ភ្នំពេញ៖ នៅលើពិភពលោកនេះ មានជិត ២០០ ប្រទេស ប៉ុន្តែ កម្រមានមេដឹកនាំណាមានឱកាសបានកាន់តំណែងជាប្រធានា ធិបតីជាព្រះមហាក្សត្រ ឬនាយករដ្ឋមន្ត្រី រាប់សិបឆ្នាំឡើយ។ តែយ៉ាងណា សម្រាប់សម្ដេចនាយករដ្ឋមន្ត្រីខ្មែរសម្ដេចហ៊ុនសែន អះអាងថា មានតែលោកទេ កម្ពុជាយូរជាងគេលើនេះ ។ នេះបើនិយាយពីអ្នកនយោបាយកម្ពុជា។ តែអ្នកសង្កេតការណ៍នយោ បាយមើលឃើញថា បុគ្គលណាកាន់អំណាចយូរគឺប្រទេសនោះមិនសូវមានយុត្តិធម៌ទេ។ កញ្ញា ឈុំ ចាន់រចនា រាយការណ៍ ៖
តាមគេហទំព័ រ Wikipedia មានមេដឹកនាំចំនួន ៤០រូប បានកាន់អំណាចដ៏យូរ គឺ រាប់ពី៣០ឆ្នាំ ឡើងទៅ៥០ឆ្នាំ។ តែជាងពាក់ កណ្ដាលនេះ ភាគច្រើនបានរបូតអំណាចដោយ ជំងឺ និងការបណ្ដេញពីអំណាចដោយ ប្រជាជនខ្លួន ឬ ដោយសារការធ្វើរដ្ឋប្រហារ។ តែបែបនេះក្ដី សម្រាប់រាជាណាចក្រកម្ពុជាមានតែអ្នកនយោបាយតែម្នាក់គត់ដែលកាន់តំណែងជានាយករដ្ឋមន្ត្រី យូរជាងគេ គឺ សម្ដេច ហ៊ុន សែន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក គឺជាមេដឹកនាំកាន់អំណាចយូរជាងគេលើពិភពលោក បើប្រៀបធៀបនឹងមេដឹកនាំមួយចំនួនទៀតដែលកាន់អំណាចយូរឆ្នាំដូចសម្ដេចផងដែរនោះ។ ប៉ុន្តែសម្រាប់កម្ពុជា សម្ដេច ថា មានតែរូបលោកមួយគត់។
សម្ដេច ហ៊ុន សែន៖ “សូមជនបរទេសទាំងឡាយកុំច្រណែននឹងខ្ញុំ នៅលើពិភពលោកនេះ ខ្ញុំបានធ្វើ នាយករដ្ឋមន្ត្រីយូរជាងគេនៅលើលោកនេះ…”
នេះជាសម្តីរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាជំនួបជាមួយកម្មករ-កម្មការនី នៅសួនឧស្សានហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញានេះ។
ក្នុងឱកាសសំណេះសំណាលនេះដែរ សម្ដេចបានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដោយបញ្ជាក់ថា លោក គឺជាមេដឹកនាំម្នាក់ដែលឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេ ហើយក៏កាន់អំណាចបានយូរជាងគេ ដែលសម្ដេចថា កម្រមានមេដឹកនាំ ណាធ្វើបានដូចសម្ដេចណាស់។
សម្ដេច ហ៊ុន សែន ត្រូវបានគេហទំព័រ Wikipedia ឲ្យគេដឹងថា ជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំទាំង៤០ ដែលកាន់អំណាចយូរជាងគេលើពិភពលោក។
សម្ដេចបានកាន់អំណាចបាន ៣២ឆ្នាំហើយ គិតចាប់តាំងពីពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ១៩៨៥មកម្ល៉េះ។ សម្ដេចហ៊ុនសែនបានឡើងកាន់តំណែងដំំបូង ដោយមិនមានការបោះឆ្នោតពីពលរដ្ឋ គឺ នៅឆ្នាំ១៩៨៥ ជំនួស លោក ចាន់ស៊ី ដែលទទួលមរភាព។ តែទាំងលោក ប៉ែន សុវណ្ណ លោក ចាន់ស៊ី និងសម្ដេច ហ៊ុន សែន ត្រូវបានចាត់តាំងដោយបក្សកុម្មុយ នីសកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលកាលណោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា ជារបបសង្គមនិយមមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយបក្សកុម្មុយនីសវៀតណាម។
សម្ដេច ហ៊ុន សែន បានធ្វើជានាយករដ្ឋន្ត្រីម្ដងទៀតនៅឆ្នាំ ១៩៩៣ តែកាលណោះជារដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊ុនស៊ិនប៉ិចដែលសម្ដេចក្រុមព្រះនរោត្ដមរណាឬទ្ធិ ជានាយករដ្ឋមន្ត្រីទី១ កើតចេញពីការបោះឆ្នោត ហើយសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។
នេះជាលើកដំបូងហើយដែលសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនអះអាងថាខ្លួនលោក គឺជាមេដឹកនាំកាន់អំណាចយូរជាងគេលើកពិភពលោក ខណៈអង្គការសិទ្ធិមនុស្សអន្តរជាតិ Human rights Watch និងអង្គការអន្តរជាតិជាច្រើនទៀតចាត់ទុកសម្ដេចហ៊ុន សែន ដឹកនាំប្រទេសទៅរករបបអត្តាធិបតេយ្យករណីគាបសង្កត់ទៅលើក្រុមសង្គមស៊ីវិល និងបក្សប្រឆាំង។
តែបែបនេះក្ដីអ្នកនាំពាក្យរដ្ឋាភិបាលតែងតែវាយបកអ្នករិះគន់សម្ដេចហើយចោទបកវិញថា ក្រុមអង្គការអន្តរជាតិនេះ មិន ស្គាល់តម្លៃនៃការដឹកនាំប្រទេសហើយ ថា កម្ពុជានៅតែរាជាណាចក្របើកចំហសេរីពហុបក្ស។
សម្រាប់លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សយល់ថា ការកាន់អំណាចយូររបស់ អ្នកនយោបាយណាក៏ដោយ គឺជារឿងមួយដែលមិនល្អឡើយក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា បើទោះបីជាប្រទេសកុម្មុយនីសក៏ដោយ ក៏គេមានការបោះឆ្នោតរើសមេដឹកនាំផ្សេងៗពីគ្នាផងដែរ ដោយសារតែក្នុងរយៈពេលកាន់អំណាចវែង មេដឹកនាំទាំង ឡាយអាចនឹងបង្កនូវកំហុសច្រើនទាំងចេតនាឬអចេតនា។
លោក មឿន តុលា៖ “នៅពេលដែលមានកំហុសច្រើន គឺធ្វើឲ្យមេដឹកនាំនោះ អាចនឹងធ្វើអ្វីៗដើម្បី ការពារអំណាចខ្លួនឯងមិនឲ្យបាត់បង់ ព្រោះខ្លាចពេលខ្លួនឯងបាត់បង់អំណាចទៅ អាចនឹង មានការកាត់ទោស អ៊ីចឹងហើយបើប្រទេសដែលជាប្រជាធិបតេយ្យពិតប្រាកដ គេមិនឲ្យ កាន់អំណាចយូរឡើយ។ ”
លោក មឿន តុលា ក៏បានបន្តទៀតថា មេដឹកនាំប្រទេសមួយចំនួនដែលកាន់អំណាចយូរទៅអាចឈានទៅការដឹកនាំបែបផ្ដាច់ការ ដែលមិនយូរប៉ុន្មានប្រជាពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មទម្លាក់មេដឹកនាំទាំងនោះ។
ងាកមករកសម្ដេច ហ៊ុន សែន វិញ សម្ដេចបានប្រាប់កម្មករ-កម្មការិនីថា មានតែគណបក្សប្រជាជន និងសម្ដេចទេដែលអាចរក្សាសន្តិភាពកម្ពុជាទៅមុខទៀត ខណៈសម្ដេចចង់ចូលនិវត្តន៍នៅអាណត្តិសភាទី ៨ ដែលមានន័យថា សម្ដេចត្រូវកាន់អំណាច ១០ឆ្នាំទៀត បើរាប់ពីឆ្នាំ២០១៨។ បើដូច្នេះមែន គឺ សម្ដេចនឹងបានកាន់អំណាចជានាយករដ្ឋមន្ត្រីរយៈពេល ៤៣ឆ្នាំ។
កម្ពុជានឹងមានការបោះឆ្នោតសភានីតិកាលទី៦ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ។
ការបោះឆ្នោតលើកនេះ គណបក្សធំ២ មានអាសនៈនៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជារបស់សម្ដេច ហ៊ុន សែន និង គណបក្សសង្រ្គោះជាតិដឹកនាំដោយ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជាប្រធានបក្សប្រឆាំងធំនេះត្រូវមើលឃើញថា ជាប៉ូលនយោបាយដ៏ខ្លាំងក្នុងការទាក់ទាញសន្លឹកឆ្នោតពីម្ចាស់ឆ្នោត៕