទូទាត់សាច់ប្រាក់ជាតិខ្លួនឯង មិនត្រឹមតែផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ វាក៏ជាមោទនភាពជាតិមួយផងដែរ នៅពេលប្រាក់រៀលកម្ពុជាមានលំនឹង និងអំណាចមាំទាំ៕

 

Share

ព័ត៌មានទាក់ទង

Image