អង្គការសហប្រជាជាតិបាននិយាយថាប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាប្រហែល២សែន៧ម៉ឺនាក់ភៀសខ្លួនស្វែងរកទីជំរកនៅក្នុងប្រទេសបង់ក្លាដេស ចាប់តាំងពីមានអំពើហិង្សាផ្ទុះឡើងនៅក្នុងប្រទេសភូមាកាលពីពីរសប្តាហ៍មុន។នេះបើតាមបណ្តាញផ្សាយព័ត៌មាន BBC។
តាមបណ្តាញផ្សាយព័ត៌មានBBC អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា ចំនួនជនភៀសខ្លួនបានហក់ឡើងពី១៦៤០០០នាក់ រហូតដល់២សែន៧ម៉ឺននាក់ ដោយសារគេរកឃើញជនភៀសខ្លួនថ្មីបន្ថែមទៀត។
លោកស្រីអ្នកនាំពាក្យរូបនេះ បានសម្តែងការព្រួយបារម្ភអំពីចំនួនជនភៀសខ្លួនហកឡើងនេះ ដោយលោកស្រីទទូចឲ្យមានការដោះស្រាយស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាជាបន្ទាន់។
អ្នករត់ភៀសខ្លួននិយាយថាយោធាមីយ៉ាន់ម៉ា ឬភូមាបាន ដុតបំផ្លាញភូមិ និងវាយប្រហារមកលើពួកគេ។
អំពើហិង្សានេះបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហាកន្លងមក នៅពេលពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាបានវាយប្រហារប៉ុស្តិ៍ប៉ូលិសនៅក្នុងរដ្ឋរ៉ាឃីនភាគខាងជើងមីយ៉ាន់ម៉ា។
អ្នកស្រុករ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិច ភាគច្រើនជាជនជាតិម៉ូស្លីម ដែលរស់នៅក្នុង ប្រទេសភាគច្រើនគោរពពុទ្ធសាសនា និយាយថាពួកយោធានិងពួកពុទ្ធសាសនិករ៉ាឃីនបានឆ្លើយតបដោយយុទ្ធនាការឃោរឃៅប្រឆាំងនឹងពួកគេ។ប្រទេសមីយ៉ាន់ម៉ាបានច្រានចោលចំណុចនេះដោយនិយាយថាយោធារបស់ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា៕ ប្រភព៖ BB