ភ្នំពេញ៖ ស្ដ្រីខ្មែរចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសំណង់កាន់តែមានកំណើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការងាកមកចាប់អារម្មណ៍វិស័យសំណង់ពីក្រុមស្ដ្រីខ្មែរនាពេលនេះ គឺដោយសារពួកគេយល់កាន់តែច្បាស់ពីវិស័យនេះ បូករួមនឹងក្ដីស្រឡាញ់របស់ពួកគេចង់ក្លាយជាស្ដ្រីវិស្វករផងដែរ។
សាស្ដ្រាចារ្យដែលបង្ហាត់សិស្សផ្នែកសំណង់នេះ មានមោទនភាពដែលស្ដ្រីងាកមកចាប់អារម្មណ៍កាន់តែច្រើនលើវិស័យសំណង់នាពេលនេះ ដោយរំពឹងថា ស្ដ្រីខ្មែរកាន់តែមានភាពលេចធ្លោក្នុងសង្គម និងលើឆាកអន្ដរជាតិ ។ សូមស្ដាប់បទយកការណ៍ដែលរៀបចំឡើយដោយលោក លៀ ស៊ីណា ដូចតទៅ៖
កាលណាយើងនិយាយដល់ការងារ “សំណង់” យើងនឹងដល់ភ្លាមថា នេះគឺជាការងារដែលប្រើកម្លាំង ហត់នឿយ និងលំបាក់ជាខ្លាំង ហើយការងារនេះគឺសម្រាប់តែបុរសប៉ុណ្ណោះ ព្រោះបុរសជាសភាវមានកម្លាំងខ្លាំងដែលងាយធ្វើការ កាប់ គាស់ លីសែង ការងារធ្ងន់ៗ។ ជារួមវិស័យនេះគឺចាស់ បុរាណ មិនដែលចាត់ទុកស្ដ្រីក្នុងក្រសែភ្នែកពួកគាត់នោះទេ ដោយបានបោះពាក្យថា ស្ដ្រីបង្វិលតែចង្ក្រានមិនជុំផង។ យ៉ាងណាក៏ដោយនិស្សិតស្ដ្រី ផ្នែកសំណង់បានបដិសេធការលើកឡើងនេះ ដោយនិយាយថា បុរសមានកម្លាំងខ្លាំងគឺជាការពិត ក៏ប៉ុន្ដែការងារសំណង់មិនមែនតម្រូវទាល់តែមនុស្សមានកាយសម្បទាមាំមួន ឬខ្លាំងក្លាទើបធ្វើបាននោះទេ។
កញ្ញា ឈួន ម៉ានីតា មានស្រុកកំណើតនៅភូមិព្រែករុន ឃុំព្រែកគុយ ខេត្ដកណ្ដាល ជានិស្សតបញ្ចប់ការសិក្សាផ្នែកសំណង់ស៊ីវិល នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ថា NTTI បានប្រាប់វិទ្យុស្ដ្រីថា ការងារសំណង់ ថ្វីបើហត់ប៉ុន្ដែប្រសិនបើមានចិត្ដស្រឡាញ់ហើយ គឺគ្មានអ្វីជាកត្ដារារាំងដល់ស្ដ្រីចូលរៀន និងចូលធ្វើការផ្នែកនេះឡើយ។ កញ្ញាចូលរៀនផ្នែកសំណង់ក្រោយបញ្ចប់ថ្នាក់ទី១២។ ការចូលរៀន គឺផ្ដើមចេញពីចិត្ដស្រឡាញ់ ហើយក៏មានការជម្រុញពីគ្រួសារនាងដែរ។ កញ្ញា ឈួន ម៉ានីតា ៖«ចាស បង យើងអត់មានប្រកាន់ខ្លាចថា អូយខ្លួនជាស្ដ្រីខ្លាចខូចសម្រស់ ខ្លាអីអត់ទេ បើគេធ្វើការហាលក្ដៅខ្ញុំធ្វើដូចគេដែរ»។
ថ្វីបើនាងចូលរៀនតាមការពេញចិត្ដខ្លួនឯង និងមានការជ្រុំជ្រែងពីឪពុកម្ដាយ របស់នាងក្ដី ក៏ប៉ុន្ដែតែងតែមានពាក្យខ្សិបខ្សៀវ និងបោះពាក្យសម្ដីហាក់ជាការស្ដីបន្ទោស និងជាការចំអកពីក្រុមសាច់ញាតិ និងមិត្ដរួមថ្នាក់របស់នាងជាញឹកញាប់ផងដែរ ពីការសម្រេចចិត្ដរបស់នាងដូច្នេះ។ កញ្ញា ឈួន ម៉ានីតា ៖ «នៅពេលដែលចូលរៀនគឺមានសម្ពាធពីខាងក្រុមសាច់ញាតិដែរ ពួកគាត់ថា ឯងស្រីទេម្ដេចទៅរៀនផ្នែកហ្នឹង ជាជំនាញប្រុសទេ ហើយខណៈកំពុងរៀន ក៏ប្រុសៗថា ឲ្យយើងដែរថាយើងមិនមែនស្រីទេបានមករៀនជំនាញហ្នឹង»។
តែយ៉ាងណា ម៉ានីតា នៅតែអះអាងថា មតិខាងក្រៅត្រឹមជាទស្សនរបស់ពួកគេប៉ុណ្ណោះ ដែលគ្មានឥទ្ធិពលអ្វីវាយប្រហារទឹកចិត្ដរបស់នាងដែលបានកំណត់គោលដៅរួចហើយនោះទេ។ កញ្ញា ឈួន ម៉ានីតា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសំណង់កាលពីឆ្នាំ២០១៥។ ក្នុងវ័យ ២៥ឆ្នាំ ពេលនេះនាងកំពុងបំពេញការងារជាអ្នកគណនាតម្លៃគម្រោង និងការដេញថ្លៃគម្រោង របស់ក្រុមហ៊ុនឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ។
ងាកមកចាប់អារម្មណ៍យុវតី ឈួន វណ្ណារី ដែលមកពីខេត្ដកណ្ដាលមួយរូបទៀត។ ឆ្នាំនេះនាងសិក្សាដល់ឆ្នាំទី ៣ ហើយ។ វណ្ណារី មានក្ដីស្រម៉ៃតាំងពីតូចចង់ធ្វើជាវិស្វករមួយរូប ដែលដឹកនាំការដ្ឋានមួយឲ្យដំណើរការទៅដោយជោគជ័យ។ ក៏ប៉ុន្ដែទម្រាំព្យាយាមសិក្សាមកដល់ពេលនេះ យុវវតីសម្បុរស្រអែម រាងស្ដើង មកពីខេត្ដកណ្ដាលរូបនេះហាក់លំបាកខ្លាំងគួរសមដែរ ព្រោះទាំងម្ដាយ និងសាច់ញាតិ គ្មានចំណូលចិត្ដឲ្យកូនស្រីមករៀនផ្នែកសំណង់ស៊ីវិលដូចកូនប្រុសឡើយ។ កញ្ញា ឈួន វណ្ណារី ៖«ម៉ាក់ខ្ញុំក៏មិនចង់ឲ្យខ្ញុំរៀនដែរក៏ប៉ុន្ដែជាក្ដីស្រម៉ៃរបស់ខ្ញុំ ខ្ញុំចង់ក្លាយជាវិស្វករអញ្ចឹង ហើយណាមួយខ្ញុំគិតថា មិនមែនតែមនុស្សទេដែលអាចធ្វើការងារក្រោមកម្ដៅថ្ងៃបានស្ដ្រីក៏ធ្វើបានដែរ»។
មកដល់ពេលនេះយុវតី វណ្ណារី បង្ហាញការយល់ឃើញថា ស្ដ្រីនៅតែមានចំនួនតិចជាងបុរស ដែលចូលមកសិក្សាផ្នែកសំណង់ស៊ីវិល។ នាងគិតថា ទំនងមកពីស្ដ្រី ឬអាណាព្យាបាល មិនទាន់យល់ច្បាស់ពីកិច្ចការសំណង់ទើបពួកគាត់នៅតែប្រកាន់ចិត្ដថា នេះជាការងារមនុស្សប្រុស ហើយមនុស្សស្រី មិនគួរទៅឡូកឡំនឹងការងារបែបនេះទេ។ កញ្ញា ឈួន វណ្ណារី ៖«ក្នុងវិស័យសំណង់នេះភាគច្រើនមានតែប្រុសទេ។ ខ្ញុំចង់លើកទឹកចិត្ដឲ្យស្រីៗគ្នាយើងខំប្រឹង យើងក៏អាចធ្វើដូចមនុស្សប្រុសដែរ យើងអាចចាប់ជំនាញបានដូចមនុស្សបានដូចគ្នា មិនមែនមានតែមនុស្សប្រុសទេដែលអាចរៀនខាងផ្នែកសំណង់នេះ»។
កញ្ញា វណ្ណារី បញ្ជាក់ថា ការងារសំណាង់គឺត្រូវបានបែងចែកជាច្រើនផ្នែក ហើយសិស្សអាចជ្រើសរើសបានដោយមិនមែនសំដៅដល់លើតែការលីសែងសម្ភារៈធ្ងន់ៗ ឬក៏លំបាកខ្លាំងនោះទេ។ ការងារសំណង់នេះ មានទាំងធ្វើក្នុងការិយាល័យ និងចុះការដ្ឋានដោយផ្ទាល់ទៅតាមចំណង់ចំណូលចិត្ដ។
ចំណែកនិស្សិតសំណង់ស៊ីវិលមកពីខេត្ដកំពតឯណោះវិញកញ្ញា នន សុម៉ាឡា នៅឆ្នាំនេះនាងបានសិក្សាដល់ឆ្នាំទី០៤ ហើយនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស រាជធានីភ្នំពេញ។ ស្ដ្រីវ័យក្មេងរូបនេះមកសិក្សាផ្នែកសំណង់ស៊ីវិលព្រោះការស្រឡាញ់ និងទទួលបានការណែនាំពីឪពុកមា ដែលជាវិស្វករមួយរូបផង។ កញ្ញា នន សុម៉ាឡ៖«មូលហេតុដែលធ្វើឲ្យខ្ញុំចូលរៀនផ្នែកសំណង់ស៊ីវិលនេះ ទី១ព្រោះចំណង់ចំណូលចិត្ដខ្ញុំ ។ទី២ គឺខ្ញុំមានពូដែលជាវិស្វករ គាត់បានពន្យល់នឹងណែនាំខ្ញុំពេលរៀនចប់ទី១២ ខ្ញុំសម្រេចចិត្ដចូលរៀននៅសាលានេះតែម្ដង»។
កញ្ញា នន សុម៉ាឡា ជានិស្សិតផ្នែកសំណង់កំពុងសិក្សាផង និងអនុវត្ដការងារជាក់ស្ដែងផង នៅការដ្ឋានមួយកន្លែង នៃរាជធានីភ្នំពេញ។ នាងបានជួបការលំបាកខ្លះដែរ ក៏ប៉ុន្ដែនាងមិនធ្លាប់គិតថា នឹងបោះបង់ក្ដីស្រម៉ៃមួយនេះចោលឡើយ។ ម៉ាឡា ចង់ឲ្យក្មេងស្រីដទៃទៀតពង្រឹងសេចក្ដីក្លាហានរបស់ខ្លួន ហ៊ានឈោងចាប់ក្ដីស្រម៉ៃ ដោយមិនត្រូវខ្លាចត្រឹមតែពាក្យរិះគន់របស់អ្នកដទៃនោះឡើយ។ កញ្ញា នន សុម៉ាឡា ៖«ដូចជាខ្ញុំស្រីតែម្ដងភាគច្រើនគិតថា វិស្វករសំណង់ស៊ីវិលនេះមានតែមនុស្សទេធ្វើបានព្រោះវាលំបាក តែខ្ញុំគិតថា ប្រុសធ្វើបានយើងស្រីក៏ធ្វើបានឲ្យស្ថិតនៅលើការប្រឹងប្រែង និងគោលបំណងរបស់យើងគឺយើងអាចធ្វើបានដូចគ្នា»។
ភាគច្រើនបំផុតយុវជនដែលសិក្សាផ្នែកសំណង់ស៊ីវិល ពួកគេតែងតែលេបខាយ ចំអក ចំអន់ ដាក់ស្ដ្រី ដែលចូលទៅសិក្សាផ្នែកសំណង់ស៊ីវិលជាមួយពួកគេ។ ទំនងជាយុវជនទាំងអស់នោះទទួលអារម្មណ៍ខុសប្លែក ខុសញាណ ខុសបរិបទដែលពួកគេតែងតែលឺ តែដឹងតៗគ្នាមក។ ក៏ប៉ុន្ដែមិនមែនយុវជនសំណង់ស៊ីវិលទាំងអស់សុទ្ធតែគិតដូច្នេះនោះទេ។
លោក តាំង សៀកហ៊ុយ វ័យ ១៨ឆ្នាំជានិស្សិតម្នាក់មកពីខេត្ដកំពង់ចាម ដែលជាកូនអ្នកចម្ការមួយរូប លោកកំពុងសិក្សាផ្នែកសំណង់ នៅសកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ។ លោក សៀកហ៊ុយ បង្ហាញចំណាប់អារម្មណ៍ចង់ឲ្យក្មេងស្រីចូលមកសិក្សាផ្នែកសំណង់នេះដូចលោកដែរ ដោយលោកឲ្យដឹងការងារនេះមិនមែនជាការងារលំបាក ឬហត់នឿយខ្លាំងក្លានោះទេ។ លោក តាំង សៀកហ៊ុយ៖«មិនមែនទេ មិនមែនដូចគាត់គិតថាត្រូវជួយលើកអីអញ្ចេះ អញ្ចុះ អត់គឺអត់មានទាំងអស់គ្រាន់តែថា ត្រូវមើលកូនជាង និងការងាររបស់យើងហ្នឹងអត់មានទៅជួយកូនជាងអីទេ »។
តាំងពីដើមរៀងមកចាស់បុរាណតែងតែគិតថា ការងារនេះគឺពិតជាហត់នឿយយ៉ាងខ្លាំង ហើយកូនស្រីនឹងមានកម្លាំងឯណាដើម្បីធ្វើការងារដ៏លំបាកដូចនេះ។ ក៏ប៉ុន្ដែលោក សៀក ហ៊ុយ បដិសេធការយល់ឃើញដូច្នេះដោយលោកអះអាងថា ការងារនេះមិនមែនចាំបាច់ត្រូវលីសែង លើកដាក់របស់ធ្ងន់ៗនោះទេ។ គ្រាន់តែសិស្សដែលសិក្សាផ្នែកសំណង់ស៊ីវិលនេះ ត្រូវតែជាសិស្សពូកែខាងគណិតវិទ្យា រូបវិទ្យា ឬភាសាអង់គ្លេស ដើម្បីងាយស្រួលដល់ការសិក្សា។ លោក តាំង សៀកហ៊ុយ៖«ខ្ញុំគិតថាអត់មានអីដែលពិបាកផង មនុស្សស្រីអាចចូលរៀនបាន ដូចគ្នាឲ្យតែគាត់រៀនពូកែ គឺពូកែរូបវិទ្យា សិស្សសំណង់ត្រូវចេះប្រើប្រាស់កម្មវិធីមួយចំនួនក្នុងកុំព្យូទ័រ សម្រាប់គួរប្លង់ បន្ទាប់មកយើងយកប្លង់ហ្នឹងមកមើលផ្ទាល់នៅការដ្ឋាន បើសិនយើងត្រូវម៉ៅការគេអញ្ចឹងយើងត្រូវយកប្លង់ហ្នឹងទៅមើលថា ចំណាយអ្វីខ្លះមួយថ្ងៃហ្នឹង គ្រាន់តែវាក្ដៅបន្ដិច»។
ជាមួយគ្នានេះដែរ លោកស្រីសាស្ដ្រាចារ្យ ខ្វាយ សុភាព បង្រៀនមុខវិជ្ជាគណិត ប្រចាំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា (តិចណូ) និងបង្រៀនក្រៅម៉ោងនៅសាកលវិទ្យាល័យន័រតុន មានប្រសាសន៍ថា ស្ដ្រីចាប់អារម្មណ៍ផ្នែកសំណងនេះគឺតូចបំផុតកាលពីជាង ១០ឆ្នាំមុន។ ក៏ប៉ុន្ដែក្នុងរយៈពេលចុងក្រោយនេះលោកស្រីមើលឃើញថា ស្ដ្រីបានងាកមកចាប់រម្មណ៍ និងចូលសិក្សាមុខវិជ្ជានេះគួរឲ្យកត់សំគាល់។ លោកស្រី ខ្វៃ សុភាព៖«ពីមុនមកយើងឃើញថា អត់សូវមានទេ មានមិនដល់ ៥ភាគរយផង តែពីមួយឆ្នាំទៅមួយយើងឃើញមានការកើនឡើង ឥឡូវនៅ តិចណូ កាលពីឆ្នាំមុនស្ដ្រីមានដល់ ២៥ភាគរយសិក្សាផ្នែកសំណង់»។
ចំពោះកំណើនស្ដ្រីចូលសិក្សាផ្នែកសំណង់ស៊ីវិលនេះ លោកស្រី សុភាព សាទរជាខ្លាំងចំពោះស្ដ្រី ដែលបានបង្ហាញឆន្ទៈរបស់ខ្លួនចាប់យកអ្វីដែលជាចំណង់ចំណូលចិត្ដឆ្ពោះទៅអនាគត។ លោកស្រីរំពឹងថា តទៅថ្ងៃមុខស្ដ្រីកាន់តែច្រើននឹងចូលសិក្សាផ្នែកសំណង់ស៊ីវិល ដើម្បីបង្ហាញសមត្ថភាពក្នុងសង្គមជាតិ និងលើឆាកអន្ដរជាតិ ថាស្ដ្រីក៏មានសមត្ថភាពធ្វើការងារដូចជាបុរសដែរ៕