សាលារាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ផ្លូវមួយ ចំនួននៅក្នុងរាជធានីភ្នំពេញនឹងត្រូវបិទ ដើម្បីដង្ហែអដ្ឋិធាតុ សម្ដេចជា ស៊ីម។
យោងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៥ ខែកញ្ញា ២០១៥ បានឲ្យដឹង ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ -អន្ដរជាតិ នឹងរៀបចំពិធីដង្ហែអដ្ឋិធាតុសម្ដេច អគ្គ មហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទីសុក្រខាងមុខ ចាប់ពីម៉ោង ៧នាទីព្រឹក ។ សេចក្ដីជូនដំណឹងដដែលបញ្ជាក់បន្ដ ថា ពិធីដង្ហែអដ្ឋិធាតុនេះ ចាប់ផ្ដើមដង្ហែចេញពីភូមិគ្រឹះលេខ១២ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមបណ្ដោយមហាវិថីព្រះនរោត្ដម បន្ដតាមផ្លូវជាតិលេខ៦A រួចបត់ស្ដាំឆ្លងកាត់ស្ពានព្រែកតាមាក់ ឆ្ពោះទៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
សេចក្ដីជូនដំណឹងឲ្យដឹងបន្តថា សាលារាជធានីភ្នំពេញ នឹងបញ្ចៀស និងសម្រួលចរាចរណ៍តាមពេលវេលាខាងលើជាបណ្ដោះអាសន្ន នៅតាមបណ្ដោយផ្លូវមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដូចជា កំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្ដុបក្រសួងមហាផ្ទៃ រហូតដល់ស្ដុបព្រះអង្គឌួង ផ្លូវក្រមួន ស។ កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីស្ដុបBKC រហូតដល់មុខស្ថានទូតបារាំង ឆ្លងកាត់ស្ពាន ជ្រោយចង្វារ និងផ្លូវជាតិលេខ៦A ។
សូមជម្រាបថា សម្ដេចជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភាកម្ពុជាបានទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ៕