(ភ្នំពេញ)៖ រយៈពេល ៧ថ្ងៃមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងស្ថិតិប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតបញ្ជីបច្ចុប្បន្នថ្មី មានចំនួន ៤ម៉ឺន៣ពាន់៤រយ ៦១នាក់ ខណៈគជប ក៏បាន លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦មានចំនួន១៦២នាក់ដែល ពួកគេ ដូរទីលំនៅ។
ផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដី FM102 លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលកំពុងបំពេញបេសកកម្ម ធ្វើការ ឬសិក្សានៅក្រៅប្រទេសប្រញ៉ប់រួសរាន់ ត្រឡប់មកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលាតាមកាលបរិច្ឆេទដែលបានកំណត់ ទើបទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត NIFEC កាលពីថ្មីនេះ បានប្រាប់វិទ្យុស្ត្រីថា កាលដែលពលរដ្ឋទៅចុះបោះឆ្នោត ២០១៧ មានចំនួនតិចនេះ គឺ ជាការព្រួយបារម្ភមួយតែលោកថា គ.ជ.ប គួរធ្វើការផ្សព្វផ្សាយការចុះឈ្មោះបោះឆ្នោតដល់ពលរដ្ឋមានភាពទូលំទូលាយជាងនេះ។
គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួនជិត១៦លាននាក់ (១៥,៨៨៣,២៥០នាក់) ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩លាន ៧សែន ៨ម៉ឺន៨ពាន់២៣៩នាក់ (៩,៧៨៨,២៣៩នាក់)។ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ជាង៧លាន ៨ សែន នាក់ (៧,៨៦៥,០៣៣នាក់) និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១លាន៤សែន១ម៉ឺន២ពាន់ ១៤៩នាក់ (១,៤១ ២,១៤៩ នាក់)។
ដោយឡែក ពលករ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេងទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជាងមួយលាននាក់(១,០៥០,០០០នាក់) ក្នុងនោះនៅប្រទេសថៃមានចំនួនច្រើនជាងគេ៕