សិស្សចំនួន៦៣,៦៦៨នាក់ ក្នុងចំណោម៩៩,៧២៨នាក់ ឬស្មើ៦៣,៨៤% បានប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ ។ នេះបើយោងលទ្ធផលដែលប្រកាសដោយក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៧។
ចំពោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៤ ២៣៤នាក់ ត្រូវជា៥៣, ៤០% និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ២៩ ៤៣៤នាក់ ត្រូវជា៨២,៦២%។
ក្រសួងបានបញ្ជាក់ថា សិស្សជាប់និទ្ទេស Aនៅទូទាំងប្រទេសមាន ចំនួន ៤២៤នាក់ និទ្ទេស Bចំនួន ២,៤៦៤នាក់ និទ្ទេស C ចំនួន ៥,០០០នាក់ និទ្ទេស D ចំនួន ៩,១២៣នាក់ និងនិទ្ទេស Eមាន ចំនួន ៤៦,៦៥៧នាក់។
ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេសA ៤២៤នាក់នេះ មកពីរាជធានីភ្នំពេញចំនួន១៩៤នាក់ សៀមរាប៤៧នាក់ កណ្តាល២៦នាក់ បាត់ដំបង២៣នាក់ កំពត២១នាក់ កំពង់ចាម២០នាក់ ព្រៃវែង១២នាក់ បន្ទាយមានជ័យ១២នាក់ កំពង់ឆ្នាំង១២នាក់ ព្រះសីហនុ៩នាក់ កំពង់ធំ៩នាក់ តាកែវ៨នាក់ ត្បូងឃ្មុំ៧នាក់ ពោធិ៍សាត់៦នាក់ ក្រចេះ៦នាក់ ស្វាយរៀង៥នាក់ ព្រះវិហារ២នាក់ កែប២នាក់ កំពង់ស្ពឺ១នាក់ ប៉ៃលិន១នាក់ និងកោះកុង១នាក់។
ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ខេត្តផ្សេងៗទៀត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង Facebook.com/moeys.gov.kh ។
សូមជម្រាបថា ការ្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ២១ ខែសីហា ឆ្នាំ២០១៧ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប១៧៤មណ្ឌល បន្ទប់ប្រឡង ៤,០៥បន្ទប់ និងមានបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប១០១,៤១៣។បេក្ខជនអវត្តមានចំនួន១,៦៨៥នាក់។
ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃ ដំណើរការប្រឡង និង ការសំណេរ កំណែ និងស្រង់ពិន្ទុដោយប្រព័ន្ធកុំព្យូរទ័របានប្រព្រឹត្តដោយជោគជ័យ ពុំមានឧបទ្ធវហេតុអ្វីគួរឱ្យកត់សម្គាល់ឡើយ៕