ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិបានសម្រេចដាក់ចេញនូវផែនការចំនួនបីចំណុច ដើម្បីបង្ក្រាបករណីលួច ឆក់ នៅទូទាំងប្រទេស ខណៈដែលបទល្មើសមួយនេះ នៅតែមានការកើនឡើងបើទោះបីជាសមត្ថកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបយ៉ាងណាក៏ដោយ។
តាមគេហទំព័រអគ្គស្នងការនគរបាលជាតិ លោកគៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ករណីឆក់នេះ សមត្ថកិច្ចធ្វើការបង្ក្រាបបានជាង៨០ភាគរយ ក្នុងចំណោម១០០ភាគរយ ប៉ុន្កែបទល្មើសមួយនេះ គឺនៅតែកើតមានដដែល។
លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា “ ផែនការបីចំណុចនេះរួមមាន៖ ផែនការបង្ការ, ផែនការឆ្លើយតប និងផែនការជំនាញ”។
អគ្គស្នងការរងរូបនេះ បានបន្តថា បទល្មើសឆក់នេះ គឺវាមានគ្រោះថ្នាក់ណាស់ បើទោះបីជាមិនមែនជារឿងឃាតកម្មយ៉ាងណាក៏ដោយ ហើយមួយវិញទៀតវាក៏ធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាផងដែរ ប្រសិនបើករណីមួយនេះ បានកើតឡើងចំពោះជនបរទេសនោះ។
លោកបន្ថែមទៀតថា សមត្ថកិច្ចក៏បានដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕