en     km
en     km

គេហទំព័រអប់រំប្រវត្តិសាស្រ្តខ្មែរក្រហម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

Share

ភ្នំពេញ៖ ដើម្បីយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមកាន់តែ ច្បាស់ថែមទៀត កាលពីព្រឹកថ្ងៃទី ០៨ ខែ កញ្ញា នេះ មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលសហការជាមួយនឹងអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ DW Akadaemie បានដាក់សម្ពោធគេហទំព័រអប់រំប្រវិត្តសាស្រ្ត ឲ្យប្រើប្រាស់ជាសារធារណៈដល់សិស្សានុសិស្ស យុវជន-យុវនារីកម្ពុជា។  

www.khmerrougehistory.org/ គឺជាគេហទំព័រថ្មីមួយនៅកម្ពុជាដែលនឹងជួយសិស្ស និស្សិត យុវជន-យុវនារីបានយល់ដឹងកាន់តែស៊ីជម្រៅ តាមរយៈឯកសារឌីជីថលដ៏សម្បូរបែបដំបូងគេនៅកម្ពុជា ដែលក្នុងនោះមានឯកសារជាវីឌីអូ សម្លេង និង រូបថត ដែលកម្រនឹងបានឃើញអំពី របបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងពិធីសម្ភោធនេះ លោក ផេង ពង្សរ៉ាស៊ី ប្រធានគម្រោងស្តីពីការអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឍមណ្ឌលឯកសារកម្ពុជា បានលើកឡើង ការបង្កើតគេហទំព័រនេះ គឺក្នុងគោលបំណងចង់ឲ្យយុវជនយុវនារីខ្មែរ យល់ដឹងពីប្រវត្តិសាស្រ្តដ៏ជូរចត់ខ្មៅងងឹត នៃប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៨០ ដោយផ្សារភ្ជាប់ជិវិតប្រចាំថ្ងៃ នឹង ប្រវត្តិសាស្រ្ត ជាជាងការចែកចាយសៀវភៅត្រូវការចំនាយច្រើន។

លោក ផេងពង្សរ៉ាស៊ី៖ «គោលបំណងនៃការបង្កើត វេបសាយនេះគឺ​ចង់ឲ្យសិស្សានុសិស្សរៀន ទី១គឺដើម្បីកាត់បន្ថយការចែក ចាយសៀវភៅប្រវត្តិសាស្រ្ត ព្រោះកន្លងមកយើងចែកចាយសៀវភៅប្រវត្តិសាស្រ្ត តាំងពី ឆ្នាំ ២០០៩ មក យើងចែកចាយសៀវភៅប្រវត្តិសាស្រ្តអស់ជាង កន្លះលានក្បាលហើយ ហើយដោយសារយើងមើលឃើញថាសង្គមបច្ជុបន្បគេប្រើប្រាស់ ហាយតិចណូឡូជី អញ្ជឹងការចែកចាយសៀវភៅនេះទី១ ចំនាយច្រើន ទី ២ ខ្ជះខ្ជាយពេលវេលា អញ្ជឹងយើងប្តូរទឹសដៅយុទ្ធសាស្រ្តដោយធ្វើការបង្កើតនូវវេបសាយនេះ»។

លោកបន្តថា ការដាក់ឲ្យប្រើប្រាស់គេហទំព័រនេះគឺចាប់ផ្តើមពីថ្ងៃនេះ ដោយក្នុងនោះនឹងមានបុគ្គលិក៣នាក់ ប្រចាំការដើម្បីធ្វើបច្ជុបន្បភាពនៅលើគេហទំព័រមួយនេះ។ លោកថា ការបង្កើតវេបសាយនេះ គឺមិនមែនបង្កើតចោលនោះទេគឺត្រូវដាក់បញ្ជូលព័ត៌មានផ្សេងៗ​ទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។ លោកក៏បានបញ្ជាក់ថា ដើម្បីចូលទៅកាន់គេហទំព័រនោះ លោកអ្នកអាចធ្វើការចូលទៅកាន់គេហទំព័រនេះតាមរយៈ អាស័យដ្ឋាន www.khmerrougehistory.org/ឬ ទំព័រហ្វេសបុកផ្លូវការរបស់គេហទំព័រនេះ គឺ GENOCIDE EDUCATION IN CAMBODIA។

គេហទំព័រនេះ ត្រូវបានបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឹម៉ង់ DW Akadaemie​។

បន្ថែមពីនេះ លោក ខែលជែម អ្នកប្រឹក្សាយោបល់ឲ្យអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឹម៉ង់ DW Akadaemie បានលើកឡើងថា មូលហេតុដែលយើងបង្កើតគេហទំព័រមួយនេះ គឺដើម្បីធ្វើការទ្រទ្រង់ បើកឱកាសឲ្យប្រជាពលរដ្ឋជាពិសេស សិស្សនិស្សិតដើម្បីឲ្យយល់កាន់តែច្បាស់នឹងស៊ីជម្រៅពីប្រវត្តិសាស្រ្តកម្ពុជានឹងលើកទឹកចិត្តឲ្យមានការកិច្ចសន្ទនា ពីមូលហេតុ ដែលរបបនេះប៉ះពាល់មកលើកម្ពុជា។

លោកក៏បានពន្យល់ ថាការរចនាគេហទំព័រនេះ គឺព្រោះតែបណ្តាញសង្គមនៅប្រទេសកម្ពុជាគឺជាកម្លាំងចលករខ្លាំងក្លា ក្នុងការជួយផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ។ លោក ខែល ជែម៖ «ដោយសារតែយុវជនខ្មែរយើងហើយក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនគឺប្រើតែនៅលើទូរស័ព្ទ អញ្ជឹងហើយវេបសាយនេះមិនមែនឌីសាញតែសម្រាប់កុំព្យូទ័រតែប៉ុណ្ណោះទេគឺទូរស័ព្ទផងដែរ »។

ជុំវិញនេះផងដែរ កញ្ញា ហៃ សុខបូរមី និស្សិតប្រព័ន្ធផ្សព្វផ្សាយនឹងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា កញ្ញាមានអារម្មណ៍សប្បាយរីករាយ នឹង ស្វាគមន៍ចំពោះសមិទ្ធិផលដែលពុំធ្លាប់មាននេះ។ កញ្ញាបានលើកឡើងថា គេហទំព័រនេះនឹងជួយជំរុញឲ្យ យុវជន យុវនារី បានស្គាល់ពីប្រវត្តិសាស្រ្តខ្លួនឯង ជាពិសេស ពិភពលោកនឹងបានកាន់តែយល់ច្បាស់ពីប្រវត្តិសាស្រ្តកម្ពុជា។

កញ្ញា ហៃ សុខបូរមី «ខ្ញុំយល់ថា ការបង្កើតវេបសាយនឹងគឺល្អ ព្រោះអីវាអាចផ្សព្វផ្សាយព័ត៌មានបានច្រើន ទាក់ទងនឹងរឿងខ្មែរក្រហមអីនឹងហា៎ និយាយទៅជនជាតិខ្មែរយើងត្រូវតែដឹង ព្រោះអីជនជាតិគេស្គាល់ពីខ្មែរយើងយោងទៅតាម២ចំនុច គឺប្រាសាទអង្គរវត្ត នឹង ខ្មែរក្រហមយើងនឹង​ដោយសារតែវាមានអ្នកស្លាប់ច្រើនជាងគេ»។

គេហទំព័រមួយនេះ ត្រូវបានបង្កើតឡើងចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៥ រហូតទើបតែដាក់ជាផ្លូវការឲ្យប្រើប្រាស់សារធារណៈនៅឆ្នាំ​២០១៧ នេះ។ គេហទំព័រនេះ ត្រូវបានបង្កើតឡើងក្រោមគម្រោងទឹកប្រាក់ប្រមាណ ២ ម៉ឺនដុល្លាសហរដ្ឋអាមេរិកនិងដោយការជួយជ្រោមជ្រែងពី អង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឹម៉ង់ DW Akadaemie តាមរយៈក្រសួងអភិវឌ្ឍន៍ និងសហប្រតិ បត្តិការណ៍សេដ្ឋកិច្ចអាល្លឺម៉ង់ និងការគាំទ្រពីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដោយមានកិច្ចសហប្រតិបត្តិការណ៍ពីក្រសួងអប់រំយុវជននឹងកីឡា៕

 

Share

Image
Image
Image