ភ្នំពេញ៖ ថ្លែងនៅចំពោះមុខនិស្សិតពេទ្យ នៃសាកលវិទ្យាល័យសុខាភិរាជធានីភ្នំពេញ នៅបាលនៅមជ្ឈមណ្ឌលកោះពេជ្រប្រមាណជិត ៤ពាន់នាក់នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអះអាងថា សម្ដេចគ្រោងនឹងស្នើទៅមេដឹកនាំចិនឲ្យជួយផ្ដល់សម្ភារបច្ចេកទេសច្រើនថែមទៀតសម្រាប់វិស័យសុខាភិបាលកម្ពុជា។
លើសពីនេះសម្ដេចនាយករដ្ឋមន្ដ្រី ក៏នឹងរៀបចំឲ្យមានមន្ទីរពេទ្យបង្អែកបន្ថែមទៀត ដើម្បីបម្រើសេចក្ដីត្រូវការរបស់ពលរដ្ឋ ពិសេសគឺតំបន់រោងចក្រដែលមានកម្មករច្រើនកំពុងរស់នៅទីនោះ។ សម្ដេច ហ៊ុន សែន៖«ទៅថ្ងៃនេះគម្រោងរបស់ខ្ញុំនៅពេលដែលជួបមេដឹកនាំចិន ខ្ញុំក៏នឹងស្នើឲ្យមានការជំរុញបន្ថែមក្នុងការផ្ដល់សម្ភារបច្ចេកទេសសម្រាប់វិស័យសុខាភិបាលនេះផងដែរ ដែលក្នុងនោះយើងត្រូវពង្រាយច្រើនថែមទៀតនូវមន្ទីរពេទ្យបង្អែក និងពង្រឹកមន្ទីរពេទ្យបង្អែកនៅតាមតំបន់រោងចក្រដែលសម្បូរកម្មកររោងចក្ររស់នៅ»។
ការថ្លែងរបស់នាយករដ្ឋមន្ដ្រីកម្ពុជាដូចនេះគឺស្របពេលដែលលោក នឹងធ្វើដំណើរទៅប្រទេសចិននៅថ្ងៃទី១១ ខែកញ្ញានេះ តបតាមការអញ្ញើញរបស់មេដឹកនាំចិន ដើម្បីទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី ១៤ រយៈពេល ៣ថ្ងៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី០៩ កញ្ញា។ សម្ដេច ហ៊ុន សែន នឹងទៅប្រទេសចិនដែលអមដំណើរដោយឥស្សរជនជាន់ខ្ពស់ជាច្រើនដែលក្នុងនោះក៏មានរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ ផងដែរ៕