en     km
en     km

កម្ពុជានិងចិនពង្រឹងកិច្ចសហការកម្មសិទ្ធិបញ្ញានិងការកសាងម៉ាកពាណិជ្ជកម្មជាមួយគ្នា

Share

ភ្នំពេញ៖ តាមរយៈអនុស្សរណៈយោគយល់គ្នារវាងប្រទេសកម្ពុជា និងចិន បានធ្វើរួមគ្នា លើវិស័យពាណិជ្ជកម្មកាលពីថ្មីៗនេះ បង្ហាញថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហការលើវិស័យកម្មសិទ្ធិបញ្ញា និងការកសាងម៉ាកពាណិជ្ជកម្មជាមួយគ្នា ។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ការសម្រេចចិត្តចុះអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ា ហ្សិងគី (Ma Zhengqi) អនុរដ្ឋមន្ត្រីនៃរដ្ឋបាលជាតិឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ជាអធិបតី។

តាមរយៈអនុស្សរណៈនៅពេលនោះ  ប្រទេសទាំងពីរបានធ្វើការចែករំលែកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងកម្មសិទ្ធិបញ្ញា និងបានយល់ព្រមធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍នៅលើវិស័យកម្មសិទិ្ធបញ្ញា ព្រមទាំងពង្រឹងកិច្ចការពារម៉ាកពាណិជ្ជកម្មនៅពេលខាងមុខជាមួយគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈរវាងកម្ពុជានិងចិន មានគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែទូលំទូលាយ ដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ព្រមទាំងជំរុញការកសាងម៉ាកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងចិន។ បន្ថែមលើនេះ អនុស្សរណៈនេះក៏មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តកម្មសិទ្ធិបញ្ញា តាមរយៈការគាំពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលិតករឲ្យកាន់តែមានប្រសិទ្ធភាព៕

 

 

 

Share

Image
Image
Image