en     km
en     km

រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញករណីលោកកឹម សុខា

Share

ភ្នំពេញ៖ រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញក្នុងសំណុំរឿងលោកកឹម សុខា នៅថ្ងៃទី១១ កញ្ញា ឆ្នំា២០១៧ខាងមុខនេះក្នុងគោលបំណងថាតើត្រូវផ្អាកសកម្មភាពរបស់តុលាការដែលកំពុងឃុំខ្លួនបណ្តោះអាសន្នលើលោក កឹម សុខា ឬយ៉ាងណា។ នេះបើតាមលោក ឈាង វុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃទី ០៧ កញ្ញា ឆ្នំា២០១៧។

បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររួចមក រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅព្រឹកថ្ងៃទី៧ កញ្ញានេះ។

កិច្ចប្រជុំអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសន្និដ្ឋានថារបាយការណ៍ជូនរដ្ឋសភារបស់សមត្ថកិច្ចពាក់ព័ន្ធនឹងករណីចាប់ខ្លួន ចោទប្រកាន់ ឃាត់ខ្លួន និងឃុំខ្លួន លោក កឹម សុខា ធ្វើបានត្រឹមត្រូវតាមបញ្ញាត្តិនៃមាត្រា៨០ នៃរដ្ឋធម្មនុញ។ការណ៍នេះរដ្ឋសភានឹងកោះប្រជុំវិសមាញនៅថ្ងៃទី១១ កញ្ញា ខាងមុខដើម្បីដោះស្រាយករណីលោកកឹម សុខា។

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកមិញនេះថាបន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំ   គណៈកម្មាធិការអចិន្រ្តៃយ៍រួចមក អង្គប្រជុំបានពិភាក្សា និងអនុម័ត ដាក់ករណីរឿងលោកកឹម សុខា ជូនទៅសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភាដែលនឹងត្រូវកោះប្រជុំនៅថ្ងៃទី១១ ខែកញ្ញា នាពេលខាងមុខនេះ។

លោក ឈាង វុន បន្តទៀតថាកិច្ចប្រជុំធ្វើទ្បើងក្នុងគោលបំណងដើម្បីថាតើរដ្ឋសភាត្រូវផ្អាកនីតិវិធីតុលាការពាក់ព័ន្ធលោកកឹម សុខា ដែរឬទេ? ហើយការផ្អាកឬមិនផ្អាកនោះគឺអាស្រ័យទៅលើខ្លឹមសារដែលតុលាការផ្ញើរជូនរដ្ឋសភាពពិនិត្យ។

លោក ឈាង វុន ៖«ការផ្អាកមិនផ្អាកអាស្រ័យទៅលើខ្លឹមសារដែលតុលាការផ្ញើរមកហើយនឹងខ្លឹមសារច្បាប់ដែលយើងមាននៅក្នុងដៃហើយបើចង់សុំឱ្យផ្អាកើតគឺសមាជិកសភាហ្នឹងគឺ៣/៤ បានផ្អាកកើតហើយ បើអត់បាន៣/៤ទេ ផ្អាកអត់កើតទេ តើអាផ្អាក៣/៤ ការបោះឆ្នោត៣/៤ នេះមានចែងក្នុងរដ្ឋធម្មនុញទេ អត់មានចែងទេ អីចឹងស្អីដែលមិនបានចែងក្នុងរដ្ឋធម្មនុញមានឃ្លាមួយក្នុងរដ្ឋធម្មនុញសរសេរថាបើអត់មានចែងទេគឺ៥០+១»។

ជុំវិញការលើកទ្បើងនេះវិទ្យុស្រ្តីមិនទាន់អាចសុំការឆ្លើយតបពីគណបក្សសង្គ្រោះជាតិបាននៅទ្បើយនោះទេនៅថ្ងៃនេះ។លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បទសន្ទិដ្ឋិភាពជាមួយបរទេស។

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៤៤៣ ចែងថា  បទសន្ទិដ្ឋិភាពជាមួយបរទេស ឬភ្នាកងារបរទេសគឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆំាងនឹងព្រះរាជាណា ចក្រកម្ពុជា។

បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នំា ទៅ៣០ឆ្នំា។ បច្ចុប្បន្នប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានឃុំខ្លួនៅពន្ធនាគារត្រពំាងថ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំដែនវៀតណាម៕

 

 

Share

ព័ត៌មានទាក់ទង

Image