នាយកប្រតិបត្តិFacebook លោក មាក សាកខឺបឺត (Mark Zuckerberg) បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Facebook ថាក្រុមហ៊ុនរបស់លោកបានត្រៀមខ្លូនរួចជាស្រេចក្នុងការបង្កើត ប៊ូតង់ (Button) ថ្មីមួយទៀត គឺ មិនចូលចិត្ត(Dislike)។ ប៊ូតង់នេះកំពុងដាក់សាកល្បង ហើយរង់ចាំមើលថាវានឹងទៅជាយ៉ាងណា មុននឹងដាក់ឲ្យវាដំនើរ។
នាយកប្រតិបត្តិ ដែលជាជនជាតិអាមេរិកវ័យក្មេងរូបនេះបានបន្ថែមទៀតថា «ក្រុមហ៊ុន ហ្វេសប៊ុកធ្លាប់មានការស្ទាក់ស្ទើរចិត្តកាលពីដំបូង។ តែយល់ពីតំរូវការដែលថា មនុស្សត្រូវការបញ្ចេញមតិទៅលើព័ត៌មានណាមួយដែលខ្លួនមិនពេញចិត្ត ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គឺចង់ឲ្យមានកន្លែងចុច Button Dislike ព្រោះថាវាមិនសុទ្ធតែល្អ និងត្រឹមត្រូវទាំងអស់ទេលើការបង្ហោះឬ Post ទាំងនោះ។ ដូចនេះ នៅទីបំផុតក្រុមហ៊ុនក៏បានសម្រេចចិត្ត ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើត Button ថ្មីនេះឡើង»។
ថ្មីៗនេះ មហាសេដ្ឋីលោក ម៉ាក ត្រូវបានគេដាក់នាមជាបុគ្គលដ៏មានអំណាចនៅក្នុងវិស័យពាណិជ្ជកម្ម និងសារព័ត៌មាន។
លោកនិយាយថា វាជាឪកាសឲ្យគាត់ធ្វើឲ្យហ្វេសប៊ុកឲ្យកាន់តែទាន់សម័យជាងមុននិង ងាយស្រួលប្រើប្រាស់ដោយបច្ចេកវិជ្ជាដែល ហ្វេសប៊ុកអាចផ្តល់សេវាកម្មបច្ចេកវិជ្ជារបស់ខ្លួនដល់អ្នកប្រើប្រាស់។
នាខែនេះផងដែរ លោក ម៉ាក នឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារីនដា មូឌី Narenda Modi ដើម្បីពិភាក្សាលើប្រធានបទ «តើសហគមន៍អាចធ្វើការសហការគ្នាយ៉ាងដូចម្តេចដើម្បីលើកឡើងពីការទុក្ខលំបាកទាក់ទងនឹងសង្គម ព្រមទាំងក្នុងវិស័យសេដ្ឋកិច្ច?»
គួរបញ្ជាក់ថា ការជួបពិភាក្សានេះនឹងត្រូវចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកម៉ាក និង លោកនាយករដ្ឋមន្ត្រីឥណ្ឌាម៉ូឌី (Modi) ផងដែរ។
ប្រភព៖ CNN